កម្ពុជាបាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីការពារបូរណភាពទឹកដី ទាំងព្រំដែនគោក ទាំងព្រំដែនសមុទ្រ តាមមធ្យោបាយការទូត
AKP ភ្នំពេញ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៦–ដូចដែលបងប្អូនជនរួមជាតិបានជ្រាបស្រាប់ហើយ រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកម្ពុជាបាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីការពារបូរណភាពទឹកដី ទាំងព្រំដែនគោក ទាំងព្រំដែនសមុទ្រ តាមមធ្យោបាយការទូតដោយសន្តិវិធី និងដោយផ្អែកលើច្បាប់អន្តរជាតិក្នុងជម្លោះព្រំដែនជាមួយប្រទេសថៃ។ នេះជាការលើកឡើងរបស់ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល។
ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ឡើងវិញជូនបងប្អូនជនរួមជាតិជ្រាបអំពីជំហរសន្តិវិធី និងច្បាស់លាស់របស់កម្ពុជាដូចតទៅ៖
ទី១. ជំហរដោះស្រាយព្រំដែនសមុទ្រ៖
ជាថ្មីម្តងទៀត ថ្ងៃនេះកម្ពុជាសូមសម្តែងការសោកស្ដាយដែលគណៈរដ្ឋមន្ត្រីថៃកំពុងពិភាក្សា អំពីការសម្រេចដកខ្លួនដោយឯកតោភាគីចេញពីអនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជានិងថៃ ឬហៅកាត់ថា MoU-2001 ស្តីពីតំបន់ទាមទារដែនសមុទ្រត្រួតស៊ីគ្នាកម្ពុជា-ថៃ ខណៈដែលកម្ពុជាតែងតែផ្ដល់អាទិភាពទៅដល់យន្តការទ្វេភាគីស្របតាមអនុស្សរណៈនៃការយោគយល់គ្នាមួយនេះអស់រយៈពេលជាង២៥ឆ្នាំកន្លងមកហើយ។ អនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១នេះ បានដើរតួនាទីយ៉ាងសំខាន់សម្រាប់ភាគីទាំងពីរក្នុងការដោះ ស្រាយតំបន់ទាមទារដែនសមុទ្រត្រួតគ្នា និងបញ្ជាក់ឱ្យឃើញអំពីស្មារតីនៃកិច្ចការសហប្រតិបត្តិការ និងសុឆន្ទៈរវាងប្រទេសទាំងពីរ។
ការដកខ្លួនដោយឯកតោភាគីចេញពី MoU-2001 គឺជាការបោះបង់ចោលកិច្ចព្រមព្រៀងទ្វេភាគីដែលភាគីទាំងពីរបានពឹងផ្អែកនិងប្រើប្រាស់ជាងពីរទសវត្សរ៍កន្លងមកនេះ។ ដូច្នេះ ទោះបីជាថៃដកខ្លួនដោយឯកតោភាគីចេញពីអនុស្សរណៈនៃការយោគយល់គ្នាមួយនេះ កម្ពុជានៅតែប្រកាន់ខ្ជាប់នូវការគោរពច្បាប់អន្តរជាតិ និងប្រកាន់យកការដោះស្រាយជម្លោះដោយសន្តិវិធីដដែល។ ក្នុងន័យនេះ កម្ពុជាគ្មានជម្រើសអ្វីក្រៅពីពឹងផ្អែកលើច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាពិសេសយន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ (Compulsory Conciliation) ដែលបង្កើតឡើងនៅក្រោមអនុសញ្ញាមួយនេះ ពីព្រោះវាជាយន្តការដែលត្រូវបានបង្កើតឡើងដើម្បីជួយទៅដល់រដ្ឋភាគីក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី និងស្របទៅតាមច្បាប់អន្តរជាតិ។
ជម្រើសរបស់កម្ពុជាបែបនេះឆ្លុះបញ្ចាំងឱ្យឃើញពីសេចក្តីសង្ឃឹមដ៏ស្មោះត្រង់ ដែលប្រទេសទាំងពីរអាចសម្រេចបាននូវដំណោះស្រាយមួយដោយយុត្តិធម៌ និងយូរអង្វែងស្របតាមច្បាប់អន្តរជាតិ ហើយដែលនឹងអនុញ្ញាតឱ្យប្រជាជនទាំងពីររស់នៅជាមួយគ្នាដោយសន្តិភាព ស្ថិរភាព និងមានសេចក្តីសុខយូរអង្វែង។
ទី២. ជំហរដោះស្រាយបញ្ហាព្រំដែនគោក៖
អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនជាថ្មីថា ក្នុងនាមប្រទេសស្រឡាញ់សន្តិភាព កម្ពុជាគោរពនិងអនុវត្តយ៉ាងម៉ឺងម៉ាត់និងស្មោះត្រង់បំផុតនូវបទឈប់បាញ់ ក៏ដូចជាស្មារតីនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ រួមទាំងកិច្ចព្រមព្រៀងដែលបានធ្វើកាលពីពេលកន្លងមក។ ក្នុងន័យនេះ កម្ពុជាបានប្រកាន់យកភាពអត់ធ្មត់ខ្ពស់បំផុតដើម្បីកាត់បន្ថយភាពតានតឹង និងបង្កបរិយាកាសសម្របសម្រួលឈានឆ្ពោះទៅរកដំណោះស្រាយដោយសន្តិវិធីតាមរយៈការចរចា។ កម្ពុជាគាំទ្រពេញទំហឹងនូវអាណត្តិនិងតួនាទីរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងភាគីពាក់ព័ន្ធផ្សេងទៀតដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ ការអនុវត្តបទឈប់បាញ់ឱ្យមានប្រសិទ្ធភាព។
ទន្ទឹមនឹងនោះ កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំង៕

ដោយ៖ គង់ សិរីរ័ត្ន





