ឯកឧត្តមសន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ ផ្តល់អនុសាសន៍ណែនាំដល់ថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីពាក់ព័ន្ធទាំងអស់នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍
AKP ភ្នំពេញ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥--
ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៥ និងលើកទិសដៅបន្តរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅទីស្ដីការក្រសួងមហាផ្ទៃ នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមសន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានផ្តល់នូវអនុសាសន៍ណែនាំដល់ថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីពាក់ព័ន្ធទាំងអស់នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ចំនួន៨ចំណុចសំខាន់ៗរួមមាន៖ ១.ត្រូវយកចិត្តទុកដាក់ពិនិត្យផ្ទៀងផ្ទាត់ និងក្តាប់ឱ្យបាននូវចំនួនជនបរទេស ដែលបានធ្វើដំណើរចូលមកកម្ពុជា ត្បិតមានចំនួនច្រើន ប៉ុន្តែអគ្គនាយកដ្ឋានអន្តោប្រវេសន៍ត្រូវបង្កើនការប្រុងប្រយ័ត្ន ដោយចាត់វិធានការតាមដាន និងស៊ើបបញ្ជាក់ថាតើចំនួនជនបរទេសជាច្រើនទាំងនេះ ជាពិសេសគឺជនជាតិថៃ តើជាភ្ញៀវទេសចរ ឬចូលមកធ្វើសកម្មភាពផ្សេងៗ ដែលក្នុងនោះអាចលបលួចធ្វើការងារពាក់ព័ន្ធនឹងល្បែងអនឡាញ និងការឆបោកតាមប្រព័ន្ធអនឡាញផងដែរ។

២. អគ្គនាយកដ្ឋានអន្តោប្រវេសន៍គួររៀបចំបង្កើតក្រុមសវនកម្មផ្ទៃក្នុង ដើម្បីចុះត្រួតពិនិត្យសកម្មភាពការងារនៅតាមបណ្តាប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិនានា ដើម្បីជំរុញប្រសិទ្ធភាពការងាររបស់មន្ត្រីនគរបាលអន្តោប្រវេសន៍ឱ្យរឹតតែល្អប្រសើរ។ ៣. ត្រូវបន្តរៀបចំបណ្តុះបណ្តាលធនធានមនុស្ស ទាំងទិដ្ឋភាពបច្ចេកទេសឱ្យចេះប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាអន្តោប្រវេសន៍ថ្មីៗរបស់អគ្គនាយកដ្ឋាន ដើម្បីបំពេញសំណូមពរការងារគ្រប់គ្រងអន្តោប្រវេសន៍ឱ្យបានល្អ និងមានប្រសិទ្ធភាពខ្ពស់ និងទិដ្ឋភាពក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីឱ្យក្លាយជាមន្ត្រីជួរមុខដែលទទួលបានការកោតសរសើរពីមហាជន ដែលជាការចូលរួមចំណែកអនុវត្តគោលនយោបាយស្រូបទាញទេសចររបស់រាជរដ្ឋាភិបាល។ ៤.ប្រធាននាយកដ្ឋានទាំងអស់ត្រូវសិក្សាស្វែងយល់របាយការណ៍ និងទិសដៅការងាររបស់អគ្គនាយកដ្ឋាន ហើយដកស្រង់យកចំណុចពាក់ព័ន្ធមកចាត់តាំងអនុវត្ត។ ៥.បន្តរៀបចំការសម្រួលដំណើរចេញចូលរបស់ភ្ញៀវ និងបន្តអភិវឌ្ឍន៍ និងបំពាក់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានអន្តោប្រវេសន៍ឱ្យបានគ្រប់ប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិនៅទូទាំងប្រទេស។ ៦.ចំពោះការគ្រប់គ្រងជនបរទេសមិនមែនអន្តោប្រវេសន្តត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ទោះបីកម្ពុជាអនុវត្តគោលនយោបាយបើកចំហរជើងមេឃក្តី។ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ត្រូវចាត់តាំងអនុវត្តគោលការណ៍ចំនួន២៖ (១) រៀបចំនិយាមប្រតិបត្តិ ដើម្បីបណ្តុះបណ្តាលណែនាំដល់មន្ត្រីនគរបាលអន្តោប្រវេសន៍ឱ្យយកចិត្តទុកដាក់លើការងារជំនាញក្នុងការផ្តល់ និងពន្យារទិដ្ឋាការដល់ជនបរទេសមិនមែនអន្តោប្រវេសន្ត។ (២) ត្រូវពង្រឹងការគ្រប់គ្រងវត្តមានជនបរទេសតាមប្រព័ន្ធ FPCS ស្របតាមស្មារតីនៃផែនការអនុវត្តលេខ ០០៣ផ.ក. របស់ក្រសួងមហាផ្ទៃ ដោយត្រូវពង្រឹងការងារអប់រំផ្សព្វផ្សាយដល់ម្ចាស់ ឬអ្នកគ្រប់គ្រងសណ្ឋាគារ ទីតាំងស្នាក់អាស្រ័យឱ្យរាយការណ៍អំពីវត្តមានជនបរទេស ហើយអគ្គនាយកដ្ឋានផ្ទាល់ក៏ត្រូវរៀបចំចាត់ចែងអនុវត្តការងារស៊ើបអង្កេត និងអនុវត្តនីតិវិធី ដោយធ្វើការស៊ើបបញ្ជាក់ទីតាំងនានា ប្រមូលព័ត៌មានអំពីជនបរទេសដែលមានវត្តមាននៅតាមបណ្តាទីតាំងផ្សេងៗដែលមានការសង្ស័យ ឬមិនរាយការណ៍មកសមត្ថកិច្ច។ ៧. ត្រូវគ្រប់គ្រងតួលេខជនបរទេសអន្តោប្រវេសន្តនៅមូលដ្ឋានឱ្យបានច្បាស់លាស់កុំឱ្យមានការហូរចូលមកបន្ថែម ដើម្បីអះអាងទាមទារសិទ្ធិឱ្យមានការទទួលស្គាល់ជាជនបរទេសអន្តោប្រវេសន្តនាពេលក្រោយទៀត និង ៨.ពង្រឹងកិច្ចសហការអនុវត្តការងាររវាងកម្លាំងនគរបាលផ្ទាល់របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៅថ្នាក់ជាតិជាមួយកម្លាំងនគរបាលរបស់ស្នងការដ្ឋាននគរបាលរាជធានី/ខេត្ត នៅថ្នាក់ក្រោមជាតិ ដើម្បីជំរុញឱ្យការអនុវត្តកិច្ចការអន្តោប្រវេសន៍នៅទូទាំងប្រទេសកាន់តែទទួលបានប្រសិទ្ធភាព និងប្រសិទ្ធផលថែមមួយកម្រិតទៀត៕


ដោយ៖ ចាន់ សុភឿន (ប្រភព៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ)





