បារាំងនៅតែបន្តពង្រឹងទំនាក់ទំនងសភាសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វប្បធម៌ជាមួយកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ -- ក្នុងជំនួបសម្តែងការគួរសមនិងជម្រាបលាជាមួយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែ កក្កដា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា ឯកឧត្តម ហ្សាក់ ប៉ឺឡេ (Jacques PELLET) ឯកអគ្គរដ្ឋទូត សាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលត្រូវចប់អាណត្តិការទូតពីកម្ពុជាបានលើកឡើងថាបារាំងនៅតែបន្តពង្រឹងទំនាក់ទំនងសភាសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វប្បធម៌ជាមួយកម្ពុជា ។

ក្នុងជំនួបសម្តេចប្រធានរដ្ឋសភាបានសម្តែងការសោកស្តាយចំពោះការបញ្ចប់បេសកកម្មការទូតរបស់ ឯកឧត្តម ហ្សាក់ ប៉ឺឡេ ពីកម្ពុជា។ សម្តេចបានគូសបញ្ជាក់ថាពេលវេលា៤ឆ្នាំ នៅក្នុងការបេសកកម្មការទូត របស់ ឯកឧត្តម ពិតជាដើរលឿនណាស់ ប៉ុន្តែ ឯកឧត្តម ហ្សាក់ ប៉ឺឡេ បានខិតខំយ៉ាងខ្លំាងនៅក្នុងការជំរុញនិងលើកកម្ពស់ទំានាក់ទំនង កិច្ចសហប្រតិបត្តិការប្រទេសទំាងពីរដែលជាទំនាក់ទំនងមានលក្ខណៈប្រវត្តិសាស្រ្ត តំាងពីយូរលង់ណាស់មកហើយនោះ ឱ្យមានសន្ទុះរីកលូតលាស់ស៊ីជម្រៅនិងសកម្មឡើង។
សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ និងកោតសរសើរដោយស្មោះចំពោះកិច្ចខិតខំប្រឹងប្រែងដ៏សកម្ម និងលទ្ធផលគួរជាទីមោទនៈ ដែលឯកឧត្តមសម្រេចបាន ។ សមិទ្ធផលទាំងនេះបានរួមវិភាគទានដ៏មានតម្លៃដល់ការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបតិ្តការរវាងប្រទេសទាំងពីរ ឈានឆ្ពោះទៅកម្រិតខ្ពស់ថ្មីមួយ ជាពិសេស ទំនាក់ទំនងរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ។

ឯកឧត្តម ហ្សាក់ ប៉ឺឡេ បានវាយតម្លៃខ្ពស់ ចំពោះសមត្ថភាព និងទេពកោសល្យដឹកនាំរបស់ សម្តេចប្រធានរដ្ឋសភាដែលជាស្រ្តីដំបូងនៅកម្ពុជា បានកាន់តួនាទីជាប្រធានរដ្ឋសភា ។ ប្រធានរដ្ឋសភាជាស្រ្តីនៅក្នុងសកលលោកក៏មិនមានច្រើននោះដែរ។

ជាមួយគ្នានេះ ឯកឧត្តម ក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដំណើរទស្សនកិច្ចផ្លូវការ និងការចូលរួមកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តី អន្តរជាតិ នៅសាធារណរដ្ឋបារំាងកាលពីចុងឆ្នាំ២០២៤ ប្រកបដោយអត្ថន័យ បានចូលរួមចំណែកដ៏សំខាន់ក្នុងការលើកកម្ពស់ទំនាក់ទំនង កិច្ចសហប្រតិបត្តិការប្រទេសទំាងពីរ ពិសេសការលើកកម្ពស់សមភាពយេនឌ័រនៅក្នុងសកលលោក។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្តែងនូវមោទនភាពចំពោះការរីកចម្រើននៃទំនាក់ទំនងកម្ពុជា-បារំាង ដោយក្នុង ក្នុងរយៈពេលចុងក្រោយនេះ ព្រះករុណាព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កាលពីពេលនៅជានាយករដ្ឋមន្រ្តីអាណត្តិទី៦ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានយាងនិងអញ្ជើញបំពេញទស្សនកិច្ចនៅបារំាង បានធ្វើឱ្យទំនាក់ទំនងប្រទេសនិងប្រជាជននៃប្រទេសទំាងពីរកាន់តែជិតស្និទ្ធឡើង។

ឯកឧត្តមបានគូសបញ្ជាក់ថា នៅឆ្នាំ២០២៦ខាងមុខនេះ ក្នុងពេលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ឯកឧត្តមប្រធានាធិបតីបារាំង ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង នឹងបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាផងដែរ។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងកោតសរសើរពីការរីកចម្រើនរបស់កម្ពុជា។ ប្រទេសបារំាងនឹងបន្តគំាទ្រកម្ពុជា លើវិស័យសុខាភិបាល សង្គមកិច្ច ទឹកស្អាត អប់រំ ការបណ្តុះបណ្តាល វប្បធម៌ ជាដើម។

ឯកឧត្តមបានបញ្ជាក់ថា កម្ពុជាជាប្រទេសមួយដែលនិស្សិតបារំាង ពេញចិត្តមកបម្រើការងារស្ម័គ្រចិត្ត។ ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានគោរពអញ្ជើញសម្តេចប្រធានរដ្ឋសភា ចូលរួមសន្និសីទអន្តរជាតិស្តីពីសន្តិភាព នៅប្រទេសបារំាងនាចុងឆ្នាំ២០២៥នេះ ផងដែរ។
សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ទំាងសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត មានទស្សនវិស័យវែងឆ្ងាយ នៅក្នុងការពង្រឹងពង្រីកចំណងមិត្តភាពកម្ពុជានិងបារំាង ហើយថ្នាក់ដឹកនាំប្រទេសទំាងពីរ មានមនោសញ្ចេតនា គោរពរាប់អានគ្នាយ៉ាងជ្រាលជ្រៅ ផងដែរ។
សម្តេចបានគូសបញ្ជាក់ថាប្រជាជនកម្ពុជានិងប្រជាជនបារំាង មានចំណងមិត្តភាពពិសេសមួយ។ យុវជនខ្មែរមានការនិយមសិក្សាភាសាបារំាងកាន់តែច្រើនក្នុងពេលបច្ចុប្បន្ននេះ។ ឈរលើចំណងមិត្តភាពជាប្រវត្តិសាស្រ្ត ស្មោះត្រង់ បើកចំហ សម្តេចមានសុទិដ្ឋិនិយមថា ប្រទេសទំាងពីរនឹងពង្រីកសក្តានុពល ដែលមានដើម្បីបម្រើផលប្រយោជន៍ពលរដ្ឋទំាងសងខាងបន្តទៀត។
សម្តេចបានស្នើ ប្រទេសបារំាង ផ្តល់បន្ថែមអាហារូបករណ៍ដល់និស្សិតកម្ពុជា បានទៅសិក្សានៅបារំាងកាន់តែច្រើនឡើង និងសូមឱ្យភាគីបន្តជួយគំាទ្រដល់ការអភិវឌ្ឍស្ថាប័នសភាកម្ពុជា ទៅជាសភាឌីជីថល និងជួយគំាទ្រដល់កសាងធនធានមនុស្ស នៅក្នុងអគ្គលេខាធិការដ្ឋានរដ្ឋសភា។បច្ចុប្បន្ននេះសភាបារំាងក៏បានផ្តល់ឱកាសជូនថ្នាក់ដឹកនាំ និងមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា បានទៅបណ្តុះបណ្តាលវគ្គខ្លីៗ នៅប្រទេសបារំាងផងដែរ។
ឆ្លៀតនៅក្នុងឱកាសនោះ សម្តេចរដ្ឋសភាធិបតី ក៏បានលើកឡើងពីស្ថានភាពនៃជម្លោះព្រំដែនកម្ពុជា ថៃ ។ សម្តេចបានគូសបញ្ជាក់ថា ដូចឯកឧត្តមឯកអគ្គរដ្ឋទូត បានដឹងខ្លះៗអំពីទំនាស់បញ្ហាព្រំដែនកម្ពុជា-ថៃ នាពេលថ្មីៗនេះ។ តាមពិតទៅបញ្ហានេះបានកើតមានឡើងជាយូរមកហើយ និងបានអូសបន្លាយរហូតមកដល់បច្ចុប្បន្ន។ ភាគីកម្ពុជាមិនចង់សើរើបញ្ហានេះឡើយ។
កម្ពុជាតែងតែចង់រួមរស់ជាមួយប្រទេសជិតខាងដោយសន្តិភាព និងភាពជាអ្នកជិតខាងល្អ ហើយបានតាំងចិត្តខ្ពស់ក្នុងការកសាងខ្សែបន្ទាត់ព្រំដែនឱ្យទៅជា ព្រំដែនមិត្តភាព សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ ប៉ុន្តែភាគីថៃមានមហិច្ឆតា តែងចិញ្ជឹមចិត្តចង់បាន ឈ្លានពាន ដោយតែងបានបង្កទំនាស់ ជម្លោះជាហូរហែរហូតដល់បច្ចុប្បន្ន។ ថៃបានបដិសេធប្រើប្រាស់ផែនទី ដែលទទួលស្គាល់ដោយអន្តរជាតិ គូសដោយបារំាង-សៀម។ លើសពីនេះថៃបានពង្រឹកបញ្ហាព្រំដែនទៅជាបញ្ហាសេដ្ឋកិច្ច ពាណិជ្ជកម្ម បិទច្រកព្រំដែនជាឯកតោភាគី ប៉ះពាល់ដល់ទំនាក់ទំនងនិងជីវភាពប្រជាពលរដ្ឋទំាងសងខាង។ កម្ពុជាសង្ឃឹមថាភាគីថៃនឹងដោះស្រាយបញ្ហាដោយសន្តិវិធី បើកច្រកព្រំដែន ដែលខ្លួនបានបិទឡើងវិញដើម្បីឱ្យស្ថានភាពវិលទៅដូចដើមវិញ។
សម្តេចរដ្ឋសភាធិបតី មានសង្ឃឹមថាទោះបីជា ឯកឧត្តមឯកអគ្គរដ្ឋទូតត្រូវបញ្ចប់អាណត្តិការទូតពីកម្ពុជាយ៉ាងណាក្តី ក៏ឯកឧត្តមនៅតែជាស្ពានភ្ជាប់ទំនាក់ទំនងប្រទេស ក៏ជាប្រជាជនកម្ពុជា-បារំាង ជាដដែរ៕
ដោយ៖ ប៊ុនរិទ្ធ





