លោក មីន កុម្ភៈ អញ្ជើញបើកសិក្ខាសាលាស្តីពី «អត្ថប្រយោជន៍នៃការប្រើប្រាស់ស្លាកសញ្ញា ស្តង់ដារសម្រាប់ផលិតផល និងប្រព័ន្ធផលិតកម្ម»
AKP ព្រះសីហនុ ថ្ងៃ១៩ ខែសីហា ឆ្នាំ២០២៥-- លោក មីន កុម្ភៈ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញបើកសិក្ខាសាលាស្តីពី «អត្ថប្រយោជន៍នៃការប្រើប្រាស់ស្លាកសញ្ញា ស្តង់ដារសម្រាប់ផលិតផល និងប្រព័ន្ធផលិតកម្ម» នៅសណ្ឋាគារ ស៊ី ប្រ៊ីត ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ នាព្រឹកថ្ងៃអង្គារ ទី១៩ ខែសីហា ឆ្នាំ២០២៥ ដោយមានការចូលរួមពីពាណិជ្ជករ អាជីវករ និងវិស័យឯកជន។

លោក សៅ ហុក អនុប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ បានមានប្រសាសន៍ថា សិក្ខាសាលាបានផ្តល់នូវឱកាសល្អឱ្យអ្នកចូលរួមទទួលបាននូវចំណេះដឹងថ្មីៗពីការអភិវឌ្ឍទំនាក់ទំនងអាជីវកម្ម និងពង្រឹងសមត្ថភាពក្នុងការប្រើប្រាស់ស្របតាមស្តង់ដារ ដើម្បីបង្កើនប្រសិទ្ធភាព និងការប្រកួតប្រជែងការធ្វើអាជីវកម្មរបស់ខ្លួន សម្រាប់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ហើយសង្ឃឹមថា លោក លោកស្រីដែលជាពាណិជ្ជករ អាជីវករ និងវិស័យឯកជនចូលរួមផ្តល់នូវអត្ថប្រយោជន៍នៃការប្រើប្រាស់ស្លាកសញ្ញា និងស្តង់ដារសម្រាប់ការផលិត និងប្រព័ន្ធផលិតកម្មរបស់ខ្លួនកាន់តែមានគុណភាព ប្រសិទ្ធភាពខ្ពស់ ក្នុងការចូលរួមប្រកួតប្រជែងទៅនឹងផលិតផលដែលនាំចូលពីបរទេស។

លោក មីន កុម្ភៈ អភិបាលរងខេត្តព្រះសីហនុ បានមានប្រសាសន៍បើកសិក្ខាសាលា ស្តីពី «អត្ថប្រយោជន៍នៃការប្រើប្រាស់ស្លាកសញ្ញាស្តង់ដារសម្រាប់ផលិតផល និងប្រព័ន្ធផលិតកម្ម» ក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងឱ្យកានតែទូលំទូលាយពីអត្ថប្រយោជន៍នៃការប្រើប្រាស់ស្លាកសញ្ញា ស្តង់ដារលើផលិតផល និងប្រព័ន្ធផលិតកម្ម ដើម្បីបង្កើនទំនុកចិត្តពីអតិថិជន និងរក្សាបាននូវចីរភាពលើទីផ្សារសម្រាប់ម្ចាស់សហគ្រាសនានា ក្នុងបុព្វហេតុបន្តគំរូវីរភាពរបស់ថ្នាក់ដឹកនាំជំនាន់មុន និងមរតកនយោបាយដ៏ថ្លៃថ្លាបំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បច្ចុប្បន្នក្រោមការដឹកនាំប្រកបដោយឧត្តម គតិស្វាហាប់ ប៉ិនប្រសប់ និងការប្តេជ្ញាចិត្តយ៉ាងមោះមុតបំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញឱ្យអនុវត្តនូវកម្ម វិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១នៃរដ្ឋសភា ដោយបានបន្តកែ លម្អបរិយាកាសអំណោយផលដល់ការធ្វើធុរកិច្ច ការធ្វើពាណិជ្ជកម្ម និងការវិនិយោគតាម រយៈការសម្រួល និងការធ្វើសាមញ្ញកម្ម នីតិវិធីពាក់ព័ន្ធនានា ការធ្វើឌីជីថលភាវូបនីយកម្ម សម្រាប់ការផ្តល់សេវាសាធារណៈ និងកិច្ចការរដ្ឋបាល ការពង្រឹងសមត្ថភាពស្ថាប័ន និងការលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសម្របសម្រួលអន្តរក្រសួង ស្ថាប័ន ដែលជាមូលដ្ឋានគ្រឹះឈានឆ្ពោះទៅសម្រេចបានចក្ខុវិស័យជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោកអភិបាលរងខេត្តបានលើកទឹកចិត្តដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្ទីរ អង្គភាពពាក់ព័ន្ធក៏ដូចជាដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ និងវិស័យឯកជន បន្តកិច្ចសហការជាមួយភាគីពាក់ព័ន្ធ ដើម្បីជួយពង្រឹងផលិតកម្មខ្មែរអភិវឌ្ឍផលិតផលរបស់ខ្លួនឱ្យកាន់តែមានគុណភាពខ្ពស់សម្បូរបែបកាន់តែមានទំនុកចិត្តពីអ្នកប្រើប្រាស់ និងមានសក្តានុពលពាណិជ្ជកម្មទាំងលើទីផ្សារជាតិ និងអន្តរជាតិ។ ជាពិសេសសូមចូលរួមគាំទ្រ និងទិញផលិតផលខ្មែរយកទៅប្រើប្រាស់ប្រកបដោយស្មារតីជាតិនិយម និងបណ្តុះមនសិការ «ខ្មែរស្រឡាញ់ខ្មែរ ខ្មែរប្រើប្រាស់ផលិតផលខ្មែរ ជាមោទកភាពជាតិខ្មែរ» រួមចំណែកធ្វើឱ្យផលិតកម្មក្នុងស្រុកបន្តអត្ថិភាពសំដៅលើកកម្ពស់កិត្យានុភាពជាតិ និងភាពម្ចាស់ការ។ «បើយើងជាខ្មែរ មិនគាំទ្រផលិតផលខ្មែរ តើឱ្យអ្នក ណាមកគាំទ្រផលិតផលខ្មែរ»៕

ដោយ ងូ សុមុនី





