ពលរដ្ឋខ្វះខាត ២២០គ្រួសារ នៅស្រុកភ្នំស្រុក ទទួលបានស្បៀងបម្រុងដើម្បីសម្រាលជីវភាពគ្រួសារបានមួយរយៈ
AKP បន្ទាយមានជ័យ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៦--ក្នុងស្មារតី "ចែករំលែក និងយកចិត្តទុកដាក់" ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ អាជ្ញាធរខេត្តបន្ទាយមានជ័យ បានបន្តចុះជួយសម្រាលទុក្ខលំបាកដល់គ្រួសារដែលមានជីវភាពខ្វះខាតបំផុតចំនួន២២០គ្រួសារ នៅក្នុងមូលដ្ឋានស្រុកភ្នំស្រុក តាមរយៈការផ្ដល់អំណោយជាអង្ករដែលជាការឧបត្ថម្ភដ៏ថ្លៃថ្លារបស់ ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។

លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យតំណាងឯកឧត្តម អ៊ុ រាត្រី នាព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារ រួមមានអភិបាលរងស្រុក កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន និងសមាជិកសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) ស្រុក ចុះសំណេះសំណាល និងចែកស្បៀងជូនបងប្អូនប្រជាពលរដ្ឋដោយផ្ទាល់ដៃ នៅបរិវេណវត្តវិសេសមុនីសត្ថាវាទបូព៌ និងភូមិត្រពាំងថ្ម ស្រុកភ្នំស្រុក ។

ដើម្បីធានាថា ជំនួយនេះបានទៅដល់ដៃអ្នកដែលត្រូវការបំផុត ក្រុមការងារបានធ្វើការបែងចែកទៅតាមឃុំចំនួន ០៤ ក្នុងស្រុកភ្នំស្រុក រួមមាន៖ ឃុំស្រះជីក ចំនួន ៧០ គ្រួសារ,ឃុំភ្នំដី ចំនួន ៥០ គ្រួសារ,ឃុំពន្លៃ ចំនួន ៥០ គ្រួសារ,ឃុំប៉ោយចារ ចំនួន ៥០ គ្រួសារដោយក្នុងមួយគ្រួសារៗ ទទួលបានអង្ករចំនួន ២០ គីឡូក្រាម ដើម្បីជួយសម្រាលការហូបចុកបានមួយគ្រា។ 
ក្នុងឱកាសដ៏មានអត្ថន័យនោះ លោក ឃ្លោក នួយ បានមានប្រសាសន៍សង្កត់ធ្ងន់ថា«រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្ត មិនដែលបោះបង់បងប្អូនណាម្នាក់ឱ្យនៅឯកោឡើយ»។ លោកបានបញ្ជាក់ថា ការផ្ដល់ជំនួយនេះគឺជាការស្ដែងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ជានិច្ចចំពោះពលរដ្ឋនៅគ្រប់ទីកន្លែង ជាពិសេសអ្នកដែលកំពុងជួបប្រទះការខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃ។
ទន្ទឹមនឹងការផ្ដល់ស្បៀង លោកអភិបាលរងខេត្តក៏បានក្រើនរម្លឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យយកចិត្តទុកដាក់ខ្ពស់លើបញ្ហាសុខភាព ដោយត្រូវរស់នៅមានអនាម័យស្អាតជានិច្ច ដើម្បីបង្ការជំងឺដង្កាត់ផ្សេងៗ និងដើម្បីអាចបន្តប្រកបរបរចិញ្ចឹមជីវិតបានយ៉ាងរឹងមាំ។
សកម្មភាពសប្បុរសធម៌នាពេលនេះ មិនត្រឹមតែផ្ដល់នូវស្បៀងអាហារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបាននាំមកនូវភាពកក់ក្ដៅ និងក្ដីសង្ឃឹមដល់ពលរដ្ឋក្នុងស្រុកភ្នំស្រុក ដែលកំពុងជួបការលំបាកឱ្យដឹងថា អាជ្ញាធរតែងតែនៅក្បែរពួកគេគ្រប់កាលៈទេសៈ៕
ដោយ ឈុន សារ៉ាត





