ក្រុមប្រឹក្សាខេត្តតាកែវរៀបចំបើកកិច្ចប្រជុំសាមញ្ញលើកទី២៤ អាណត្តិទី៤ ជាមួយរដ្ឋបាលខេត្ត
AKP តាកែវ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦--ក្រុមប្រឹក្សាខេត្តតាកែវបានរៀបចំបើកកិច្ចប្រជុំសាមញ្ញលើកទី២៤ អាណត្តិទី៤ ជាមួយរដ្ឋបាលខេត្តតាកែវ ក្រោមអធិបតីភាពឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្តតាកែវ លោក ស៊ុត ខុន អភិបាលរងនៃគណៈអភិបាលខេត្តតាកែវ តំណាងឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ ព្រមទាំងមានការចូលរួមពីសមាជិក សមាជិកាក្រុមប្រឹក្សាខេត្តតាកែវ អភិបាលរងខេត្តតាកែវ ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាល អភិបាលរងក្រុង-ស្រុក មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ នៅសាលប្រជុំធំរដ្ឋបាលខេត្តតាកែវ កាលពីថ្ងៃពុធ ទី០៦ ខែឧសភា ឆ្នាំ២០២៦។

ក្នុងកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តតាកែវក្នុងពេលនោះ សមាជិកក្រុមប្រឹក្សាខេត្តតាកែវបានស្នើឱ្យអាជ្ញាធរខេត្ត និងមន្ត្រីពាក់ព័ន្ធ យកចិត្តទុកដាក់ និងចុះពិនិត្យមើល ការសាងសង់រំលោភលើដីចំណីផ្លូវរបស់រដ្ឋ។ដើម្បីធានាបាននូវសុខសុវត្ថិភាពតាមដងផ្លូវ ពិសេសលើកកម្ពស់សោភ័ណភាព ឱ្យបានល្អប្រសើរបន្ថែមទៀត។

ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្តតាកែវ បានមានប្រសាសន៍បន្តថា កន្លងមកនេះសង្កេតឃើញថា នៅតាមដងផ្លូវទីប្រជុំជនពិសេសនៅតាមផ្សារ បងប្អូនអាជីវករប្រជាពលរដ្ឋ តែងតែដាក់លក់ដូរនិងសាងសង់សំណង់តូចធំ រំលោភលើដីចំណីផ្លូវរបស់រដ្ឋ ដែលបានហាមឃាត់។ករណីនេះសូមអាជ្ញាធរក្រុង-ស្រុក និងមន្ត្រីជំនាញគ្រប់លំដាប់ថ្នាក់ បង្កើនការចុះត្រួតពិនិត្យនិងអប់រំណែនាំដល់អាជីវករប្រជាពលរដ្ឋ។ធ្វើយ៉ាងណាកុំឱ្យសាងសង់សំណង់លើដីចំណីផ្លូវបន្តទៀត ដែលធ្វើឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈនិងសោភ័ណភាពតាមដងផ្លូវ។

ឆ្លើយតបទៅនឹងការលើកឡើងរបស់ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្តតាកែវ លោក ស៊ុត ខុន អភិបាលរងនៃគណៈអភិបាលខេត្តតាកែវ បានមានប្រសាសន៍ថា ពាក់ព័ន្ធនឹងបញ្ហាដីចំណីផ្លូងនេះ អាជ្ញាធរខេត្តតាកែវបាន និងកំពុងយកចិត្តទុកដាក់ និងបានដឹកនាំជំរុញដល់អាជ្ញាធរក្រុង-ស្រុក និងមន្ត្រីពាក់ព័ន្ធទាំងអស់ ចុះតាមដានត្រួតពិនិត្យជាប្រចាំ និងរៀបចំសណ្ដាប់ធ្នាប់នៅតាមផ្សារ ទីប្រជុំជននានា។ពិសេសតាមដងផ្លូវជាតិលេខ២លេខ៣និងផ្លូវខេត្តជាដើម មិនឱ្យមានការដាក់លក់ ឬសាងសង់សំណង់លើដីចំណីផ្លូវជាដាច់ខាត បើមានត្រូវឱ្យរុះរើចេញជាបន្ទាន់។
លោក ស៊ុត ខុន បានមានប្រសាសន៍បន្តថា បច្ចុប្បន្ននេះកំណាត់ផ្លូវជាតិលេខ២ ក៏ដូចជាផ្លូវមួយចំនួនក្នុងខេត្តតាកែវ កំពុងមានការកែលម្អ និងសាងសង់បន្ថែមជាបន្តបន្ទាប់ ដូច្នេះដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍគម្រោងនេះ អាជ្ញាធរខេត្តក៏បានណែនាំដល់អាជ្ញាធរក្រុង-ស្រុក ត្រូវរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវឱ្យបានល្អប្រសើរ។ ដោះស្រាយបញ្ហាការសាងសង់សំណង់ រំលោភលើដីចំណីផ្លូវរបស់រដ្ឋឱ្យបានឆាប់។ ដើម្បីធ្វើយ៉ាងណាលើកកម្ពស់សោភ័ណភាព តាមដងផ្លូវកាន់តែស្រស់ស្អាត និងកាត់បន្ថយការកកស្ទះក្នុងការធ្វើចរាចរណ៍ របស់បងប្អូនប្រជាពលរដ្ឋផងដែរ៕
ដោយ អ៊ុច សៀង





