អាជ្ញាធរសង្កាត់គោកចក ក្រុងសៀមរាប ផ្តល់អំណោយដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតជាង៤០គ្រួសារ
AKP សៀមរាប ថ្ងៃ១៩ ខែសីហា ឆ្នាំ២០២៥-- បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតរស់នៅក្នុងសង្កាត់គោកចក ក្រុងសៀមរាបចំនួន៤៤គ្រួសារ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥នេះ ទទួលបានអំណោយមនុស្សធម៌ជាគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ពីអាជ្ញាធរសង្កាត់គោកចក។

លោកស្រី ឈិន សាវី ចៅសង្កាត់គោកចក បានថ្លែងថា អំណោយសប្បុរសធម៌ជាគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ ដែលចែកជូនដល់បងប្អូនដែលមានជីវភាពខ្វះខាតនាពេលនេះ គឺជាការចូលរួមឧបត្ថម្ភពីសំណាក់សប្បុរសជននៃប្រទេសអូស្រ្តាលី រួមទាំងព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ញាតិធម្មោ ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក ដែលតែងតែចូលរួមឧបត្ថម្ភដល់រដ្ឋបាលសង្កាត់គោក ដើម្បីការងារមនុស្សធម៌គ្រប់ពេលផងដែរ។

លោកស្រីចៅសង្កាត់គោកចកក៏បានបន្តថា ការផ្ដល់អំណោយជូនបងប្អូនប្រជាពលរដ្ឋនាពេលនេះគឺជាទឹកចិត្តមនុស្សធម៌ និងជាការយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខ ចូលរួមរំលែកការលំបាករបស់បងប្អូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតនៅតាមមូលដា្ឋន ដែលកំពុងតែមានតម្រូវការចាំបាច់ក្នុងជីវភាពប្រចាំថ្ងៃ។

លោកស្រីក៏បានអំពាវនាវដល់សប្បុរសជន សូមបន្តផ្ដល់អំណោយជាមនុស្សធម៌បន្ថែមទៀត ក្នុងន័យចូលរួមជាមួយអាជ្ញាធរសង្កាត់ មានលទ្ធភាពផ្គត់ផ្គង់ និងចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតជីវភាព ព្រោះថាភាពទីទ័ល លំបាករមែងតែងតែកើតមានគ្រប់ទីកន្លែង មិនថាប្រទេសជឿនលឿន ឬកំពុងអភិវឌ្ឍឡើយ។

លោកស្រី ឈិន សាវី បាន ចំពោះអំណោយដែលបានផ្ដល់ជូននេះគឺបានពីការចូលរួមរបស់សប្បុរសជន ជួយចែករំលែកដល់បងប្អូនមានជីវភាពខ្វះខាត ជនមានពីការភាពដែលកំពុងជួបការលំបាកពិតប្រាកដនៅតាមបណ្ដាមូលដ្ឋានភូមិនីមួយៗ ក្នុងគោលដៅចូលរួមក្នុងការងារសង្គមជាមួយរាជរដ្ឋាភិបាល ជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋមានការខ្វះខាត៕

ដោយ ឃុត សៅ





