ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ ចុះអប់រំផ្សព្វផ្សាយការយល់ដឹងអំពីគ្រាប់បែកចង្កោម និងយុទ្ធភណ្ឌគ្រឿងផ្ទុះ ដល់ប្រជាពលរដ្ឋភៀសសឹក នៅទីតាំងសុវត្ថិភាព ខេត្តព្រះវិហារ
AKP ព្រះវិហារ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥-- ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១អាជ្ញាធរមីន បានដឹកនាំមន្ដ្រីជំនាញ ចុះអប់រំផ្សព្វផ្សាយការយល់ដឹងអំពីគ្រាប់បែកចង្កោម និងយុទ្ធភណ្ឌគ្រឿងផ្ទុះដល់ប្រជាពលរដ្ឋភៀសសឹកដែលកំពុងស្នាក់នៅទីតាំងសុវត្ថិភាព ក្នុងខេត្តព្រះវិហារ ដោយមានការចូលរួមពីអាជ្ញាធរដែនដី កាកបាទក្រហមកម្ពុជា ប្រតិបត្តិករសកម្មភាពមីន និងភាគីពាក់ព័ន្ធដទៃទៀត កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥។

ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងថា ការអប់រំអំពីហានិភ័យនៃអាវុធជាតិផ្ទុះ គឺមិនមែនត្រឹមតែជាការបង្រៀនមេរៀននោះទេ តែគឺជាការការពារអាយុជីវិត ការផ្តល់ចំណេះដឹងដើម្បីការពារអាយុជីវិតពុកម៉ែ បងប្អូន និងកូនចៅតូចៗរបស់យើង។ សំណល់ជាតិផ្ទុះពីសង្គ្រាមពិតជាគ្រោះថ្នាក់ខ្លាំង ហើយនៅពាសពេញស្រែចម្ការ ព្រៃភ្នំ និងតាមច្រាំងទន្លេ ប៉ុន្តែប្រសិនបើពុកម៉ែ បងប្អូន កូនក្មួយ ស្គាល់គ្រាប់ទាំងនេះ អាចចៀសចេញពីវា ហើយចេះរាយការណ៍អំពីវា នោះគ្រោះថ្នាក់ទាំងនេះ នឹងបាត់រសាត់អស់ជាមិនខាន ហើយអ្វីដែលបងប្អូនជនភៀសសឹកបានរៀនសូត្រ និងស្វែងយល់នៅថ្ងៃនេះនឹងអាចជួយសង្គ្រោះអាយុជីវិតមនុស្សជាទីស្រឡាញ់របស់ខ្លួន។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា ទាំងអស់គ្នាបានដឹងអំពីការលំបាករបស់បងប្អូនជនភៀសសឹក ដែលបានចាកចោលផ្ទះសម្បែង ភៀសខ្លួនចេញពីគ្រាប់រំសេវ ដឹកកូនចៅ តាយាយចាស់ជរា និងទ្រព្យសម្បត្តិបន្តិចបន្តួច ដែលអាចយកតាមខ្លួនបាន ហើយនៅពេលស្ថានភាពបានធូរស្រាល បង ប្អូនជនភៀសសឹកនឹងអាចត្រឡប់ទៅផ្ទះសម្បែងខ្លួនវិញ ប៉ុន្តែត្រូវចងចាំថា គ្រោះថ្នាក់ដែលបន្សល់ទុកដោយសង្គ្រាមនេះ គឺនៅមិនទាន់បញ្ចប់នៅឡើយទេ គឺគ្រាប់មីន គ្រាប់មិនទាន់ផ្ទុះនៅក្នុងដី។

ឯកឧត្តមបានបន្ដថា ទោះបីបាត់បង់អ្វីៗជាច្រើន ប៉ុន្តែមិនត្រូវបាត់បងសិទ្ធិរស់នៅដោយសុវត្ថិភាព សិទ្ធិរស់នៅដោយ សន្តិភាព និងសិទ្ធិវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញ ដោយគ្មានការភ័យខ្លាចនោះទេ។ យើងអាចចាប់ផ្តើមជីវិតរបស់យើងជាថ្មី យើងអាចសាងសង់ផ្ទះរបស់យើងឡើងវិញ ប៉ុន្តែដំបូងបង្អស់ យើងត្រូវចាប់ផ្តើមយល់ដឹងអំពីអាវុធជាតិផ្ទុះទាំងនេះ ហើយសំខាន់បំផុតគឺចាប់ផ្តើមពីពុកម៉ែ បងប្អូន កូនក្មួយនៅទីនេះ។

ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានសម្តែងការនឹករំលឹកដល់វីរកងទ័ពដ៏មោះមុត ដែលកំពុងឈរនៅសមរភូមិជួរមុខ ស៊ូទ្រាំរងការវាយប្រហារ ដើម្បីការពារយើងទាំងអស់គ្នា ការពារទឹកដីជាទីស្រឡាញ់របស់យើង ការពារផ្ទះសម្បែងរបស់យើង និងការពារអនាគតរបស់យើងទាំងអស់គ្នា។ វីរកងទ័ពរបស់យើងអាចរងគ្រោះថ្នាក់អាចបាត់បង់ជីវិត តែវីរកងទ័ពរបស់យើងនៅតែរក្សាបានមោទនភាពជាតិ កិត្តិយស និងមិនចុះចាញ់ជាដាច់ខាត។ កម្លាំងតស៊ូ និងការរួបរួម ដែលយើងទាំងអស់គ្នាបានឃើញនេះ គឺកើតចេញពីទស្សនវិស័យ ដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានដាក់ចេញ នូវគោលនយោបាយសន្តិភាព បញ្ចប់សង្គ្រាមស៊ីវិលជាច្រើនសតវត្សរ៍ និងបង្កើតបានអនាគតរុងរឿងមួយជូនដល់កម្ពុជាយើង។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅបន្តថែរក្សាកេរដំណែលសន្តិភាពនេះ និងបន្តដឹកនាំប្រកបដោយការប្តេជ្ញាចិត្តខ្ពស់ ក្តីមេត្តា និងធានាមិនបោះបង់ប្រជាជនខ្មែរណាម្នាក់ចោលឡើយ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា «សន្តិភាពមិនមែនបានមកដោយស្រួលនោះទេ សន្តិភាពត្រូវមានការការពារដោយភាពក្លានហាន និងប្រាជ្ញាវាងវៃ ហើយកម្ពុជាពិតជាមានភ័ព្វសំណាង ដែលមានលក្ខណៈសម្បត្តិសំខាន់ទាំងពីរនេះ»។
ឯកឧត្តមបានបន្ដថា បទឈប់បាញ់នេះគឺជាក្តីសង្ឃឹមរបស់យើងទាំងអស់គ្នា ហើយយើងត្រូវរក្សាវាឱ្យបានល្អ ហើយយើងនឹងកសាងឡើងវិញ តែត្រូវកសាងដោយយកចិត្តទុកដាក់ ប្រាជ្ញាវាងវៃ និងក្តីស្រលាញ់។ សម្រាប់សម្តេចតេជោ ហ៊ុនសែន សន្តិភាពគឺជាមូលដ្ឋានគ្រឹះនៃជីវិត ហើយការយល់ដឹងពីគ្រោះថ្នាក់ដោយសារមីនគឺជាចក្ខុវិស័យរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីធានាថាបងប្អូនជនភៀសសឹកនឹងត្រឡប់ទៅរស់នៅដោយសុខសន្តិភាពសារជាថ្មី៕
ដោយ សួស សំរិត





