អាជ្ញាធរជាតិអប្សរាសម្រេចអនុញ្ញាតលើសំណើពលរដ្ឋ៣៨ករណីដែលសុំជួសជុលកែលម្អផ្ទះក្នុងតំបន់អង្គរ
AKP សៀមរាប ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥-- ក្រុមការងារសហគមន៍នាយកដ្ឋានគ្រប់គ្រង់ដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងនារសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ ថា រយៈពេល១សប្តាហ៍ទី២នៃខែសីហានេះ ក្រុមការងារសហគមន៍បានបន្តចុះពិនិត្យសំណើពលរដ្ឋនៅក្នុងរមណីយដ្ឋានអង្គរ បានចំនួន៤៨ករណី ហើយបានសម្រេចអនុញ្ញាតបានចំនួន៣៨ករណីហើយ។


មន្ត្រីដឹកនាំការងារនៃនាយកដ្ឋានគ្រប់គ្រង់ដីធ្លីនៃអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងរមណីយដ្ឋានអង្គរត្រូវទទួលបាននូវការយកចិត្តទុកដាក់អំពីសំណាក់អាជ្ញាធរជាតិអប្សរា ហើយសំណើដែលប្រជាពលរដ្ឋក្នុងតំបន់អង្គរស្នើសុំជួសជុលនោះជាសំណង់ឧបសម្ព័ន្ធ មាន របង ដំបូល ជញ្ជាំង សសរពុកផុយ បង្គន់អនាម័យ រោងគោ ទ្រុងមាន់ និងទ្រុងជ្រូកជាដើម។ ហើយក្នុងចំណោម៣៨ករណីដែលត្រូវបានអនុញ្ញាតនោះមាន២ករណីនៅក្នុងស្រុកបន្ទាយស្រី ២៥ករណីនៅក្នុងក្រុងសៀមរាប និង១១ករណីនៅក្នុងស្រុកអង្គរធំ៕


ដោយ ហង្ស សៀក





