លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី ដឹកនាំគណៈប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ចូលជួបពិភាក្សាការងារជាមួយសមាជិកគណៈកម្មការសិទ្ធមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត និងអធិការកិច្ចនៃព្រឹទ្ធសភា
AKP ភ្នំពេញ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥--
លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី បានដឹកនាំគណៈប្រតិភូ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ចូលជួបពិភាក្សាការងារជាមួយសមាជិកគណៈកម្មការសិទ្ធមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត និងអធិការកិច្ចនៃព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម ងី ច័ន្រ្ទផល ប្រធានគណៈកម្មការទី១នៃព្រឹទ្ធសភា ដើម្បីរាយការណ៍នូវវឌ្ឍនភាពការងារ បញ្ហាប្រឈម និងវិធានការនានាក្នុងការលើកកម្ពស់សិទ្ធិ ឋានៈ តួនាទី និងសុខុមាលភាពស្រ្តីនៅកម្ពុជា ដោយមានសមាសភាពចូលរួមសរុប៣០រូប។

ឯកឧត្តម ងី ច័ន្រ្ទផល ប្រធានគណៈកម្មការទី១នៃព្រឹទ្ធសភា បានស្វាគមន៍ កោតសរសើរ និងបង្ហាញជូននូវព័ត៌មានអំពីសាវតា រចនាសម្ព័ន្ធ មុខងារសំខាន់ៗ របស់គណៈកម្មការនីមួយៗនៃព្រឹទ្ធសភា និងតួនាទីភារកិច្ច និងសកម្មភាពរបស់គណៈកម្មការសិទ្ធមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត និងអធិការកិច្ចទាំងនៅថ្នាក់ជាតិនិងថ្នាក់អន្តរជាតិ ក្នុងការបំពេញមុខងារនីតិកម្ម និងមុខងារតាមដានការអនុវត្តច្បាប់ និងមុខងារផ្តល់ពត៌មាន ដែលជាយន្តការរួមគ្នារវាងនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។

លោកជំទាវកិត្តិបណ្ឌិតបានថ្លែងអំណរគុណ និងសម្តែងនូវមោទនភាពដែលព្រឹទ្ធសភាបានអនុញ្ញាតឱ្យក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី បានចូលជួបពិភាក្សាជាលើកដំបូង និងបានបង្ហាញជូននូវវឌ្ឍនភាពការងារក្នុងការលើកកម្ពស់សិទ្ធិស្រ្តី និងកិច្ចសហការការងារ ដែលជាលទ្ធផលសម្រេចបានតាមវិស័យ តាមរយៈការអនុវត្តច្បាប់ គោលនយោបាយ និងអនុសញ្ញា ស្តីពីការលប់បំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនារីភេទ(CEDAW) និងអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងនោះ ក៏នៅមានវិស័យមួយចំនួនត្រូវបន្តកិច្ចពង្រឹង និងបង្កើនគុណភាពបន្ថែមទៀត។

លោកជំទាវកិត្តិបណ្ឌិតក៏បានបង្ហាញនូវយន្តការជំរុញការបញ្ជ្រាបយេនឌ័រតាមវិស័យទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងដំណាក់កាលទាំង៣នៃយុទ្ធសាស្រ្តបញ្រ្ជាបយេនឌ័រ ក្នុងនោះដំណាក់កាលទី១គឺបង្កើនការយល់ដឹងអំពីយេនឌ័រ ដំណាក់កាលទី២. ការឆ្លើយតបនិងបញ្ហាយេនឌ័រ និងដំណាក់កាលទី៣. ការធ្វើបរិវត្តកម្មយេនឌ័រ ដែលជាដំណាក់កាលដែលត្រូវផ្តោតលើសមិទ្ធកម្មឆ្លើយតបទៅនឹងថវិកាឆ្លើយតបយេនឌ័រ។
លោកជំទាវ ប៊ុនឈិត វាសនា បានធ្វើបទបង្ហាញអំពីប្រវត្តិរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី និងរចនាសម្ព័ន្ធចាប់តាំងពីឆ្នាំ២០០១ រហូតមកដល់បច្ចុប្បន្ន ហើយដែលរចនាសម្ព័ន្ធយន្តការនេះត្រូវបានពង្រីកសមាជិកភាព តួនាទី ភារកិច្ច ដូចមានចែងនៅក្នុងព្រះរាជក្រឹត្យស្តីពីការបង្កើតក្រុមប្រឹក្សាជាតិកម្ពុជាដើម្បស្រ្តី។

កិច្ចប្រជុំពិភាក្សានេះ គឺជាផ្នែកមួយនៃការបង្កើនកិច្ចសហការរវាងអង្គនីតិប្បញ្ញត្តិ និងអង្គនីតិប្រតិបត្តិនៃកម្ពុជាដើម្បីរួមគ្នាសម្រេចគោលដៅអភិវឌ្ឍន៍ជាតិ និងឈានឆ្ពោះទៅសម្រេចបាននូវកិច្ចអភិវឌ្ឍន៍ប្រកបដោយចីរភាព សមភាព និងសុខុដុមនីយកម្មក្នុងសង្គមកម្ពុជា៕
ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងកិច្ចការនារី)





