និស្សិតកម្ពុជាចំនួន៤១នាក់ត្រូវបានជ្រើសរើសឱ្យបន្តការសិក្សានៅប្រទេសឥណ្ឌាសម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦
AKP ភ្នំពេញ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ -- និស្សិតកម្ពុជាចំនួន៤១នាក់ត្រូវបានជ្រើសរើសឱ្យបន្តការសិក្សាថ្នាក់ឧត្តមសិក្សា និងក្រោយឧត្តមសិក្សានៅប្រទេសឥណ្ឌាសម្រាប់ឆ្នាំសិក្សា ២០២៥ - ២០២៦ ក្រោមអាហារូបករណ៍ ICCR ដោយក្នុងពិធីប្រគល់អាហារូបករណ៍កាលពីរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ក្រោមវត្តមានចូលរួមពីឯកឧត្តមបណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម VANLALVAWNA BAWITLUNG ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជាបានសម្តែងការអបអរសាទរចំពោះនិស្សិតដែលត្រូវបន្តការសិក្សានៅប្រទេសឥណ្ឌា សម្រាប់ឆ្នាំសិក្សា ២០២៥ - ២០២៦ ដោយបានលើកទឹកចិត្តពួកគេឱ្យបន្តខិតខំសិក្សារៀនសូត្រដើម្បីក្លាយជាអ្នករួមចំណែកវិជ្ជមានដល់សង្គម និងការរីកលូតលាស់នៃទំនាក់ទំនងរវាងឥណ្ឌា និងកម្ពុជា។

ក្នុងពិធីនេះ ឯកឧត្តមបណ្ឌិត សោម រតនា បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលឥណ្ឌា ក្រុមប្រឹក្សាទំនាក់ទំនងវប្បធម៌ឥណ្ឌា (ICCR) ស្ថានទូតឥណ្ឌាប្រចាំកម្ពុជាដែលបានបន្តគាំទ្រក្នុងការពង្រឹងធនធានមនុស្សលើវិស័យអប់រំ ហើយថាការផ្តល់អាហារូបករណ៍នេះបានឆ្លុះបញ្ចាំងពីគោលដៅរួមនៃកំណើនកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងការផ្លាស់ប្តូរវប្បធម៌របស់ប្រទេសទាំងពីរ។ ឯកឧត្តមបានលើកឡើងថា នេះជាឱកាសដ៏ល្អដែលនិស្សិតកម្ពុជាអាចទៅបន្តការសិក្សានៅក្រៅប្រទេស ហើយក៏ជាឱកាសដែលនិស្សិតអាចសិក្សាស្វែងយល់ពីវប្បធម៌ អរិយធម៌បន្ថែមពីក្នុង និងក្រៅតំបន់ផងដែរ។

សូមជម្រាបថា ក្រុមប្រឹក្សាទំនាក់ទំនងវប្បធម៌ឥណ្ឌា (ICCR) ផ្តល់អាហារូបករណ៍សម្រាប់និស្សិតកម្ពុជាបន្តការសិក្សាថ្នាក់ឧត្តមសិក្សា និងក្រោយឧត្តមសិក្សានៅប្រទេសឥណ្ឌាជារៀងរាល់ឆ្នាំ។ អាហារូបករណ៍ដែលទទួលបានទាំងនេះគឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមផ្នែកការទូតវប្បធម៌ដ៏លេចធ្លោរបស់ប្រទេសឥណ្ឌាក្នុងគោលបំណងពង្រឹងទំនាក់ទំនងផ្នែកអប់រំ និងវប្បធម៌រវាងឥណ្ឌា និងកម្ពុជា៕


ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





