មន្ត្រីជាង៤០០នាក់ទៀតបានទទួលការបណ្ដុះបណ្ដាលនៅសាលាជាតិរដ្ឋបាលមូលដ្ឋានក្នុងខែមិថុនា
AKP ភ្នំពេញ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ -- ពេញមួយខែមិថុនា ឆ្នាំ២០២៥ សាលាជាតិរដ្ឋបាលមូលដ្ឋាននៃក្រសួងមហាផ្ទៃបានបន្តរៀបចំបើកវគ្គបណ្តុះបណ្តាលមន្ត្រីចំនួន៧វគ្គ ដោយមានសិក្ខាកាមចូលរួមសិក្សាសរុបចំនួន៤៤៦នាក់ ក្នុងនោះមានសិក្ខាកាមជាស្ត្រីចំនួន១៨៣នាក់ ហើយបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុងចំណោមមន្ត្រីទទួលការបណ្ដុះបណ្ដាលក្នុងខែមិថុនានោះភាគច្រើនគឺជាមន្ត្រីនៅតាមមូលដ្ឋានចាប់ពីថ្នាក់ក្រុមប្រឹក្សាឃុំ សង្កាត់ រហូតដល់រាជធានី ខេត្ត រួមទាំងមន្ត្រីជាប់ឆ្នោតក្រុមប្រឹក្សាផងដែរ។

លោក ទូច សុឃៈ បានឱ្យដឹងដែរថា សាលាជាតិរដ្ឋបាលមូលដ្ឋានក៏បាន និងកំពុងដាក់ឱ្យអនុវត្តសាកល្បងនូវការរៀនសូត្រតាមប្រព័ន្ធអនឡាញ (E-Learning) សម្រាប់ក្រុមគោលដៅជាក្រុមប្រឹក្សាក្រុង-ស្រុក និងរៀបចំប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់ប្រតិបត្តិការការងារ (NASLA-MIS)។
លោកបានបន្ថែមថា ការរៀបចំកម្មវិធីសិក្សាកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ កម្មវិធីសិក្សារយៈពេលខ្លីសម្រាប់សាធារណជន និងកម្មវិធីសិក្សារយៈពេលវែងក៏មានវឌ្ឍនភាពដែរ ដោយគិតមកដល់ខែមិថុនាសម្រេចបានពី៧០ភាគរយទៅ៨០ភាគរយ ខណៈកម្មវិធីសិក្សាពិសេសសមមូលទៅនឹងមធ្យមសិក្សាទុតិយភូមិសម្រាប់ក្រុមប្រឹក្សាឃុំ សង្កាត់សម្រេចបានប្រមាណ១៥ភាគរយ និងបានបញ្ជាក់ថា សាលាជាតិរដ្ឋបាលមូលដ្ឋានមានតួនាទីអភិវឌ្ឍសមត្ថភាពមន្រ្តីរាជការ ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ សិស្ស និស្សិត និងអ្នកពាក់ព័ន្ធដទៃទៀតសិក្សាស្រាវជ្រាវអំពីអភិបាលកិច្ច ការអភិវឌ្ឍមូលដ្ឋាន ការលើកកម្ពស់ស័្វយភាពមូលដ្ឋាន និងការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយរចនាសម្ព័ន្ធរបស់សាលាជាតិរដ្ឋបាលមូលដ្ឋានមានចំនួន៤ រួមមាន ១. នាយកដ្ឋានកិច្ចការទូទៅ ២. នាយកដ្ឋានបណ្ដុះបណ្ដាល ៣. នាយកដ្ឋានផែនការ និងកិច្ចសហប្រតិបត្តិការ និង៤. នាយកដ្ឋានស្រាវជ្រាវ និងផ្សព្វផ្សាយ។ នេះបើតាមអនុក្រឹត្យស្ដីពីការបង្កើតសាលាជាតិរដ្ឋបាលមូលដ្ឋាន៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងមហាផ្ទៃ)





