លោក នូ ចំរើន៖ កីឡាករ កីឡាការិនីជិះកង់ ១២០នាក់មកពី៩ប្រទេស នឹងជិះកង់ពីភ្នំពេញទៅសៀមរាប ដើម្បីប្រមូលថវិកាជូនមន្ទីរពេទ្យកុមារអង្គរ
AKP ភ្នំពេញ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦--ព្រឹត្តិការណ៍ជិះកង់ដើម្បីទាំងអស់គ្នា លើកទី៣ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ជិះកង់ដើម្បីកុមារកម្ពុជាអបអរទិវាជិះកង់ពិភពលោក និងទិវាកុមារអន្តរជាតិ» គ្រោងនឹងចេញដំណើរនាព្រឹកថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២៦ ចម្ងាយ ៣១០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញឆ្ពោះទៅមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ដោយពេលនេះទទួលបានការចុះឈ្មោះជាផ្លូវការ ពីកីឡាករ កីឡាការិនីជាតិ-អន្តរជាតិ ១២០នាក់មកពី៩ប្រទេស។

នេះជាការគូសបញ្ជាក់របស់លោក នូ ចំរើន អគ្គលេខាធិការ សហព័ន្ធកីឡាទោច្រយានកម្ពុជា ថ្លែងប្រាប់ទីភ្នាក់ងារ សារព័ត៌មានកម្ពុជា AKP នៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦នេះ។ លោកអគ្គលេខាធិការសង្កត់ធ្ងន់ថា ៖«ពេលនេះយើងបានបិទបញ្ជីនៃការចុះឈ្មោះហើយ ដោយទទួលបានការចុះឈ្មោះពីកីឡាករ កីឡាការិនីជាតិ-អន្តរជាតិសរុប ១២០នាក់មកពី៩ប្រទេស ដូចជា ហ្វីលីពីន មីយ៉ាន់ម៉ា វៀតណាម ម៉ាឡេស៊ី បារាំង អង់គ្លេស រុស្សី ចិន និងកម្ពុជា។ ក្នុងកីឡាករ ឬកីឡាការិនីម្នាក់បានបង់ថ្លៃ ២៥ដុល្លារ ដូច្នេះ ១២០នាក់ ទទួលបាន ៣០០០ដុល្លារ ប៉ុន្តែថវិកានេះនឹងត្រូវចំណាយមួយចំនួនលើការចំណាយលើម្ហូបអាហារ ការជួលឡាន សម្ភារ និងសេវាមួយចំនួនទៀត ដោយថវិកាចុះឈ្មោះនេះ នៅសល់នឹងបរិច្ចាគទៅកាន់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប បូករួមនឹងថវិកាផ្សេងៗទៀត ដែលទទួលបានការជួយឧបត្ថម្ភគាំទ្រពីសប្បុរសជននានា ដែលពេលនេះទទួលបានជួយឧបត្ថម្ភជាថវិកាជាបន្តបន្ទាប់នៅឡើយ»។

លោក នូ ចំរើន បញ្ជាក់ជូនទៀតថា សម្រាប់ថវិកាឧត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរពីបណ្តាសប្បុរសជនមិនមានការដកយកទៅប្រើប្រាស់ផ្សេងទេ ដោយថវិកាពីសប្បុរសជនទទួលបានសរុបប៉ុន្មាននឹងយកទៅជូនមន្ទីរពេទ្យ សរុបទាំងអស់តែម្តង។ ថវិកាសប្បុរសធម៌នេះ សរុបអាចមានចន្លោះពី ២៥០០ទៅ ៣០០០ដុល្លារអាមេរិក សម្រាប់ផ្តល់ជូនដល់មន្ទីរពេទ្យកុមារអង្គរផ្ទាល់តែម្តង។ ជាមួយគ្នានេះ លោកអគ្គលេខាថិកាបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សប្បុរសជន ដែលមានបំណងចង់ចូលរួមឧបត្ថម្ភលើកទឹកចិត្តដល់ព្រឹត្តិការណ៍ជិះកង់ និងចង់រួមចំណែកជួយដល់មន្ទីរពេទ្យ ដែលកំពុងបន្តបេសកកម្មជួយសង្គ្រោះអាយុជីវិតកុមារកម្ពុជា គឺអាចចូលរួមតាមទឹកចិត្តបាន ទោះតិចក្តី ច្រើនក្តី តាមរយៈ QR របស់សហព័ន្ធ ឬអាចយកចូលរួមដោយផ្ទាល់បាន។

លោក នូ ចំរើន គូសបញ្ជាក់ថា ចំនួនអ្នកជិះកង់ ១២០នាក់នេះបានថយចុះពីឆ្នាំមុន ដែលមានចំនួនជាង ២០០នាក់ ប៉ុន្តែសម្រាប់អ្នកត្រៀមចូលរួមជិះកង់ ដោយមិនបានចុះអាចសរុបឡើងដល់ជាង៥០០នាក់ ដោយពួកគាត់ជិះកង់អមដំណើរ និងជូនដំណើរតាមផ្លូវកាត់ទីតាំងខេត្តរបស់គាត់។ ចំណែកខេត្តដែលមានអ្នកចូលរួមជិះកង់អមដំណើរច្រើនជាងគេ គឺសៀមរាប ហើយអាចកើនដល់៥០០នាក់ជារៀងរាល់ឆ្នាំ។
លោក នូ ចំរើន អគ្គលេខាធិការ សហព័ន្ធកីឡាទោចក្រយានកម្ពុជាបានគូសបញ្ជាក់ថា នេះជាការឆ្នាំទី៣ដែលសហព័ន្ធកីឡាទោចក្រយានកម្ពុជាបានរៀបចំព្រឹត្តិការណ៍ជិះកង់បែបនេះ ដើម្បីសប្បុរសធម៌ ដោយជិះកង់ពីភ្នំពេញទៅខេត្តសៀមរាប។ ចំពោះគោលបំណងចម្បងនៃការរៀបចំព្រឹត្តិការណ៍ជិះកង់ ដើម្បីទាំងអស់គ្នានេះត្រូវបានលោក នូ ចំរើន បានសង្កត់ធ្ងន់ថា ព្រឹត្តិការណ៍ជិះកង់នេះគឺធ្វើឡើងដើម្បីកៀរគរថវិកា សម្ភារជួយដល់មន្ទីរពេទ្យកុមារអង្គរ ព្រមទាំងបន្តបំផុសការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយជូនដល់កីឡាករ កីឡាការិនី និងមហាជនឱ្យចូលរួមលេងកីឡាជិះកង់ ដើម្បីសុខភាព មិត្តភាព សាមគ្គីភាពឱ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត។

តាមរយៈការរៀបចំនេះ សហព័ន្ធចង់ឱ្យក្រុមជិះកង់នៅខេត្តបានចូលរួមសហការគ្នា ក្នុងដំណើរជិះកង់កម្សាន្ត ដើម្បីគោលដៅសប្បុរសធម៌ទៅកាន់ខេត្តសៀមរាប ក៏ដូចជាគោលដៅរួមចំណែកដល់ការផ្សព្វផ្សាយវិស័យទេសចរណ៍នៅខេត្តសៀមរាបផងដែរ។ តំណាងសហព័ន្ធ លោក នូ ចំរើន ចាត់ទុកថា ព្រឹត្តិការណ៍ជិះកង់ដ៏ធំ ប្រចាំឆ្នាំនេះ គឺដើម្បីរួមចំណែកដល់កិច្ចការសប្បុរសធម៌ តាមរយៈការបង់ថវិកាសម្រាប់ការជិះកង់ ក៏ដូចជាលើកស្ទួយដល់វិស័យកីឡាទោចក្រយានកម្ពុជាឱ្យមានសកម្មភាពកាន់តែផុសផុលឡើងបន្ថែមទៀត។ ចំពោះមហាជន សប្បុរសជន ឬក្រុមហ៊ុននានា ដែលមិនមានបំណងចូលរួមជិះកង់ដោយផ្ទាល់ ក៏អាចចូលរួមឧបត្ថម្ភជាថវិកា និងសម្ភារបាន ក្នុងន័យជួយគាំទ្រដល់សកម្មភាពសប្បុរសធម៌ដើម្បីកុមារកម្ពុជា ដែលកំពុងខ្វះខាត៕
ដោយ ហេង ណាលីន





