កម្ពុជា និងចិន វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលបានផ្លាស់ប្តូរទស្សនៈ និងបទពិសោធន៍ ពាក់ព័ន្ធការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
AKP ភ្នំពេញ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ -- កម្ពុជា និងចិន បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នាពេលកន្លងមក និងបានផ្លាស់ប្តូរទស្សនៈ និងបទពិសោធន៍ ពាក់ព័ន្ធការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីគាំទ្រគ្នាទៅវិញទៅមកក្នុងការសហការឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត។
នេះគឺជាការថ្លែងរបស់ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) ក្នុងឱកាសអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥។
ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានគូសបញ្ជាក់ថា លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដឹកនាំ តាមដាន និងគាំទ្រយន្តការថ្នាក់ក្រោមជាតិ និងស្ថាប័នពាក់ព័ន្ធ ក្នុងប្រតិបត្តិការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ហើយលេខាធិការដ្ឋាន គ.ប.ឆ.ប. ត្រៀមខ្លួនសហការជាមួយប្រទេសពាក់ព័ន្ធ ក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
ជាមួយគ្នានេះដែរ ឯកឧត្តម វ៉ាង វិនពីន បានចាត់ទុកការបង្កើតលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការចេញបទបញ្ជារបស់រាជរដ្ឋាភិបាលបានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ និងពិតប្រាកដរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ឯកឧត្តម ឯកអគ្គរដ្ឋទូតក៏បានបន្ថែមថា ភាគីចិននឹងផ្តល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការជាមួយ លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីរួមចំណែកឈានទៅលុបបំបាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៕


ដោយ៖ រិទ្ធី





