ក.វ.ឦសាន បើកកិច្ចប្រជុំផ្ទៃដើម្បីពង្រឹងយន្តការការងារជំរុញការវិនិយោគក្នុងខេត្តទាំង៤ នៅភូមិភាគឦសាន
AKP ភ្នំពេញ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦-- ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្ត្រី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន) បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងលេខាធិការដ្ឋានក្រុមការងារ ដើម្បីពង្រឹងយន្តការការងារ និង ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន កំណត់ទិសដៅអនុវត្តការងារបន្ត ក្នុងក្របខណ្ឌ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាន ឆ្នាំ ២០២៥-២០២៨» កាលពីថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០២៦ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានសង្កត់ធ្ងន់អំពីតួនាទីស្នូលរបស់លេខាធិការដ្ឋាន ជាអ្នកសម្របសម្រួល និង ពន្លឿននីតិវិធីជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ សំដៅធានាឱ្យបាននូវការផ្តល់កិច្ចសម្របសម្រួល និង ដោះស្រាយបញ្ហាប្រឈម ជូនវិនិយោគិន ប្រកបដោយប្រសិទ្ធភាព និង តម្លាភាព តាមរយៈយន្តការ «ច្រកចេញចូលតែមួយ» ។

ក្នុងន័យនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានក្រើនរំលឹកដល់លេខាធិការដ្ឋាន ឱ្យបន្តប្រកាន់ខ្ជាប់នូវស្មារតី «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ក្នុងការអនុវត្តការងារ សំដៅធានាឱ្យបាននូវតម្លាភាព និង ប្រសិទ្ធភាព ព្រមទាំងអាចឆ្លើយតបបានទាន់ពេលទៅនឹងតម្រូវការរបស់វិនិយោគិន និង ធុរជន ក្នុងគោលដៅជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចក្នុងខេត្តទាំងបួននៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែប្រសើរឡើង៕

ដោយ៖ ទូច វលក័្ខណ (ប្រភព៖ ក្រសួងសេដ្ឋកិច្ច)





