កម្មវិធីបណ្តុះបណ្តាលគ្រូបង្គោលសម្រាប់មន្ត្រីកសិកម្មឃុំ ស្តីពីផលិតកម្មស្វាយចន្ទី និងម្រេច
AKP ភ្នំពេញ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ -- ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា (EU) និងស្ថានទូតអាល្លឺម៉ង់ប្រចាំប្រទេសកម្ពុជា បានបើកកម្មវិធីបណ្តុះបណ្តាលគ្រូបង្គោលជាផ្លូវការ ដែលផ្តោតសំខាន់លើការពង្រឹងសមត្ថភាពរបស់មន្ត្រីកសិកម្មឃុំ និងកសិករគំរូដើម្បីលើកកម្ពស់ផលិតកម្មស្វាយចន្ទី និងម្រេចដែល ធន់នឹងអាកាសធាតុ។
សេចក្តីប្រកាសព័ត៌មានរួម នៅថ្ងៃទី១៧ ខែ កក្កដា ឆ្នាំ ២០២៥ បានឱ្យដឹងថា ក្នុងកម្មវិធីនៃវគ្គបណ្តុះបណ្តាលដែលបានរៀបចំឡើងនាដើមខែកក្កដាកន្លងមកនេះ មានសមាជិកចូលរួមសរុប ១៦៩ នាក់ រួមមាន មន្ត្រីកសិកម្មឃុំ កសិករគំរូ មន្ត្រីរាជការ ដៃគូអភិវឌ្ឍន៍ និង តំណាងវិស័យឯកជន។ កម្មវិធីបណ្តុះបណ្តាល នេះផ្តល់ឱ្យមន្ត្រីកសិកម្មឃុំ នូវជំនាញបច្ចេកទេស និងជំនាញសម្របសម្រួលស្របតាម លក្ខខណ្ឌដំណាំនៅក្នុងស្រុក ក៏ដូចជាការអនុវត្តការគ្រប់គ្រងត្រឹមត្រូវក្រោយការប្រមូលផល ដែល ទាំងនេះនឹងជួយបំពេញតម្រូវការផ្សេងៗរបស់កសិករឱ្យទាន់ពេលវេលា និងមានប្រសិទ្ធភាព។
ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងអំពីតួនាទីសំខាន់ៗរបស់មន្ត្រីកសិកម្មឃុំ ដោយបញ្ជាក់ថា “កម្មវិធីបណ្តុះបណ្តាលនេះនឹង ជួយពង្រឹងសមត្ថភាពប្រតិបត្តិការរបស់មន្ត្រីកសិកម្មឃុំ (CAOs) ក្នុងការផ្តល់សេវាផ្សព្វផ្សាយ កសិកម្មឱ្យមានប្រសិទ្ធភាព។ កម្មវិធីនេះនឹងជួយឱ្យពួកគាត់មានលទ្ធភាពណែនាំកសិករក្នុងការ អនុវត្តកសិកម្មដែលធន់នឹងអាកាសធាតុ សំដៅជំរុញផលិតភាព និងប្រាក់ចំណេញ ទន្ទឹមនឹងនេះក៏នឹងជួយដល់ការអភិវឌ្ឍសហគមន៍កសិកម្មទំនើបផងដែរ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ គឺស្របតាមគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល ជាពិសេសអាទិភាពទី៦ ស្តីពីការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ និងការអភិវឌ្ឍសហគមន៍កសិកម្មទំនើប”។
ជាមួយគ្នានេះ លោក ប្រាយអិន ហ្វរណារី (Bryan Fornari) ប្រធានកិច្ចសហប្រតិបត្តិការ ប្រតិភូសហភាពអឺរ៉ុប ប្រចាំកម្ពុជា(EU) បានកត់សម្គាល់ថា “ការការពារបរិស្ថាន និងសុវត្ថិភាពចំណីអាហារ គឺជាចំណុច អាទិភាពនៅក្នុងការចូលទៅកាន់ទីផ្សារសហភាពអឺរ៉ុប (EU) និងទីផ្សារពិភពលោកដទៃទៀត។ ការពង្រឹងសមត្ថភាពក្នុងស្រុកនឹងជួយឱ្យប្រទេសកម្ពុជាបង្កើនការនាំចេញផលិតផលស្វាយចន្ទី និង ម្រេចកែច្នៃដែលមានគុណភាពខ្ពស់។ ក្រុមអឺរ៉ុបនៅតែបន្តប្តេជ្ញាចិត្តគាំទ្រការងារនៅតាមជនបទ និងបរិយាបន្នកំណើនផលិតផលប្រកបដោយចីរភាពដែលផ្តល់ផលប្រយោជន៍ដល់សហគមន៍ កសិកម្មទូទាំងប្រទេស។”
បន្ថែមលើនេះទៅទៀត ប្រទេសអាល្លឺម៉ង់ក្នុងភាពជាដៃគូជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ (MAFF) ប្តេជ្ញាចិត្តក្នុងការជំរុញភាពធន់ក្នុងការបង្កើនសន្តិសុខស្បៀង និងគាំទ្រដល់ កំណើនបរិយាបន្នសេដ្ឋកិច្ចតាមរយៈគំនិតផ្តួចផ្តើមកសិកម្មប្រកបដោយចរីភាពដែលជះឥទ្ធិពលជា វិជ្ជមានដល់សហគមន៍ទូទាំងប្រទេសកម្ពុជា។
គួរបញ្ជាក់ថា គំនិតផ្តួចផ្តើមក្នុងកម្មវិធីបណ្តុះបណ្តាលគ្រូបង្គោល (ToT) គាំទ្រចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុង ការអភិវឌ្ឍសហគមន៍កសិកម្មដែលធន់នឹងអាកាសធាតុ តាមរយៈការពង្រឹងប្រព័ន្ធផ្សព្វផ្សាយ កសិកម្មសាធារណៈ។ ការគាំទ្រក្នុងស្រុកប្រកបដោយប្រសិទ្ធភាព គឺជាចំណុចគន្លឹះនៅក្នុងការដោះស្រាយបញ្ហាប្រឈមរបស់កសិករ រួមទាំងការទទួលហិរញ្ញប្បទាន ការប្រឹក្សាបច្ចេកទេស និងបណ្តាញទីផ្សារ។ ជាមួយគ្នាគំនិតផ្តួចផ្តើមនេះ គឺជាផ្នែកមួយនៃវិធីសាស្ត្រដ៏ទូលំទូលាយរបស់ក្រុមអឺរ៉ុបដែលមានទាំងជំនួយ បច្ចេកទេស ការកសាងសមត្ថភាព និងការសម្របសម្រួលទីផ្សារដើម្បីជំរុញខ្សែចង្វាក់តម្លៃកសិកម្ម ប្រកបដោយនិរន្តរភាពដោយគ្មានការកាប់បំផ្លាញព្រៃឈើ។ តាមរយៈការពង្រឹងសេវាផ្សព្វផ្សាយ កសិកម្មបន្ថែមរបស់រាជរដ្ឋាភិបាល ក្រុមអឺរ៉ុបស្របតាមគោលនយោបាយជាតិរបស់កម្ពុជា នឹងរួមចំណែកដល់ការអភិវឌ្ឍជនបទប្រកបដោយបរិយាបន្ន និងការលើកកម្ពស់សមត្ថភាពប្រកួតប្រជែងលើការនាំចេញ៕




ដោយ៖ មករា





