អ្នកនាំពាក្យក្រសួងការពារជាតិ៖ ករណីកងកម្លាំងកម្ពុជាចំនួន២១រូប ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ភាគីថៃគឺកម្ពុជាទទួលបានសព១រូប និង២០រូបផ្សេងទៀត កំពុងបន្ដចរចាឱ្យថៃបញ្ជូនត្រឡប់មកវិញ
AKP ភ្នំពេញ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥--លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិបានគូសបញ្ជាក់ថា ករណីកងកម្លាំងកម្ពុជាចំនួន២១រូប ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ភាគីថៃ ដែលរហូតមកដល់ពេលនេះ កម្ពុជាទទួលបានសពចំនួន១រូប និង២០រូបផ្សេងទៀត កម្ពុជាកំពុងបន្ដចរចាឱ្យថៃបញ្ជូនត្រឡប់មកវិញ។ ការគូសបញ្ជាក់របស់លោកជំទាវឧត្ដមសេនីយ៍ឯកបែបនេះ ក្នុងការធ្វើសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នៅទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥។

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា មានប្រសាសន៍ថា អ្វីដែលជាគោលដៅសំខាន់បំផុតរបស់យើងគឺនៅតែបន្តការពារទឹកដី និងការពារអាយុជីវិតរបស់ប្រជាពលរដ្ឋរបស់យើង និងការពារសន្តិភាពដោយមិនអនុញ្ញាតឱ្យមានសង្គ្រាមកើតឡើងទៀតនោះទេដូចដែលអ្វីដែលយើងបាន និងកំពុងខិតខំប្រឹងប្រែងធ្វើនាពេលបច្ចុប្បន្ននេះ។ លោកជំទាវ ឧត្តមសេនីយ៍ឯកលើកឡើងថា៖ «ដូច្នេះសូមប្រជាពលរដ្ឋមេត្តាមានការជឿទុកចិត្តមកលើរាជរដ្ឋាភិបាល និងកងកម្លាំងរបស់យើងដែលកំពុងឈរជើងការពារទឹកដីយ៉ាងអង់អាចក្លាហាន ប្រកបដោយស្មារតីស្នេហាជាតិយ៉ាងជ្រាលជ្រៅបំផុត យើងនឹងបន្តចរចាឱ្យអស់លទ្ធភាពដើម្បីយកមកប្អូនទាំងអស់ត្រឡប់មកវិញឱ្យបានឆាប់បំផុត និងដោយសុវត្ថិភាព»។ លោកជំទាវ ឧត្តមសេនីយ៍ឯក អ្នកនាំពាក្យក្រសួងការពារជាតិបានបញ្ជាក់ផងដែរថា ក្នុងន័យនេះកម្ពុជាសូមអំពាវនាវដល់ភាគីថៃធ្វើយ៉ាងណាបញ្ជូនកងកម្លាំងកម្ពុជាទាំង២០រូប ត្រឡប់មកវិញឱ្យបានឆាប់ រួមទាំងកម្លាំងផ្សេងទៀត ប្រសិនបើមាននៅក្រោមការគ្រប់គ្រងរបស់ថៃ។
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងកងកម្លាំងរបស់យើងមានលំនឹងចិត្តថារាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទរបស់យើងមិនដែលបានលះបង់កងទ័ពរបស់យើងណាម្នាក់ឡើយទោះក្នុងកាលៈទេសៈណាក៏ដោយ ដោយគិតមកដល់ម៉ោងនេះរាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះ មានរដ្ឋមន្ត្រីក្រសួងការពាជាតិបានធ្វើការជាមួយរដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិថៃ ហើយអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទរបស់យើងក៏បានស្នើឱ្យអគ្គមេបញ្ជាការម៉ាឡេស៊ីជួយអន្តរាគមន៍ផងដែរ ខណៈដែលភូមិភាគជួរមុខក៏កំពុងព្យាយាមដោះស្រាយ។
ក្នុងឱកាសនោះ លោកជំទាវ ឧត្តមសេនីយ៍ឯក អ្នកនាំពាក្យក្រសួងការពារជាតិបានបញ្ជាក់បន្ថែមថា៖ «ដូច្នេះយើងសង្ឃឹមយ៉ាងមុតមាំថាបងប្អូនទាំងអស់នឹងវិលត្រឡប់មកវិញដោយសុវត្ថិភាព។ ក្នុងពេលជាមួយគ្នានេះយើងសូមអំពាវនាវដល់ភាគីថៃជួយមើលថែចំពោះបងប្អូនដែលនៅទីនោះឱ្យបានល្អ និងឆាប់បញ្ជូនពួកគេត្រឡប់មកវិញឱ្យ បានឆាប់ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ»៕
ដោយ៖ ចាន់ សុភឿន





