ពិធីបើកសិក្ខាសាលាពិនិត្យលើការសិក្សាស្រាវជ្រាវរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងអង្គការ UNCTAD
AKP ភ្នំពេញ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥-- នៅសណ្ឋាគារ រ៉ាហ្វិល ឡឺ រ៉ូយ៉ាល់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នាព្រឹកថ្ងៃអង្គារ ទី០៥ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិនិត្យលើការសិក្សាស្រាវជ្រាវរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងអង្គការ UNCTAD ស្តីពី “ការត្រៀមខ្លួនចាកចេញពីចំណាត់ថ្នាក់ជាប្រទេសអភិវឌ្ឍន៍តិចតួចរបស់កម្ពុជាក្រោមចំណងជើងថា ការរៀបចំគោលនយោបាយពាណិជ្ជកម្មថ្មីសម្រាប់កម្ពុជាក្នុងអំឡុងពេល និងក្រោយការចាកចេញពីចំណាត់ថ្នាក់ជាប្រទេសអភិវឌ្ឍន៍តិចតួច៖ បញ្ហាប្រឈម និងកាលានុវត្តភាព” សហការរៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម និងធនាគារអភិវឌ្ឍន៍អាស៊ី និងមានការចូលរួមពីលោក Milan Thomas សេដ្ឋវិទូជាន់ខ្ពស់ប្រចាំកម្ពុជារបស់ ADB និងលោក Paul Akiwumi នាយកផ្នែកកិច្ចការអាហ្រ្វិក និងកិច្ចការប្រទេសអភិវឌ្ឍន៍តិចតួចនៃអង្គការ UNCTAD ព្រមទាំង ឯកឧត្តម លោកជំទាវ តំណាងក្រសួង-ស្ថាប័ន និងតំណាងដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនជាច្រើនរូបផងដែរ។

ក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្រ្តីបានថ្លែងថា ការសិក្សាស្រាវជ្រាវនេះនឹងរួមចំណែកផ្តល់ជាធាតុចូលក្នុងការរៀបចំក្របខណ្ឌគោលនយោបាយពាណិជ្ជកម្មកម្ពុជាឆ្ពោះទៅឆ្នាំ២០៣០ និងជួយដល់ការរៀបចំរបៀបវារៈអភិវឌ្ឍន៍ពាណិជ្ជកម្មរបស់កម្ពុជាដើម្បីចាកចេញពីចំណាត់ថ្នាក់ជាប្រទេសអភិវឌ្ឍន៍តិចតួចដោយរលូន។

ទន្ទឹមនឹងនេះ លោកជំទាវរដ្ឋមន្រ្តីបានបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម បាន និងកំពុងរៀបចំគោលនយោបាយពាណិជ្ជកម្មឆ្លើយតបទៅនឹងបញ្ហាប្រឈមនៃការបាត់បង់បណ្តើរៗនូវការអនុគ្រោះផ្នែកពាណិជ្ជកម្ម ភាពបត់បែនផ្នែកច្បាប់ និងកម្មវិធីហិរញ្ញប្បទាន ដែលជាកត្តារួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជា។

ជាមួយគ្នានេះដែរ លោកជំទាវរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ការត្រៀមខ្លួនសម្រាប់ការចាកចេញពីចំណាត់ថ្នាក់ជាប្រទេសអភិវឌ្ឍន៍តិចតួច តម្រូវឱ្យមានការកែទម្រង់ច្បាប់ និងស្ថាប័ន ការជំរុញសមត្ថភាពផលិត និងការសម្របសម្រួលពិពិធកម្មការនាំចេញ និងការបន្តធ្វើសមារណកម្មពាណិជ្ជកម្មឱ្យកាន់តែស៊ីជម្រៅទៅក្នុងសេដ្ឋកិច្ច និងពាណិជ្ជកម្មតំបន់ និងពិភពលោកផងដែរ៕
ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងពាណិជ្ជកម្ម)





