រដ្ឋមន្ត្រីការបរទេសហុងគ្រី៖ កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយរុស្ស៊ីផ្តល់អត្ថប្រយោជន៍ដល់ហុងគ្រី
AKP ភ្នំពេញ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ -- ទំនាក់ទំនងរវាងទីក្រុងម៉ូស្គូនិងទីក្រុងប៊ូដាប៉េស្ត មានភាពស្មោះត្រង់ និងផ្អែកលើការគោរពគ្នាទៅវិញទៅមក ហើយហុងគ្រីនឹងទទួលបានផលប្រយោជន៍ពីកិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ី។ នេះបើយោងតាមរដ្ឋមន្ត្រីការបរទេសហុងគ្រីលោក ភែតទ័រ ហ្ស៊ីជចាតូ (Peter Szijjarto) បានប្រាប់សារព័ត៌មាន RIA Novosti ។
លោក ហ្ស៊ីជចាតូ បាននិយាយថា «យើងមានទំនាក់ទំនងដ៏ស្មោះត្រង់បំផុត ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក។ វាច្បាស់ណាស់ថា កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយរុស្ស៊ីនេះនឹងផ្តល់អត្ថអត្ថប្រយោជន៍សម្រាប់ប្រទេសហុងគ្រី»។
លោកបាននិយាយថា បើគ្មានធនធានថាមពលរបស់រុស្ស៊ី ហុងគ្រីនឹងមិនអាចរក្សាតម្លៃប្រើប្រាស់ឱ្យនៅទាបបំផុតនៅអឺរ៉ុបសម្រាប់ប្រជាជនរបស់ខ្លួនបានទេ។
លោក ហ្ស៊ីជចាតូ ក៏បាននិយាយផងដែរថា «យើងបើកចំហរចំពោះគ្នាទៅវិញទៅមក ដូច្នេះយើងតែងតែពិភាក្សាគ្នាយ៉ាងស្មោះត្រង់»។
លោកបានបន្ថែមថា លោកមានទំនាក់ទំនងប្រកបដោយវិជ្ជាជីវៈជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ែរហ្គេយ ឡាវរ៉ូវ (Sergey Lavrov)ដោយលោកបាននិយាយថា ពួកគេតែងតែអាចពិគ្រោះជាមួយគ្នាទៅវិញទៅមក។
រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក ភែតទ័រ ហ្ស៊ីជចាតូ បានសង្កត់ធ្ងន់ថាប្រទេសហុងគ្រី គឺជាប្រទេសសមាជិកអង្គការណាតូតែមួយគត់ ដែលមិនបានប្រគល់សព្វាវុធដល់អ៊ុយក្រែន និងមិនបានផ្តល់ហិរញ្ញវត្ថុសម្រាប់ការចែកចាយបែបនេះ។
លោក ហ្ស៊ីជចាតូ បាននិយាយថា «ប្រទេសហុងគ្រី គឺជារដ្ឋសមាជិកអង្គការណាតូតែមួយគត់ដែលមិនដែលបានផ្តល់សព្វាវុធណាមួយដល់អ៊ុយក្រែន ហើយដែលមិនដែលបានរួមចំណែកផ្នែកហិរញ្ញវត្ថុដល់ការចែកចាយសព្វាវុធណាមួយឡើយ ហើយយើងពិតជាមិនមានចេតនាផ្លាស់ប្តូរគោលជំហររបស់យើងទេ»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ស្ពុតនីក)





