អនុប្រធានប្រតិបត្តិនៃអង្គការជីវិតសត្វស្លាបអន្តរជាតិទស្សនកិច្ចនៅដែនជម្រកសត្វព្រៃលំផាត់
AKP ភ្នំពេញ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥-- លោកស្រី Lesley Dickie អនុប្រធានប្រតិបត្តិ BirdLife International បានអញ្ជើញមកដល់ដែនជម្រកសត្វព្រៃលំផាត់ ដើម្បីស្វែងយល់អំពីដំណើរការគម្រោង REDD+ បញ្ហាប្រឈម និងស្វែងរកចំណុចខ្វះខាតសម្រាប់កែលម្អឱលយប្រសើរជាងមុន។

ប្រភពពីអង្គការ NatureLife បានឱ្យដឹងនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ថា ក្នុងដំណើរទស្សនកិច្ចនេះ លោកស្រី និងក្រុមការងារអង្គការជីវិតធម្មជាតិនៅកម្ពុជា NatureLife បានជួបពិភាក្សាជាមួយមន្ត្រីឧទ្យានុរក្សនិងអ្នកស្ម័គចិត្តល្បាតសហគមន៍ប្រចាំដែនជម្រកសត្វព្រៃលំផាត់ ភូមិសាស្រ្តខេត្តមណ្ឌលគិរី និងខេត្តរតនគិរី សហគមន៍តំបន់ការពារធម្មជាតិអូររៃ រវាក់ ក្រុមអភិរក្សជីវចម្រុះស្រែជ្រៃ និងកសិករស្រូវមិត្តភាពសង្រ្គោះសត្វព្រៃ ដើម្បីពង្រឹងកិច្ចសហការ និងស្តាប់ពីបទពិសោធន៍រួម និងបញ្ហាប្រឈមក្នុងការអនុវត្តកន្លងមក។

លោកស្រី Lesley ក៏បានអញ្ជើញទៅទស្សនាអាហារដ្ឋានសត្វត្មាត និងបានមើលសត្វស្លាបកម្រ ដូចជា សត្វត្រយងយ្ស សត្វត្រយងចង្កំកស សត្វក្រៀល និងសត្វព្រៃផ្សេងៗទៀត។ អង្គការជីវិតធម្មជាតិនៅកម្ពុជាសូមថ្លែងអំណរគុណចំពោះលោកស្រី Lesley និងអង្គការជីវិតសត្វស្លាបអន្តរជាតិ សម្រាប់ការគាំទ្រ និងការចូលរួមដ៏សកម្មក្នុងការអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះនៅកម្ពុជា៕


ដោយ ណយ នឿន (ប្រភព៖ NatureLife)





