ក្រុមគ្រូពេទ្យមន្ទីរពេទ្យជ័យវរ្ម័នទី៧សង្ឃឹមថា ក្មេងដែលរបួសធ្ងន់ធ្ងរមកពីតំបន់ព្រំដែននឹងវះកាត់ដោយជោគជ័យ
AKP សៀមរាប ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥--ពិតជាគួរឱ្យអាណិតអាសូរជាពន់ពេកចំពោះកុមារា ធី គឹមសត់ អាយុ១០ឆ្នាំ រស់នៅភូមិតាមាន់ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដែលបានរងរបួសដោយសារគ្រាប់បែករបស់ទាហានថៃអំឡុងពេលឈ្លានពានចូលទឹកដីកម្ពុជានាចុងខែកក្កដា កន្លងទៅនេះ។ បច្ចុប្បន្នក្មេងនេះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ ក្រោមការយកចិត្តទុកដាក់ជាទីបំផុតពីក្រុមគ្រូពេទ្យ។

លោកសាស្ត្រាមហាបរិញ្ញា កែវ សុខា អនុប្រធានមន្ទីរពេទ្យជ័យវរ្ម័នទី៧ ស្ថិតនៅខេត្តសៀមរាប ទទួលបន្ទុកព្យាបាលក្មេងត្រូវគ្រាប់បែកនោះបានឱ្យដឹងថា បន្ទាប់ពីសង្រ្គោះបឋមរួចបញ្ជូនដល់មន្ទីរពេទ្យជ័យវរ្ម័នទី៧ ក្មេងនេះមានសភាពធ្ងន់ធ្ងរដោយសារបួសត្រគាកខាងឆ្វេង ហូរឈាមជោគ ស្លេកស្លាំងបាត់ស្មារតី។
ក្រុមគ្រូពេទ្យក៏បញ្ជូនចូលបន្ទប់វះកាត់បន្ទាន់ ពិនិត្យឃើញខ្លោចសាច់ដុំហើយទក់សាច់ដុំ ឆ្អឹងបាក់ខ្ទេច ក្រុមគ្រូពេទ្យបានកាត់សាច់ដុំខូចចេញ ដកយកអំបែងគ្រាប់ចេញ ចងឆ្អឹងឱ្យមានលំនឹង។ ក្រោយពីការសង្គ្រោះបានបន្ទាន់ប្រមាណ១៥នាទី ក្មេងនោះដឹងខ្លួនធម្មតាវិញ។ នេះបើតាមការបញ្ជាក់ពីលោកគ្រូពេទ្យ។

យ៉ាងណាក៏ដោយ លោកសាស្ត្រាមហាបរិញ្ញា កែវ សុខា អនុប្រធានមន្ទីរពេទ្យជ័យវរ្ម័នទី៧ បានបញ្ជាក់ថា «ចឹងដំណាក់កាលទី១របស់ខ្ញុំ ខ្ញុំធ្វើបានល្អ ហើយពីរសប្ដាហ៍ក្រោយរហូតមកដល់ឥឡូវនេះ ដំណាក់កាលពីរសប្ដាហ៍ក្រោយដែលខ្ញុំសម្អាតលើកទី១ ហ្នឹងគឺខ្ញុំចូលបន្ទប់វះកាត់ មានរយៈពេលបីដងទៀតហើយគឺស្អាត ទាំងសាច់ដុំ ទាំងឆ្អឹងស្អាត អ៊ីចឹងទេ នៅដំណាក់កាលទី២ គេហៅដំណាក់កាលទី២ ឬដំណាក់កាលបញ្ចប់ខ្ញុំនឹងតម្រៀបឆ្អឹងហ្នឹងឱ្យត្រង់ដូចដើមវិញ ឬហៅថា ជាធម្មជាតិវិញ ហើយខ្ញុំចាប់ដោយដែក មួលវីសដាក់ដែកឱ្យស្អាតទៅវិញ ចឹងខ្ញុំមានគម្រោងខ្ញុំ ខ្ញុំរាយការណ៍ជូនលោកនាយកបស់ខ្ញុំហើយគឺ ភ្លែន(គម្រោង)របស់យើងធ្វើនៅថ្ងៃសុក្រពេលព្រឹក ថ្ងៃសុក្រអាទិត្យហ្នឹង សប្ដាហ៍ហ្នឹង ខ្ញុំនឹងចាប់ផ្ដើមរៀបចំឆ្អឹងហ្នឹងវះឡើងវិញ ចាប់ដែកដាក់ឱ្យស្អាតដូចដើមមកវិញ ហ្នឹងជាដំណាក់កាលចុងក្រោយ ខ្ញុំគិតថា ឆ្អឹងនេះមានសភាពល្អច្រើន»។

លោកអនុប្រធានមន្ទីរពេទ្យជ័យវរ្ម័នទី៧ បានឱ្យដឹងទៀតថា តាមការពិនិត្យជាបន្តបន្ទាប់ឆ្អឹងនិងសាច់ដុំល្អឡើងវិញ៩០ភាគរយហើយ អាចកំណត់ថ្ងៃដាក់ដែកបានហើយ។ ដំណាក់កាលទី២នៃការផ្គុំឆ្អឹងដាក់ដែករួមនឹងមានផលវិបាក២យ៉ាងគឺ ផលវិបាកភ្លាមៗ និងផលវិបាកពេលខាងមុខទៀត។ ផលលំបាកភ្លាមៗអាចនឹងមានហូរឈាមតែជាបញ្ហាដែលខាងមន្ទីរពេទ្យអាចទប់ស្កាត់បាន។ ផលវិបាកនៃដំណាក់កាលបន្ទាប់គឺ ពេលដាក់ដែកអាចនឹងរលាកឆ្អឹង បញ្ហានេះ ក៏ខាងមន្ទីរពេទ្យជ័យវរ្ម័នទី៧ អាចជួយបានជោគជ័យដែរ។
ផលលំបាកយូរទៅមុខទៀត អាចនឹងមានបញ្ហាគាំងសន្លាក់បន្តិចបន្តួច តែបញ្ហានេះក៏ខាងមន្ទីរពេទ្យជ័យវរ្ម័នទី៧ អាចជួយបានជាមួយក្រុមធ្វើចលនាឱ្យក្មេង។
ជាមួយគ្នា អាណាព្យាបាលរបស់ កុមារា ធី គឹមសត់ បានថ្លែងអរគុណលោកគ្រូពេទ្យដែលបានជួយព្យាបាលកូនគាត់ដែលរងរបួសដោយការយកចិត្តទុកដាក់បំផុត៕
ដោយ៖ គង់ សិរីរ័ត្ន, រូបថត៖ សំ សាម៉ន





