សហគមន៍ឥណ្ឌូណេស៊ី នៅកម្ពុជា ប្រារព្ធពិធីខួបលើកទី៨០ នៃទិវាឯករាជ្យរបស់ប្រទេសឥណ្ឌូណេស៊ី
AKP ភ្នំពេញ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ – ពលរដ្ឋឥណ្ឌូណេស៊ីប្រមាណ ៤០០នាក់បានជួបជុំគ្នានៅស្ថានទូតឥណ្ឌូណេស៊ី នៅទីក្រុងភ្នំពេញ ក្នុងប្រទេសកម្ពុជា ដើម្បីចូលរួមគោរពទង់ជាតិ និងអបអរសាទរខួបលើកទី៨០ នៃទិវាឯករាជ្យរបស់ប្រទេសឥណ្ឌូណេស៊ី។ ការប្រារព្ធពិធីនេះ បានធ្វើឡើងនៅក្នុងស្ថានទូតឥណ្ឌូណេស៊ីប្រចាំកម្ពុជា កាលពីចុងសប្ដាហ៍កន្លងទៅនេះ។

បន្ទាប់ពីពិធីគោរពទង់ជាតិ អ្នកចូលរួមបានចូលរួមពិធី “Pesta Rakyat” ឬពិធីបុណ្យសហគមន៍របស់ស្ថានទូត ដែលត្រូវបានរំលេចឡើងដោយការកាត់ និងការផ្តល់ជូននូវ Tumpeng (បាយលឿងតំណាងឱ្យការដឹងគុណក្នុងឱកាសដ៏វិសេសវិសាល)។ ពិធីបុណ្យនេះ ក៏មានការសម្តែងតន្ត្រី និងវប្បធម៌ និងការលេងល្បែងប្រជាប្រិយ ក៏ដូចជាការបង្ហាញម្ហូវអាហាររបស់ឥណ្ឌូណេស៊ីផងដែរ។
ឯកឧត្ដមបណ្ឌិត សាន់តូ ដាម៉ូស៊ូម៉ាតូ (Santo Darmosumarto)ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីប្រចាំនៅព្រះរាជាណាចក្រកម្ពុជាបានសម្តែងការដឹងគុណយ៉ាងស្មោះស្ម័គ្រសម្រាប់ការអបអរសាទររបស់សហគមន៍ឥណ្ឌូណេស៊ីក្នុងការប្រារព្ធខួបលើកទី៨០ នៃទិវាឯករាជ្យជាតិឥណ្ឌូណេស៊ីនេះ។

ឯកឧត្ដមឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា៖ «ក្នុងនាមជាផ្នែកមួយនៃជនជាតិឥណ្ឌូណេស៊ីដែលរស់នៅក្រៅប្រទេស យើងដឹងពីស្មារតីនៃឯករាជ្យភាពតាមរយៈ សកម្មភាពជាក់ស្តែង ការខិតខំធ្វើការ ហើយសំខាន់បំផុតនោះ គឺការរក្សាឯកភាពជាតិយើងទោះជានៅទីណាក៏ដោយ»។
បើតាមឯកឧត្ដមឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ី ការប្រារព្ធទិវាឯករាជ្យជាតិ គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំមួយដែលសំខាន់បំផុតសម្រាប់ប្រជាជនឥណ្ឌូណេស៊ីដែលរស់នៅក្រៅប្រទេស ដោយសារវាផ្តល់ឱកាសក្នុងការភ្ជាប់ទំនាក់ទំនងឡើងវិញជាមួយប្រជាពលរដ្ឋនានា។ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍នៃការអបអរសាទរពិធីបុណ្យនាថ្ងៃនេះ ស្ថានទូតបានរៀបចំការលេងកីឡានានា ដូចជាការប្រកួតកីឡាវាយសី វាយកូនឃ្លីលើតុ និងល្បែងប្រពៃណីជាច្រើន ដែលជាឱសថស្វាគមន៍សម្រាប់ការនឹករលឹកដល់ស្រុកកំណើតក្នុងចំណោមប្រជាជនឥណ្ឌូណេស៊ីជាច្រើនដែលកំពុងរស់នៅក្នុងទីក្រុងភ្នំពេញ។

ឯកឧត្ដមបណ្ឌិត Santo Darmosumarto ក៏បានបន្តលើកទឹកចិត្តដល់សហគមន៍ឥណ្ឌូណេស៊ី ដើម្បីបន្តពង្រឹងទំនាក់ទំនងជាមួយម្ចាស់ផ្ទះកម្ពុជា ក៏ដូចជារួមចំណែកជាវិជ្ជមានឆ្ពោះទៅរកការរីកចម្រើននៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងឥណ្ឌូណេស៊ី។
សូមជម្រាបជូនថា ឯកឧត្ដម ឯកអគ្គរដ្ឋទូត សាន់តូ បានប្រគល់ពានរង្វាន់សមិទ្ធផលដល់អ្នកដែលបានចូលរួមចំណែកយ៉ាងទូលំទូលាយដល់សហគមន៍ឥណ្ឌូណេស៊ី និងបេសកកម្មការទូតរបស់ស្ថានទូត។ ពានរង្វាន់សហគមន៍ត្រូវបានប្រគល់ជូនលោកស្រី ម៉ីឡានី ម៉ាតារីយ៉ា (Meilani Martaria) ដែលបានបង្រៀនឧបករណ៍ភ្លេងប្រពៃណីឥណ្ឌូណេស៊ីដល់កុមារឥណ្ឌូណេស៊ី និងកម្ពុជាជាច្រើន នៅមជ្ឈមណ្ឌលវប្បធម៌ឥណ្ឌូណេស៊ី។ ពានរង្វាន់ផ្នែកបុគ្គលិកឆ្នើម បានទៅលើលោក ហេង ចន្ថា ដែលបានលះបង់ពេលវេលាជាងពីរទសវត្សរ៍សម្រាប់ការបម្រើការងារដល់ស្ថានទូត។
ជាមួយនឹងពិធីនេះដែរ ក៏មានការបរិច្ចាគឈាមផងដែរ ដែលរៀបចំឡើងដោយមានកិច្ចសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាមកម្ពុជា។ គំនិតផ្តួចផ្តើមនេះ មានគោលបំណងប្រមូលឈាមឱ្យបានចំនួន ៨០ថង់ ដើម្បីជាកិត្តិយសនៃខួបលើកទី៨០ នៃឯករាជ្យជាតិឥណ្ឌូណេស៊ី ហើយត្រូវបានបើកចំហសម្រាប់អ្នកទាំងអស់គ្នាគ្រប់ជាតិសាសន៍ ដែលជាការឆ្លុះបញ្ចាំងពីស្មារតីឯករាជ្យតាមរយៈការយកចិត្តទុកដាក់ និងការចែករំលែក។
យោងតាមរបាយការណ៍របស់ស្ថានទូតឥណ្ឌូណេស៊ីប្រចាំកម្ពុជាបានឱ្យដឹងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ សហគមន៍ឥណ្ឌូណេស៊ីនៅកម្ពុជាបានរីកចម្រើនយ៉ាងឆាប់រហ័ស ដោយចំនួនប្រជាជនឥណ្ឌូណេស៊ីមានជាង ១៣១ ០០០ នាក់ នៅក្នុងឆ្នាំ០២៤។ ការកើនឡើងនៃប្រជាជនឥណ្ឌូណេស៊ីដែលរស់នៅក្នុងប្រទេសកម្ពុជាក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹងភាពជាដៃគូសេដ្ឋកិច្ចកាន់តែខ្លាំងជាពិសេសក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគផងដែរ៕
ដោយ៖ យា ចិន្ដាខន្ដី





