សាស្ត្រាចារ្យសាកលវិទ្យាល័យតូក្យូ ចាប់អារម្មណ៍ស្វែងយល់បន្ថែមអំពីកម្ពុជា និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច
AKP ភ្នំពេញ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥–សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នារសៀល ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ បានអនុញ្ញាតឱ្យ លោក KAWASHIMA Shin សាស្រ្តាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិ នៃសាកលវិទ្យាល័យតូក្យូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។
ក្នុងឱកាសនៃជំនួប, លោកសាស្ត្រាចារ្យបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចបវរធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និង សហការី បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ លោកសាស្ត្រាចារ្យបានគោរពជម្រាបជូនអំពីគោលបំណងនៃដំណើរទស្សនកិច្ចរបស់លោក និងសហការី គឺដើម្បីស្វែងយល់បន្ថែមអំពីប្រទេសកម្ពុជា, ការអភិវឌ្ឍ សង្គម -សេដ្ឋកិច្ច និង នយោបាយការបរទេស តាមរយៈការជួបពិភាក្សាជាមួយតំណាងក្រសួង-ស្ថាប័ន និងគ្រឹះស្ថានឧត្តមសិក្សាមួយចំនួន។ ជាមួយគ្នានេះ, លោកសាស្ត្រាចារ្យក៏បានគោរពស្នេីសុំសម្តេចបវរធិបតី ចែករំលែក អំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន។

ជាការឆ្លើយតប, សម្តេចបវរធិបតី បានសម្តែងការស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់លោកសាស្ត្រាចារ្យ និងសហការី នៅកម្ពុជា ក៏ដូចជាបំណងស្វែងយល់អំពីការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។ សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់ថា ជប៉ុនគឺជាមិត្តដ៏ល្អរបស់កម្ពុជា និងជាដៃគូដ៏សំខាន់ ដែលបានចូលរួមចំណែកដល់ដំណើរការស្វែងរកសន្តិភាព និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។ សម្តេចបវរធិបតីបានលើកឡើងថា គោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា គឺផ្តោតការយកចិត្តទុកដាក់លើប្រជាជនជាចម្បង សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកាន់តែប្រសេីរឡេីង តាមរយៈការជំរុញវិស័យសុខាភិបាល, អប់រំ, ការបង្កើតការងារ និងការបង្កើតបរិយាកាសអំណោយផលសម្រាប់ធុរកិច្ច និង វិនិយោគ។
សម្ដេចបវរធិបតី និងលោកសាស្ត្រាចារ្យក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ ដែលពាក់ព័ន្ធនឹងការរួមចំណែកដល់ការថែរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាព របស់តំបន់ និងសកលលោក ក្នុងបរិការណ៍ដែលពិភពលោកកំពុងប្រឈមនឹងភាពមិនប្រាកដប្រជា៕
ដោយ៖ គង់ សិរីរ័ត្ន





