ឯកឧត្តម ច័ន្ទ សុភក្ត្រា បើកកិច្ចប្រជុំពិនិត្យមើលវឌ្ឍនភាពក្រុមការងារដឹកនាំ និងជំរុញការអនុវត្តសេចក្តីណែនាំលេខ០០៣ ក្រសួងការពារជាតិ
AKP ភ្នំពេញ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥-- ឯកឧត្តម ឧត្តមសេនីយ៍ឯក ច័ន្ទ សុភក្ត្រា រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារដឹកនាំ និងជំរុញការអនុវត្តសេចក្តីណែនាំលេខ០០៣ ស្តីពីវិធានការពង្រឹងអនុវត្តន៍លក្ខន្តិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ បទវិន័យទូទៅ សម្រាប់កងយោធពលខេមរភូមិន្ទ និងលំហាត់របៀបនៃកងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យមើលវឌ្ឍនភាពក្រុមការងារដឹកនាំ និងជំរុញការអនុវត្តសេចក្តីណែនាំលេខ០០៣ របស់ក្រសួងការពារជាតិ ក្នុងត្រីមាសទី២ និងអនុវត្តការងារបន្តសម្រាប់ត្រីមាស ៣ឆ្នាំ ២០២៥ កាលពីព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងការពារជាតិ។

ក្នុងកិច្ចប្រជុំនោះ យោងតាមសារាចរណ៍ណែនាំលេខ ០០៣ នៃច្បាប់លក្ខន្តិកៈកងយោធពលខេមរភូមិន្ទ និងសេចក្តីសម្រេចស្ដីពីការបង្កើតក្រុមការងារដឹកនាំ និងជំរុញការអនុវត្តសេចក្តីណែនាំលេខ ០០៣ ស្ដីពីវិធានការពង្រឹងអនុវត្តន៍លក្ខន្តិកៈទូទៅចំពោះយោធិននៃកងយោពលខេមរភូមិន្ទ បទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ និងលំហាត់របៀបកងយោធពលខេមរភូមិន្ទ និងសេចក្តីសម្រេចបង្កើតគណៈកម្មការត្រួតពិនិត្យក្រុមការងារ ដែលបកស្រាយដោយលោកវរសេនីយ៍ឯក ខុន សំអាត ជំនួយការផ្ទាល់ ឯកឧត្តម រដ្ឋលេខាធិការក្រសួងការពារជាតិ បានបញ្ជាក់យ៉ាងច្បាស់ថា កងយោធពលខេមរភូមិន្ទ គឺជាកងទ័ពតែមួយគត់របស់ព្រះរាជាណាចក្រកម្ពុជា។ កងកម្លាំងនេះមានភារកិច្ចបម្រើប្រទេសជាតិ និងប្រជាជន។ បេសកកម្មរបស់កងយោធពលខេមរភូមិន្ទគឺត្រូវរៀបចំប្រើប្រាស់កម្លាំងកងយោធពលខេមរភូមិន្ទដើម្បីការពារ កសាងមាតុភូមិ និងដើម្បីផលប្រយោជន៍ ដ៏ខ្ពង់ខ្ពស់របស់ប្រទេសជាតិ។ ក្នុងកាលៈទេសៈចាំបាច់ កងយោធពលខេមរភូមិន្ទនឹងអាចចូលរួមក្នុងការការពារសន្តិសុខសាធារណៈ និងជាជំនួយដល់ប្រជាពលរដ្ឋ ដែលជួបការលំបាក ឬមានអាសន្នមហន្តរាយនានា។ យោធិនត្រូវគោរពវិន័យយ៉ាងម៉ឺងម៉ាត់ ភក្តីភាព និងក្លាហានហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាងនៅគ្រប់កាលៈទេសៈទាំងអស់ចំពោះជាតិ មាតុភូមិ។ យោធិនគ្រប់រូបត្រូវបំពេញករណីយកិច្ចជាចាំបាច់ ដើម្បីសាកសមទៅហ្នឹងការគោរពស្រឡាញ់ពីសំណាក់ប្រជាពលរដ្ឋ។ ច្បាប់លក្ខន្តិកៈទូទៅនេះនឹងធានាសិទ្ធិសេរីភាព និងចែងអំពីកាតព្វកិច្ចចំពោះយោធិនគ្រប់រូប ដែលរួមមាន សម្រាប់យោធិនអាជីព និងយោធិនជាប់កិច្ចសន្យា។

ឯកឧត្តម ច័ន្ទ សុភក្ត្រា រដ្ឋលេខាធិការក្រសួងការពារជាតិ និងលោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការក្រសួងការពារជាតិ បានរំលេចនៅក្នុងកិច្ចប្រជុំនោះថា កន្លងមកយើងសង្កេតឃើញថា មាននាយ ពលទាហាន យើងមួយចំនួន ក្នុងនោះមានចាប់ពីនាយទាហានជាន់ខ្ពស់ រហូតដល់ថ្នាក់ក្រោម នៅពុំទាន់បានអនុវត្តឱ្យបានត្រឹមត្រូវ ទៅតាមច្បាប់លក្ខន្តិកៈទូទៅរបស់កងយោធពលខេមរភូមិន្ទនៅឡើយទេ ដោយការប្រើប្រាស់ឯកសណ្ឋាន ស្លាកសញ្ញា និងការប្រតិបត្តិលំហាត់របៀបរបស់កងទ័ព ក្នុងពេលបំពេញការងាររដ្ឋបាលរបស់ខ្លួនពុំទាន់បានឯកភាពគ្នានៅឡើយ។ ទន្ទឹមនឹងនោះដែរ លោកជំទាវក៏បានលើកឡើងបន្ថែមទៀតថា ថ្មីៗនេះមាននាយ ពលទាហានមួយចំនួន គ្រងឯកសណ្ឋាន ជាកងយោធពលខេមរភូមិន្ទ និងយកតួនាទីទៅលេងសើចនៅក្នុងបណ្ដាញសង្គម ពិសេសការបង្អោះតាមបណ្ដាញសង្គមផងដែរ នៅរូបភាពការចល័តទ័ព យុទ្ធោបករណ៍ និងឡេនដ្ឋានជាដើម ដែលជាលក្ខការណ៍កងទ័ព។ ប្រការនេះបានជះឥទ្ធិពលដល់កិត្តិនាម កិត្តិយស របស់កងយោធពលខេមរភូមិន្ទ ពិសេសស្ថាប័នក្រសួងការពារជាតិ។
ឯកឧត្តម ច័ន្ទ សុភក្រ្តា បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំគ្រប់ស្ថាប័ន អង្គភាពទាំងអស់ ចំណុះក្រសួងការពារជាតិ ត្រូវយកចិត្តទុកដាក់ ផ្សព្វផ្សាយអប់រំ ណែនាំ បទបញ្ជា គោលការណ៍ច្បាប់លក្ខន្តិកៈទូទៅ កងយោធពលខេមរភូមិន្ទរបស់ក្រសួងការពារជាតិ ស្ដីពីការគ្រប់គ្រងវត្តមាន អវត្តមាន ការចេញចូល ការគោរពប្រតិបត្តិ ការប្រើប្រាស់ឯកសណ្ឋាន ស្លាកសញ្ញារបស់នាយ ពលទាហានរបស់ខ្លួន និងបណ្ដាអង្គភាពចំណុះដែលចូលរួម ឱ្យបានយល់គ្រប់ៗគ្នាអំពីច្បាប់លក្ខន្តិកៈទូទៅនេះ ដើម្បីរួមគ្នាធ្វើកំណែទម្រង់ ក្នុងកងយោធពលខេមរភូមិន្ទឱ្យមានរបៀបរៀបរយក្នុងពេលបំពេញការងារប្រចាំថ្ងៃ។
ក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារអនុវត្តច្បាប់លក្ខន្តិកៈទូទៅរបស់កងយោធពលខេមរភូមិន្ទនោះដែរ ឯកឧត្តមឧត្តមសេនីយ៍ឯក ក៏បានផ្ដាំផ្ញើដល់មេបញ្ជាការ សាមីស្ថាប័ន អង្គភាព និងយោធិនគ្រប់អង្គភាពទាំងអស់ ត្រូវចូលរួមអនុវត្តក្នុងផែនការកែទម្រង់កងយោធពលខេមរភូមិន្ទ ឱ្យមានប្រសិទ្ធភាពខ្ពស់។ ចំពោះជំនាញបុគ្គលិកនៃនាយកដ្ឋានចំណុះក្រសួងការពារជាតិ ពិសេសស្ថាប័នអង្គភាពកងកម្លាំងកងពលតូចលេខ៧០ ដែលមានតួនាទី ភារកិច្ចការពារក្រសួង និងអគ្គបញ្ជាការរដ្ឋាន ឯកឧត្តមក៏បានស្នើឱ្យយកចិត្តទុកដាក់ជួយបន្ថែមទៀតលើការពង្រឹងរបៀបរបបសន្តិសុខ លំហាត់របៀបរបស់នាយ ពលទាហាន ដែលមានភារកិច្ចចេញ ចូលបំពេញការងារក្នុងស្ថាប័នក្រសួងការពារជាតិ អំពីការគ្រងឯកសណ្ឋាន ស្លាកសញ្ញា ឱ្យបានត្រឹមត្រូវ។ ទន្ទឹមនឹងនោះ ក៏ត្រូវយកចិត្តទុកដាក់អនុវត្តកម្មវិធីគោលនយោបាយស្ដីពីការគ្រប់គ្រងចំនួនទ័ព អាវុធយុទ្ធភណ្ឌឱ្យបានហ្មត់ចត់ ត្រឹមត្រូវស្របតាមការកំណត់ដោយច្បាប់ និងអនុក្រឹត្យសេចក្តីណែនាំផ្សេងៗស្ដីពីការគ្រប់គ្រងចំនួនទ័ព នៅពេលប្រតិបត្តិការងារប្រចាំថ្ងៃ ដើម្បីធ្វើកំណែទម្រង់ប្រកបដោយប្រសិទ្ធភាព តម្លាភាព យុត្តិធម៌ ដោយផ្អែកទៅលើគោលការណ៍ច្បាប់ ដោយមិនត្រូវយកអារម្មណ៍ ឬមនោសញ្ចេតនាជាលក្ខណៈបុគ្គល ជាគោលនោះទេ ត្រូវយកចិត្តទុកដាក់ពន្យល់អប់រំ បណ្ដុះបណ្ដាលយោធិនគ្រប់រូបឱ្យក្លាយជាធនធានមនុស្សក្នុងកងយោធពលខេមរភូមិន្ទ ប្រកបដោយគុណភាព សមត្ថភាព ទំនើបកម្ម ទាំងមនុស្ស សម្ភារ តាមជំនាញនីមួយៗ និងពង្រឹងគុណភាព ការងារឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ស្របតាមការវិវត្តន៍នៃបច្ចេកវិទ្យាឌីជីថល និងទំនើបកម្មវិស័យយោធាបច្ចុប្បន្ន។ ករណីយោធិនរូបណាមិនចូលរួម មិនគោរពច្បាប់ សេចក្តីណែនាំ ឬបទបញ្ជាណាមួយ ត្រូវមានវិធានការផ្លូវច្បាប់តាមនីតិវិធី អនុវត្តក្រឹត្យវិន័យ របស់កងយោធពលខេមរភូមិន្ទ។ ត្រូវបន្តចូលរួមជាមួយរាជរដ្ឋាភិបាល ក្រសួងការពារជាតិ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀន លុបបំបាត់សកម្មភាពជនទំនើង បងតូចបងធំ ពិសេសលុបបំបាត់ឱ្យខាងតែបាន ក្នុងជួរកងយោធពលខេមរភូមិន្ទ គ្មានគ្រឿងញៀន និងចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានគ្រប់ៗគ្នា។
ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានរំលឹកថែមទៀតឱ្យគ្រប់ស្ថាប័នទាំងអស់ ត្រូវមានវគ្គផ្សព្វផ្សាយ អប់រំ អំពីច្បាប់លក្ខន្តិកៈទូទៅនេះឱ្យនាយទាហានថ្នាក់ក្រោមរបស់ខ្លួន បានយល់ដឹងជ្រួតជ្រាបកាន់តែច្បាស់ អំពីក្រឹតច្បាប់វិន័យលក្ខន្តិកៈទូទៅរបស់កងយោធពលខេមរភូមិន្ទឱ្យបានគ្រប់ៗគ្នា ចៀសវាងអនុវត្ត និងប្រព្រឹត្តខុសប្រាសចាស់ពីច្បាប់លក្ខន្តិកៈទូទៅរបស់កងយោធពលខេមរភូមិន្ទ៕
ដោយ សំ សាម៉ន





