ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន និងលោកជំទាវ អញ្ជើញចុះសួរសុខទុក្ខវីរកងទ័ពជួរមុខនៅខេត្តបន្ទាយមានជ័យ
AKP បន្ទាយមានជ័យ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ -- ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជានាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងលោកជំទាវ សេក សិរីរតនា ប៉ាន់ខែម ប៊ុនថន បានដឹកនាំក្រុមការងារជាច្រើនរូបចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាមួយចំនួនជូនដល់វីរកងទ័ពជួរមុខដែលកំពុងឈរជើងប្រចាំទិសទី១ យោធភូមិភាគទី៥ ខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសដ៏វិសេសវិសាលនេះ លោក ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង និងជានាយសេនាធិការយោធភូមិភាគទី៥ បានថ្លែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន និងលោកជំទាវ សេក សិរីរតនា ប៉ាន់ខែម ប៊ុនថន ព្រមទាំងក្រុមការងារ។ លោកឧត្តមសេនីយ៍ទោបានគូសបញ្ជាក់ថា ការឆ្លៀតពេលនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនចុះមកសួរសុខទុក្ខកងទ័ពជួរមុខដោយផ្ទាល់នាពេលនេះ គឺជាការលើកកម្លាំងចិត្តដ៏សំខាន់សម្រាប់កងទ័ពជួរមុខដែលកំពុងឈរជើងការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ លោកបានបន្ថែមថា កម្លាំងជួរមុខនៅទីនេះ បានអនុវត្តតាមបទបញ្ជាបានយ៉ាងម៉ឺងម៉ាត់ ដោយការពារឱ្យបាននូវទីតាំងភូមិសាស្ត្រ និងមិនពង្រីកសមរភូមិឡើយ។

ថ្លែងទៅកាន់វីរកងទ័ពជួរមុខ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន បាននាំយកនូវការផ្តាំផ្ញើសួរសុខទុក្ខយ៉ាងកក់ក្តៅបំផុតរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនដល់វីរកងទ័ពជួរមុខទាំងអស់ ដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន បានបញ្ជាក់យ៉ាងច្បាស់ថា ក្នុងនាមឯកឧត្តម និងក្រុមគ្រួសារ ព្រមទាំងក្រុមការងារទាំងអស់ ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាគ្រប់រូបដែលនៅសមរភូមិក្រោយ សូមថ្លែងការគោរពអរគុណ និងដឹងគុណជានិច្ចចំពោះវីរភាពរបស់វីរកងទ័ពជួរមុខទាំងអស់គ្នា។ ឯកឧត្តមបានសង្កត់ធ្ងន់ថា អ្នកនៅសមរភូមិក្រោយគឺបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការពារខឿនសន្តិសុខជាតិ និងផ្តល់ការគាំទ្រយ៉ាងពេញទំហឹងគ្រប់ពេលវេលាដល់វីរកងទ័ពជួរមុខ ដើម្បីរួមគ្នាការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីព្រះរាជាណាចក្រកម្ពុជាឱ្យខាងតែបាន៕


ដោយ ឈុន សារ៉ាត





