ឯកឧត្តម គួច ចំរើន ចុះពិនិត្យបច្ចេកទេសគម្រោងដាក់លូ រំដោះទឹកភ្លៀង និងគម្រោងប្រព័ន្ធចម្រោះទឹកកខ្វក់ ក្រុងតាខ្មៅ
AKP កណ្ដាល ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥-- ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានអញ្ជើញចុះត្រួតពិនិត្យបច្ចេកទេសគម្រោងដាក់លូ រំដោះទឹកភ្លៀង និងគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ ក្រុងតាខ្មៅ នៅតាមបណ្តោយផ្លូវលេខ១០៨ រហូតដល់ផ្លូវលេខ២១A នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥ ដោយបានផ្តល់អនុសាសន៍មួយចំនួន ដើម្បីពន្លឿនគម្រោងទាំងអស់ ឱ្យឆាប់បានបញ្ចប់ការងារសាងសង់ឆាប់រហ័ស ទាន់ពេលវេលា។

ឯកឧត្តម គួច ចំរើន បានឱ្យដឹងថា ជារៀងរាល់ឆ្នាំក្នុងតំបន់នេះ នារដូវវស្សាម្ដងៗ តែងតែរងនូវការជន់លិចដោយជំនន់ទឹកភ្លៀង ដែលធ្វើឱ្យប្រជាពលរដ្ឋនៅតំបន់នេះជួបការលំបាកក្នុងការធ្វើដំណើរ ខូចខាតសម្ភារពេលទឹកជន់លិច ពេលដែលមានភ្លៀងខ្លាំងម្ដងៗ ដូច្នេះក្រុមការងារបច្ចេកទេសដែលកំពុងអនុវត្តគម្រោង ក្នុងការសាងសង់ប្រព័ន្ធរំដោះទឹកភ្លៀង សូមពន្លឿនការសាងសង់ឱ្យបានលឿននឹងត្រូវបញ្ចប់គម្រោងមុនរដូវភ្លៀងធ្លាក់ខាងមុខនេះ ប្រកបដោយស្តង់ដារបច្ចេកទេស ដើម្បីធានាឱ្យប្រព័ន្ធលូរំដោះទឹកនេះ បានរំដោះទឹកភ្លៀងបញ្ចៀសការជន់លិច កាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋនៅតំបន់នេះផងដែរ។


ឯកឧត្តមអភិបាលខេត្តបានលើកឡើងទៀតថា សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់នេះ ក៏ដូចជាប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ ក្នុងអំឡុងពេលអនុវត្តគម្រោងសូមមេត្តាយោគយល់អធ្យាស្រ័យ ដែលធ្វើឱ្យប៉ះពាល់ដល់ការធ្វើដំណើរ បង្ការការរំខានដល់ការរស់នៅ ប៉ុន្តែពេលគម្រោងនេះអនុវត្តរួចរាល់ តំបន់នេះអាចនឹងចៀសផុតការជន់លិចដោយទឹកភ្លៀង ដែលតែងតែលិចជារៀងរាល់ឆ្នាំ៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





