លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងឯកឧត្តម ប្រគល់អំណោយជូនដល់កងទ័ពពិសេស
AKP ភ្នំពេញ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥-- លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងឯកឧត្តម ត្រាក់ ថៃសៀង នាព្រឹកថ្ងៃអង្គារ ទី១៩ ខែសីហា ឆ្នាំ២០២៥បានដឹកនាំគណៈប្រតិភូក្រសួងកិច្ចការនារី មន្ទីរកិច្ចការនារីរាជធានី-ខេត្ត និងសហគ្រិនស្ត្រីកម្ពុជា CWEA ប្រគល់អំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារជូនដល់កងទ័ពពិសេស នៅរាជធានីភ្នំពេញ ដើម្បីផ្តល់ជូនដល់កងទ័ពជួរមុខដែលកំពុងឈរជើងការពារនៅព្រំដែនកម្ពុជា-ថៃ ។

អំណោយដ៏ថ្លៃថ្លាដែលត្រូវបានប្រគល់ជូនកងទ័ពរួមមាន៖ អង្ករចំនួន១០តោន ទឹកពិសារបរិសុទ្ធ (1.5L) ចំនួន ២០០ កេស ក្រម៉ាចំនួន៤០០ អំបុកលីងសាច់ផាត់ចំនួន៥០០កញ្ចប់ ២០០គីឡូក្រាម សាច់ជ្រូកផាត់ និងត្រីផាត់ចំនួន៣៤គីឡូក្រាម ឆៃប៉ូវផ្អែមចំនួន២០០ គីឡូក្រាម និងថវិកាចំនួន៦លានរៀល។

នាឱកាសដ៏ថ្លៃថ្លានោះ លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្ត្រីបានផ្តាំផ្ញើការសួរសុខទុក្ខរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់វីរកងទ័ពកម្ពុជាដែលកំពុងឈរជើងការពារដែនអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជានៅតំបន់ជួរមុខនៃព្រំដែនកម្ពុជា-ថៃ។

លោកជំទាវកិត្តិបណ្ឌិតបានលើកឡើងថា អំណោយដែលបានរៀបចំសម្រាប់ប្រគល់ជូនដល់កងទ័ពពិសេសនាថ្ងៃនេះ គឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងការលើកទឹកចិត្ត និងសម្រាលបន្ទុកជីវភាពរបស់បងប្អូនកងទ័ពពិសេស ឱ្យបន្តបំពេញភារកិច្ចការពារជាតិមាតុភូមិនិងជាការបង្ហាញពីទឹកចិត្តសប្បុរសធម៌ ការរួបរួមជាតិ និងការយកចិត្តទុកដាក់ខ្ពស់របស់ស្ត្រីកម្ពុជា ជូនវីរកងទ័ព ដែលបានលះបង់កម្លាំងកាយចិត្តដើម្បីបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ។
ឯកឧត្តម ឧត្តមសេនីយ៍ត្រី មេបញ្ជាការរង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះលោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្ត្រី និងឯកឧត្តម រួមទាំងគណៈប្រតិភូ ដែលតែងតែគិតគូរ យកចិត្តទុកដាក់ និងជួយឧបត្ថម្ភដល់កងកម្លាំងពិសេស ដែលកាយវិការដ៏ប្រពៃនេះពិតជាបានបង្ហាញនូវឆន្ទៈរួបរួមជាតិរបស់ប្រជាជាតិកម្ពុជាក្នុងការគាំទ្រវីរកងទ័ពដែលកំពុងបំពេញភារកិច្ចយ៉ាងសកម្មក្នុងការការពារបូរណភាពដែនដីជូនជាតិមាតុភូមិ៕
ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងកិច្ចការនារី)





