អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា៖ សភាពការណ៍នៅតាមខ្សែបន្ទាត់ព្រំដែនក្នុងខេត្តព្រះវិហារ ឧត្តរមានជ័យ និងខេត្ដបន្ទាយមានជ័យមានសភាពស្ងប់ស្ងាត់ធម្មតា
AKP ភ្នំពេញ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥--
អ្នកនាំពាក្យក្រសួងការពារជាតិបានឱ្យដឹងថា គិតចាប់ពីម៉ោង៦៖០០នាទីព្រឹក ថ្ងៃទី១៩ ខែ សីហា ឆ្នាំ ២០២៥ មកដលល់វេលាម៉ោង ៣៖០០នាទីរសៀលនេះ សភាពការណ៍នៅតាមខ្សែបន្ទាត់ព្រំដែនយោធភូមិភាគទី៤ និង យោធភូមិភាគទី៥ ស្ថិតនៅក្នុងខេត្តព្រះវិហារ ឧត្តរមានជ័យ និងខេត្ដបន្ទាយមានជ័យមានសភាពស្ងប់ស្ងាត់ធម្មតា ។ នេះគឺជាការបញ្ជាក់របស់លោកជំទាវឧត្ដមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ ក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នារសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

លោកជំទាវឧត្ដមសេនីយ៍ឯក ម៉ាលី សុជាតា បានគូសបញ្ជាក់ថា កងកម្លាំងរបស់កម្ពុជាកំពុងស្ថិតនៅក្នុងការប្រយ័ត្នប្រយែងខ្ពស់ជានិច្ច និងបំពេញតួនាទីរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួនបំផុតក្នុងកិច្ចការពារអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា។ លោកជំទាវឧត្ដមសេនីយ៍ឯកលើកឡើងថា ក្រសួងការពារជាតិនៅតែធ្វើការបន្តអំពាវនាវឱ្យភាគីថៃដោះលែងកងកម្លាំងកម្ពុជាទាំង១៨រូប ដែលត្រូវបានកងទ័ពថៃចាប់ដោយខុសច្បាប់ឱ្យវិលត្រឡប់មកកម្ពុជាវិញ និងប្រាប់ឱ្យថៃគោរពច្បាប់អន្តរជាតិ។ លោកជំទាវឧត្ដមសេនីយ៍ឯក អ្នកនាំពាក្យក្រសួងការពារជាតិបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ភាគីថៃ ត្រូវអនុវត្តន៍តាមកិច្ចព្រមព្រៀង និងគោរពច្បាប់អន្តរជាតិ ដោយឱ្យប្រគល់មកឱ្យកម្ពុជាវិញនូវកងកម្លាំងរបស់យើងទាំង១៨រូបដើម្បីឱ្យពួកគាត់អាចវិលត្រឡប់មកជួបជុំគ្រួសារ របស់គាត់វិញដែលទន្ទឹងរង់ចាំ ទាំងថ្ងៃទាំងយប់»។
លោកជំទាវឧត្ដមសេនីយ៍ឯក ម៉ាលី សុជាតា បានបន្ថែមថា គិតរហូតមកដល់ពេលនេះកងទ័ពថៃដែលបានចាប់កងកម្លាំងកម្ពុជាដោយខុសច្បាប់ មានរយៈពេលជាង២០ថ្ងៃហើយ តែប្រទេសមួយនេះនៅតែមិនទាន់ព្រមប្រគល់មកឱ្យកម្ពុជាវិញស្របតាមច្បាប់អន្តរជាតិនៅឡើយទេ៕ដោយ៖ មករា





