ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះនឹងបើកឱ្យបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្លងកាត់រយៈពេល៣ថ្ងៃ
AKP ភ្នំពេញ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥-- ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះនឹងបើកឱ្យបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ២៨ សីហា ២០២៥ លោកគ្រូ អ្នកគ្រូ និងមាតាបិតាសិស្ស ឆ្លងកាត់រយៈពេល៣ថ្ងៃ (២៧-២៩ សីហា ២០២៥) ដើម្បីផ្តល់ភាពងាយស្រួល និងសុវត្ថិភាពដល់ក្មួយៗបេក្ខជនប្រឡង។
កំណត់កាលបរិច្ឆេទសម្រាប់ការឆ្លងកាត់ដូចតទៅនេះ៖ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ បើកចាប់ពីម៉ោង១៣:០០ ដល់ម៉ោង១៧:០០ល្ងាច ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ បើកចាប់ពីម៉ោង០៥:៣០ ដល់ម៉ោង០៨:០០ព្រឹក និងបើកចាប់ពីម៉ោង១៧:០០ ដល់ម៉ោង១៨:៣០ល្ងាច ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ បើកចាប់ពីម៉ោង០៥:៣០ ដល់ម៉ោង០៨:០០ព្រឹក និងបើកចាប់ពីម៉ោង១៦:៣០ ដល់ម៉ោង ១៧:៣០ល្ងាច។ នេះបើតាមការឱ្យដឹងពីក្រសួងអប់រំ យុវជន និងកីឡា។
ចំពោះការបើកចរាចរណ៍ពិសេសសម្រាប់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនេះ អនុញ្ញាតសម្រាប់តែយានធុនស្រាលប៉ុណ្ណោះ រួមមាន ម៉ូតូ កង់ និងថ្មើរជើង៕

ដោយ៖ ចាន់ សុភឿន





