ការអនុវត្តប្រព័ន្ធកសិកម្មចម្រុះជួយលើកកម្ពស់គុណភាពដីទិន្នផល និងជីវភាពកសិករឱ្យកាន់តែប្រសើរ
AKP កំពត ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ -- មន្ត្រីជំនាញកសិកម្ម និងប្រជាកសិករឃុំត្រពាំងបី ស្រុកឈូក ខេត្តកំពត បានបញ្ជាក់ថាការធ្វើកសិកម្មចម្រុះ (ដាំន្លែ និងចិញ្ចឹមសត្វច្រើនមុខនៅលើដីតែមួយ) ផ្តល់នូវអត្ថប្រយោជន៍ច្រើនយ៉ាង ដូចបង្កើនគុណភាពដី ជំរុញកំណើនទិន្នផលនិងគុណភាពចំណីអាហារ ធន់នឹងទីផ្សារ និងជួយលើកកម្ពស់ជីវភាពកសិករឱ្យកាន់តែប្រសើរ។ ពួកគាត់លើកទឹកចិត្តឱ្យចូលរួមអនុវត្តប្រព័ន្ធកសិកម្មចម្រុះឱ្យបានកាន់តែច្រើន ដើម្បីជួយជំរុញវិស័យកសិកម្ម និងទេសចរណ៍ខេត្តកំពត។

លោក ជឹម ង៉ុយ មន្ត្រីបច្ចេកទេសកសិកម្មឃុំត្រពាំងបី បានបញ្ជាក់នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥នេះថា ការអនុវត្តប្រព័ន្ធកសិកម្មចម្រុះពិតល្អ និងមានអត្ថប្រយោជន៍ច្រើនយ៉ាង។ ហើយបើតាមការសង្កេតឃើញជាក់ស្តែង កសិករក្នុងឃុំរបស់លោកដែលធ្វើកសិកម្មចម្រុះ គឺមានជីវភាពល្អប្រសើរ ជាងកសិករដែលដាំដំណាំ ឬចិញ្ចឹមសត្វ តែមួយមុខៗ។

ប្រជាពលរដ្ឋធ្វើកសិកម្មចម្រុះបានប្រាប់ឱ្យដឹងថា ពួកគាត់ដាំដំណាំច្រើនប្រភេទ រួមមាន៖ ដូង ខ្នុរ ស្វាយ ចេក ល្ហុង ត្រកួន សណ្តែកគួរ ពោត ត្រប់ ម្ទេស និងចិញ្ចឹមមាត់ទា ជ្រូក គោ ត្រីជាដើម ដោយយកលាមកសត្វធ្វើជីសម្រាប់ដាំបន្លែនិងដំណាំ ហើយយកបន្លែ និងផ្លែឈើ សម្រាប់ធ្វើចំណីឱ្យសត្វ និងត្រីវិញ ជាលក្ខណៈវិលជុំដោយកាត់បន្ថយការប្រើជីគីមី ហើយក្នុងករណីដំណាំ ឬបន្លែមួយណាគ្មានទីផ្សារ ក៏មិនសូវមានប៉ះពាល់ដល់ជីវភាពដែរ។ កសិករទាំងនោះបានបញ្ជាក់ថា ការធ្វើកសិកម្មចម្រុះដូចពូកគាត់ មិនជាមានអីនោះទេ តែអាចមានជីវភាពរស់នៅសមរម្យ ដូចគេដូចឯង។

មន្ត្រីកសិកម្មឃុំត្រពាំងបីបានបន្ថែមថា ឃុំនេះមានប្រជាពលរដ្ឋចំនួន ១៦០៣គ្រួសារ ក្នុងនោះអ្នកដែលប្រកបរបរកសិកម្មស្ទើរទាំងអស់ ប៉ុន្តែអ្នកដែលអាចអនុវត្តប្រព័ន្ធកសិកម្មចម្រុះបាន ប្រហែលជាង១០%ប៉ុណ្ណោះ។ លោកលើកទឹកចិត្តឱ្យកសិករចូលរួមអនុវត្តប្រព័ន្ធកសិកម្មចម្រុះឱ្យបានកាន់តែច្រើន ដើម្បីជួយលើកកម្ពស់ជីវភាព ជំរុញវិស័យកសិកម្ម ពិសេសទាក់ទាញទេសចរណ៍ឱ្យមកលេងខេត្តកំពតកាន់តែច្រើន៕


ដោយ ប្រាក់ លាង





