អាជ្ញាធរខេត្តកំពង់ឆ្នាំងចូលរួមកិច្ចប្រជុំផ្សព្វផ្សាយស៊ីជម្រៅលើស្លាកសញ្ញាចរាចរណ៍ផ្លូវគោកតាមរយៈវីដេអូ Zoom
AKP កំពង់ឆ្នាំង ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦--ឯកឧត្តម ឈិន សេងងួន អភិបាលរងខេត្តកំពង់ឆ្នាំង ចូលរួមកិច្ចប្រជុំផ្សព្វផ្សាយការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកតាមរយ:វីដេអូ Zoom នៅទីស្នាក់ការចរាចរណ៍ផ្លូវគោកខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លោក លោកស្រី មន្ត្រីនគរបាល និងពាក់ព័ន្ធជាច្រើននាក់ផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម ឈិន សេងងួន បានមានប្រសាសន៍ថា បងប្អូនប្រជាពលរដ្ឋយើងមួយចំនួន រួមទំាងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ នៅមិនទាន់មានការគោរពច្បាប់ចរាចរណ៍ បានត្រឹមត្រូវនៅឡើយទេ ដូចជា ការមិនពាក់មួកសុវត្ថិភាពក្នុងពេលបើកបរទោចក្រយានយន្ត ក្នុងពេលគ្រោះថ្នាក់ចរាចរណ៍បានបង្កឱ្យស្លាប់ និងរបួសជារៀងរាល់ឆ្នាំ។ អ្នកធ្វើដំណើរទំាងអស់ឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ជាពិសេសមន្ត្រីរាជការ និងកងកម្លំាងប្រដាប់អាវុធ ត្រូវធ្វើជាគំរូឈានមុនគេ ក្នុងការគោរពច្បាប់ចរាចរណ៍។ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងបានជំរុញឱ្យផ្លាស់ប្តូរឥរិយាបថ ដែលធ្លាប់តែមិនគោរពច្បាប់ ងាកមកខិតខំរួមគ្នាគោរពច្បាប់ឱ្យបានម៉ឺងម៉ាត់ ដើម្បីថែរក្សាអាយុជីវិតមនុស្ស ជាពិសេសអ្នកបើកបរម៉ូតូ ត្រូវពាក់មួកសុវត្ថិភាពឱ្យបានគ្រប់គ្នា ចំពោះអ្នកដែលជាទីស្រឡាញ់ និងជាបង្គោលក្នុងគ្រួសារ និងថែរក្សាសង្គមឱ្យមានសុវត្ថិភាព ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ និងអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនប្រកបដោយចីរភាព។

ទន្ទឹមនឹងនេះ ឯកឧត្តមបានបន្តថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ និងបន្តលើកកម្ពស់ធ្វើការផ្សព្វផ្សាយការយល់ដឹងស្តីពីការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ដើម្បី ការពារអាយុជីវិតខ្លួនឯង និង ជីវិតអ្នកដទៃ។ គឺដើម្បីបញ្ជាក់ជូនដល់អ្នកធ្វើដំណើរទាំងអស់ ដែលប្រើប្រាស់នូវមធ្យោបាយម៉ូតូឱ្យមានការចូលរួមកាន់តែច្រើនបន្ថែមទៀត ជាមួយយុទ្ធនាការរឹតបន្តឹងច្បាប់ចរាចរណ៍ និងពាក់មួកសុវត្ថិភាព ដែលថ្នាក់ជាតិបានខិតខំធ្វើយ៉ាងណា ក្នុងការចូលរួមកាត់បន្ថយការគ្រោះថ្នាក់ផ្សេងៗ ដោយការធ្វើដំណើរតាមម៉ូតូដោយមិនពាក់មួកសុវត្ថិភាព។

ថ្លែងក្នុងបរិបទនេះ ឯកឧត្តមអភិបាលរងបានបញ្ជាក់ទៀតថា ការធ្វើសួនសប្បនិមិ្មតសុវត្ថិភាពចរាចរណ៍គឺបង្ហាញដល់សាធារណៈជនឱ្យចូលរួមគឺដើម្បីពង្រឹងការយល់ដឹងអំពីច្បាប់ ការគោរពសិទ្ធិអាទិភាព បច្ចេកទេស និងក្រមសីលធម៌នៃការបើកបរ ដល់សិស្សានុសិស្ស និងសាធារណជនទូទៅ ក្នុងគោលបំណងធានាសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងការពារអាយុជីវិត។ ម្យ៉ាងទៀតយើងទាំងអស់ចូរួមគ្នាដាំដើមឈើតាមបណ្ដោយទ្រូងផ្លូវបានបង្ហាញការអភិវឌ្ឍទេសចរណ៍ធម្មជាតិដែលនិងជួយដល់ការថែរក្សាបរិស្ថានដែលនិងជួយដល់ធនធានធម្មជាតិលើកកម្ពស់ស្មារតីទទួលខុសត្រូវ បង្កើនការត្រួតពិនិត្យនិងកាត់បន្ថយការបំពុលបរិស្ថាន ដែលរួមមានសារធាតុប្រកបដោយគ្រោះថ្នាក់ផងដែរ៕
ដោយ បៃ ស៊ីថុន





