ឯកឧត្ដមសន្តិបណ្ឌិត នេត សាវឿន៖ មានអតីតយុទ្ធជន ទើបយើងមានដូចសព្វថ្ងៃនេះ
AKP កំពង់ចាម ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ -- ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី អនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម បានមានប្រសាសន៍ថា មានអតីតយុទ្ធជននេះហើយទើបយើងទទួលបាននូវសុខសន្តិភាពពេញលេញដូចសព្វថ្ងៃនេះ។ កម្ពុជាយើង ៥០០ឆ្នាំមុន មិនដែលបានសុខសន្តិភាពពេញលេញទេតែងតែមានសង្គ្រាមផ្ទៃក្នុងជាញឹកញាប់។ កម្ពុជាយើងចាប់ពីឆ្នាំ១៩៩៣រហូតដល់ពេលនេះ កម្ពុជាទទួលបានសុខសន្តិភាពពេញលេញក្រោមការដឹកនាំអនុវត្តនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី ទើបយើងមានសុខសន្តិភាពពេញលេញហើយសព្វថ្ងៃ យើងរស់នៅក្រោមដំបូលសុខសន្តិភាព។ ២៧ឆ្នាំនេះ យើងបានសុខសន្តិភាពពេញលេញ ដោយប្រទេសជាតិ ប្រជាពលរដ្ឋរស់នៅប្រកបដោយសុខសន្តិភាព ដោយឯកភាពជាតិ ឯកភាពទឹកដី និងឯកភាពកងកម្លាំង ក្រោមរដ្ឋាភិបាលតែមួយ។

ឯកឧត្តមសន្តិបណ្ឌិតបានថ្លែងដូច្នេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវអគារទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ចាម និងការប្រារព្ធទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា លើកទី១៨ នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥នេះ ក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ដោយមានការចូលរួមពីឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តផងដែរ។

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានបញ្ជាក់ថា សម្ដេចតេជោ និងសម្តេចធិបតី ជានិច្ចជាកាលតែងតែតម្កល់ផលប្រយោជន៍ខ្ពស់ណាស់ចំពោះបងប្អូនជាអតីតយុទ្ធជន និងនិវត្តន៍ជនដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឱ្យប្រទេសជាតិបានសុខ និងការអភិវឌ្ឍដូចសព្វថៃ្ងនេះ។ ក្រោយប្រទេសជាតិបានរំដោះពីរបបប្រល័យពូជសាសន៍ប៉ុលពត បងប្អូនអតីតយុទ្ធជនយើងបានរួមចំណែកយ៉ាងសំខាន់ ក្នុងការពារសុខសន្តិភាព ការការពារមិនឱ្យរបបខ្មែរក្រហមវិញត្រឡប់មកវិញ និងការកសាងប្រទេសជាតិឡើងវិញ។ គុណបំណាច់របស់អតីតយុទ្ធជនកម្ពុជាយើងមិនអាចបំភ្លេចបានទេ។ អ្វីមានដល់ថ្ងៃនេះ បានសុខសុវត្ថិភាព ជីវភាពល្អ និងសង្គមរីកចម្រើន និងការអភិវឌ្ឍដូចសព្វថ្ងៃនេះគឺដោយសារស្នាដៃរបស់បងប្អូនអតីតយុទ្ធជន និងនិវត្តន៍ជន និងគ្រប់ស្ថាប័នបានចូលរួមចំណែក ក្នុងការការពារ និងកសាងប្រទេសជាតិគឺជាគុណបំណាច់របស់បងប្អូនអតីតយុទ្ធជន និវត្តន៍ជន សម្រាប់មនុស្សជំនាន់ក្រោយគិតគូរ ចំពោះគុណបំណាច់ ព្រោះបងប្អូនហ៊ានធ្វើពលិកម្មគ្រប់យ៉ាងដើម្បីប្រទេសជាតិនិង សេចក្តីសុខជូនដល់ប្រជាពលរដ្ឋយើងមានដូចសព្វថៃ្ងនេះ។

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ក៏បានណែនាំដល់ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ពិសេស ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនខេត្តទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះបងប្អូនអតីតយុទ្ធជន និងចុះនិត្យស្ថានភាពរស់នៅឱ្យបានជាប់ជាប្រចាំជាមួយអតីតយុទ្ធជនក្នុងមូលដ្ឋានរស់នៅរបស់ខ្លួន ដើម្បីធានាពីជីវភាពរស់នៅដូចជាសុខុមាលភាពអតីតយុទ្ធជន សំដៅជួយលើកស្ទួយជីវភាពអតីតយុទ្ធជនឱ្យទទួលបាននូវអត្ថប្រយោជន៍ជាច្រើន និងជីវភាពរស់នៅកាន់តែល្អប្រសើរឡើង។ សូមបងប្អូនអតីតយុទ្ធជន និងនិវត្តន៍ជន ត្រូវថែទាំសុខភាព និងប្រកបការងារចិញ្ចឹមជីវិតរួមទាំងអប់រំកូនចៅ នៅឱ្យឆ្ងាយពីអំពើមិនល្អដែលសង្គមស្អប់ខ្ពើមដូចជា គ្រឿងញៀន ក្រុមបងតូចបងធំ គេចពីការសិក្សា និងល្បែងស៊ីសងគ្រប់ប្រភេទ និងរួមគ្នាចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពដែលជាមូលដ្ឋានគ្រឹះនៃសេចក្តីសុខសាន្តក្នុងការរស់នៅ៕

ដោយ ឆាយ ម៉ុត





