កិច្ចប្រជុំក្រុមការងារចុះត្រួតពិនិត្យ និងឆ្លើយតបផលប៉ះពាល់គ្រោះមហន្តរាយលើហេដ្ឋារចនាសម្ព័ន្ធជនបទ
AKP ភ្នំពេញ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ -- ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំក្រុមការងារចុះត្រួតពិនិត្យ និងឆ្លើយតបផលប៉ះពាល់គ្រោះមហន្តរាយលើហេដ្ឋារចនាសម្ព័ន្ធជនបទ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ដោយមានវត្តមានដោយផ្ទាល់ពីសំណាក់ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដម លោកជំទាវ ជាថ្នាក់ដឹកនាំ និងក្រុមការងារលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្ដរាយក្រសួងអភិវឌ្ឍន៍ជនបទ ដោយឡែកមន្ទីរអភិវឌ្ឍន៍ជនបទទាំង២៥រាជធានី-ខេត្ត អញ្ជើញចូលរួមតាមប្រព័ន្ធនិម្មិត (Zoom Meeting)។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តម ជា ស្រ៊ុន រដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្ដរាយក្រសួងអភិវឌ្ឍន៍ជនបទ បានអានរបាយការណ៍បូកសរុបលទ្ធផលរបស់លេខាធិការដ្ឋាន ដោយផ្ដោតសំខាន់លើរចនាសម្ព័ន្ធ និងយន្ដការអនុវត្តការងាររបស់លេខាធិការដ្ឋាន និងសកម្មភាពដែលបាន និងកំពុងអនុវត្ត។ ជាលទ្ធផលបង្ហាញថាផលប៉ះពាល់ដែលបណ្ដាលមកពីគ្រោះមហន្ដរាយធម្មជាតិលើហេដ្ឋារចនាសម្ព័ន្ធជនបទនានា ដូចជាហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍ជនបទ និងហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត និងអនាម័យជនបទក្នុងឆ្នាំ២០២៤ មានការថយចុះ បើប្រៀបធៀបផលប៉ះពាល់ដែលមានក្នុងឆ្នាំ២០២៣ និង ២០២៤ កន្លងមក។

បន្ទាប់ពីបានស្ដាប់របាយការណ៍ និងមតិចូលរួមរបស់សមាជិកអង្គប្រជុំរួចមក ឯកឧត្ដម ឆាយ ឫទ្ធិសែន បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំ និងក្រុមការងារលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយក្រសួង ព្រមទាំងមន្ទីរអភិវឌ្ឍន៍ជនបទទាំង២៥រាជធានី-ខេត្ត ដែលបានបំពេញការងារយ៉ាងសកម្ម និងឆ្លើយតបដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋបានទាន់ពេលវេលានាពេលកន្លងមក។
ជាមួយគ្នានោះ ឯកឧត្ដមរដ្ឋមន្រ្ដីបានផ្ដល់អនុសាសន៍មួយចំនួនដើម្បីឱ្យការអនុវត្តតួនាទី ភារកិច្ចរបស់ ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំ លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយក្រសួង និងក្រុមការងារនៅតាមមន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥ រាជធានី-ខេត្ត យកទៅអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ដូចជា លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្ដរាយក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវត្រួតពិនិត្យ និងពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ លេខាធិការដ្ឋាន និងមន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥រាជធានី-ខេត្ត ត្រូវរៀបចំផែនទីតំបន់ហានិភ័យនៃគ្រោះមហន្ដរាយ ដែលកើតមាននៅតាមខេត្តនីមួយៗឱ្យបានច្បាស់លាស់ និងត្រៀមលក្ខណៈប្រកបដោយបុរេសកម្ម ដើម្បីឆ្លើយតបដោះស្រាយផលប៉ះពាល់ដែលកើតចេញពីហានិភ័យនានាឱ្យបានទាន់ពេលវេលា សូមបន្ដយកចិត្តទុកដាក់ តាមដាន ត្រួតពិនិត្យ លើការងារគ្រោះមហន្ដរាយនានា នៅតាមរាជធានី-ខេត្តទាំង២៥ ស្របតាមគោលការណ៍ “រួមគិត រួមអនុវត្ត និងរួមទទួលខុសត្រូវ”៕
ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងអភិវឌ្ឍន៍ជនបទ)





