ក្រុមការងារការិយាល័យអភិរក្សនៃអាជ្ញាធរទន្លេសាបសិក្សាស្វែងយល់ និងពិគ្រោះយោបល់ជាមួយសហគមន៍ពាក់ព័ន្ធតំបន់អភិរក្សជលផលកំពង់ប្រាក់ ខេត្តពោធិ៍សាត់
AKP ភ្នំពេញ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥--
ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ក្រុមការងារការិយាល័យអភិរក្សនៃនាយកដ្ឋានត្រួតពិនិត្យការធ្វើអាជីវកម្ម និងអភិរក្សនៃអាជ្ញាធរទន្លេសាប បានបន្តចុះសិក្សាស្វែងយល់ និងពិគ្រោះយោបល់ជាមួយសហគមន៍ ព្រមទាំងអ្នកពាក់ព័ន្ធនានា ដើម្បីអាចកំណត់វិភាគមុខងារ លើតំបន់អភិរក្សជលផលកំពង់ប្រាក់ស្ថិតក្នុងភូមិសាស្រ្តឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ក្នុងដំណើរបេសកកម្មនេះ ក្រុមការងារបានជួបពិភាក្សា និងប្រមូលព័ត៌មានជាមួយមន្ត្រីអធិការដ្ឋានរដ្ឋបាលជលផល ខាងត្បូងបឹងទន្លេសាប ដែលប្រចាំការផ្ទាល់នៅក្នុងតំបន់នោះ ជួបពិភាក្សា និងប្រមូលព័ត៌មានជាមួយមេបញ្ជាការរង និងនាយទាហាន ចំណុះកងពលតូចថ្មើរជើងលេខ៥៣ រួមទាំងមេបញ្ជាការរង និងនាយទាហានភូមិភាគ៥ ដែលកំពុងប្រចាំការ ជួបសម្ភាសន៍ និងប្រមូលព័ត៌មានជាមួយប្រជានេសាទ និងចុះពិនិត្យ និងអង្កេតផ្ទាល់ពីស្ថានភាពទូទៅនៅតំបន់អភិរក្សជលផលកំពង់ប្រាក់។

សកម្មភាពចុះសិក្សាស្វែងយល់ និងពិគ្រោះយោបល់ជាមួយសហគមន៍ ព្រមទាំងអ្នកពាក់ព័ន្ធនានា ដើម្បីអាចកំណត់វិភាគមុខងារ លើតំបន់អភិរក្សជលផលកំពង់ប្រាក់ គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពសំខាន់ៗជាច្រើនដែលត្រូវបានអនុម័តដាក់អនុវត្តនៅក្នុងផែនការសកម្មភាពប្រចាំឆ្នាំ២០២៥ របស់អាជ្ញាធរទន្លេសាប។

ក្នុងដំណើរនៃការចុះបំពេញបេសកកម្មនេះមានគោលបំណង៣សំខាន់ៗគឺ៖ ទី១. ស្វែងយល់ពីផែនការគ្រប់គ្រង អ្នកចូលរួមសហការណ៍ និងទស្សនវិស័យផ្សេងៗ ក្រោយមានការកែសម្រួលប្រព័ន្ធគ្រប់គ្រងមួយចំនួន។ ទី២. ស្វែងយល់ពីសក្តានុពល និងការប្រែប្រួលនៃធនធានជលផល ជីវចម្រុះ ព្រៃលិចទឹក និងប្រព័ន្ធអេកូឡូស៊ី និងទី៣. ចុះពិនិត្យ និងវាយតម្លៃលើទីតាំងជាក់ស្តែងពីបម្រែបម្រួលបទល្មើស និងធនធានធម្មជាតិ៕
ដោយ ណយ នឿន (ប្រភព៖ អាជ្ញាធរទន្លេសាប)





