នាថការបាំព្រះរាជទ្រព្យចូលជួបឯកឧត្ដម វ៉ាង វិនពីន មុនទៅសម្ដែងនៅទីក្រុងស្វយ័តស៊ីនជាំង
AKP ភ្នំពេញ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ -- មុនថ្ងៃចេញទៅបំពេញបេសកកកម្មក្នុងមហោស្រព The 7th Xinjiang International Dance Festival នៅទីក្រុងស្វយ័តស៊ីនជាំង សាធារណរដ្ឋប្រជាមានិតចិន នាថការបាំព្រះរាជទ្រព្យរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដឹកនាំដោយលោកជំទាវ ឡងឌី សាន់ណារ៉ា ចំនួន៣៧រូប បានទទួលការស្វាគមន៍ពីឯកឧត្ដម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ដភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅក្នុងកម្មវិធីទទួលទានអាហារពេលរាត្រី កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥។

ការទទួលស្វាគមន៍របស់ឯកឧត្ដម វ៉ាង វិនពីន បានបង្ហាញពីការផ្ដល់តម្លៃ ការយកចិត្តទុកដាក់ ការគិតគូរ សួរសុខទុក្ខ មុនពេលចេញដំណើរ។ កាយវិការទាំងអស់នេះបានផ្ដល់នូវភាពកក់ក្ដៅ និងបង្ហាញនូវទឹកចិត្តមិត្តភាពដ៏ជិតស្និត។ ការសម្តែងរបាំព្រះរាជទ្រព្យក្នុងមហោស្រពនេះ គឺជាការបង្ហាញពីវប្បធម៌ខ្មែរដ៏ផូរផង់ ដែលក្បាច់របាំទាំងអស់បានដកស្រង់ចេញពីជញ្ជាំងប្រាសាទ ហើយក៏ដូចជាការផ្សព្វផ្សាយដល់ពិភពលោកឱ្យកាន់តែស្គាល់អរិយធម៌កម្ពុជាកាន់តែច្បាស់ថែមទៀត។

សូមបញ្ជាក់ថា នាថការបាំព្រះរាជទ្រព្យរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងចេញទៅសម្ដែងនៅក្នុងមហោស្រព The 7th Xinjiang International Dance Festival តាមការអញ្ជើញរបស់រដ្ឋាភិបាលចិន នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ខាងមុខនេះ៕


ដោយ ណយ នឿន (ប្រភព៖ ក្រសួងវប្បធម៌)





