ក្រុមហ៊ុនវិនិយោគធំៗរបស់ចិនចូលជួបសម្តែងការគួរសម និងសុំអនុសាសន៍លើវិស័យបរិស្ថានពីឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត
AKP ភ្នំពេញ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥-- ក្រុមហ៊ុនវិនិយោគធំៗចំនួន៣ ដែលមានផ្សារភាគហ៊ុននៅប្រទេសចិន ឯកទេសខាងប្រពន្ធ័ប្រព្រឹត្តកម្មទឹកកខ្វក់ និងការកែច្នៃកាកសំណល់រឹង និងប្លាស្ទិក ដឹកនាំដោយលោក Ding Yongjun ប្រធានក្រុមហ៊ុន Morgan Group នៅកម្ពុជា បានចូលជួបសម្តែងការគួរសម និងសុំអនុសាសន៍លើវិស័យបរិស្ថានពីឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន កាលពីរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ នាទីស្តីការក្រសួងបរិស្ថាន។

ក្រោយពីបានស្តាប់នូវបទបង្ហាញអំពីបទពិសោធន៍ និងសមត្ថភាពរបស់ក្រុមហ៊ុន តាមរយៈបច្ចេកវិទ្យាទំនើបក្នុងការធ្វើប្រព្រឹត្តកម្មសំណល់ទឹកកង្វក់ និងភាពវៃឆ្លាតក្នុងការប្រមូលសំរាម សំណល់រឹង និងប្លាស្ទិក ដើម្បីរួមចំណែកការពារបរិស្ថានរួចមក ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា ក្រោមម្លប់នៃសុខសន្តិភាព និងក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កម្ពុជាបានក្លាយជាគោលដៅដ៏ទាក់ទាញ និងមានសក្តានុពលរបស់វិនិយោគិនគ្រប់ទិសទី។ ក្រសួងបរិស្ថានបានសម្តែងការស្វាគមន៍ និងគាំទ្រ ដែលក្រុមហ៊ុនវិនិយោគទាំង៣ ដែលមានបំណងរួមចំណែកជាមួយគោលនយោបាយចក្រាវិស័យបរិស្ថាន ផ្តោតលើ ភាពស្អាត បៃតង និងចីរភាព។ ដោយឡែក ចំពោះភាពស្អាត ក្រសួងបរិស្ថានផ្តោតលើភាពស្អាតលើមេឃ សំដៅលើគុណភាពខ្យល់ល្អ ភាពស្អាតលើដីសំដៅលើការកាត់បន្ថយសំរាម សំណល់រឹង និងប្លាស្ទិក។

ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តីបានបន្តថា កន្លងមកនេះ យើងមានសាធារណជន និងសិស្សានុសិស្សសរុបចំនួន១១លាននាក់ បានបេ្តជ្ញាចិត្តមិនប្រើថង់ប្លាស្ទិក ហើយបច្ចុប្បន្នក្រសួងកំពុងសំឡឹងមើលឡដុតសំរាមដែលមានបច្ចេកវិទ្យាខ្ពស់ សន្សំសំចៃថាមពល សម្រាប់ដុត ឬ កែច្នៃសំណល់ប្លាស្ទិកដែលប្រមូលបាន។ ជាមួយគ្នានេះដែរក្រសួងបាននិងកំពុងរៀបចំគោលនយោបាយគ្រប់គ្រងសំណល់រឹងរយៈពេលវែង ខ្លី និងមធ្យម និងការគាំទ្រជាច្រើនទៀតដើម្បីធ្វើយ៉ាងណា ឱ្យកម្ពុជាមានសោភណ័ភាពស្អាត និងធានាបាននូវសុខភាពសាធារណៈកាន់តែល្អប្រសើរ។
ចំពោះភាពស្អាតក្នុងទឹកវិញ ក្រសួងកំពុងសំឡឹងមើលបច្ចេកវិទ្យាដំឡើងអាងប្រព្រឹត្តកម្មទឹកកង្វក់ដែលមានសមត្ថភាពខ្ពស់ចម្រាញ់ទឹកបានស្អាត ចំណាយតិច សន្សំសំចៃថាមពល ដែលអាចបំពាក់នៅតាមអាគារខ្ពស់ៗ តាមទីក្រុង និងតាមតំបន់ប្រជុំជននានា ដូចនេះ វត្តមានរបស់ក្រុមហ៊ុន Toyon Energy Co., Ltd. ក្រុមហ៊ុន JingLV Environment Co., Ltd. និងក្រុមហ៊ុន. Shun Yu Water Co., Ltd. ពិតជាមានសារៈសំខាន់ណាស់ ដែលនាំមកនូវបច្ចេកវិទ្យាដ៏ទំនើប និងជោគជ័យនៅប្រទេសចិន មកចែករំលែកនៅកម្ពុជា ក្នុងនាមជាប្រទេសមិត្តភាពដែកថែប កម្ពុជា-ចិន។

គួរបញ្ជាក់ថា ក្រុមហ៊ុន Toyon Energy Co., Ltd. ក្រុមហ៊ុន JingLV Environment Co., Ltd. និងក្រុមហ៊ុន. Shun Yu Water Co., Ltd. ជាក្រុមហ៊ុនដ៏ធំរបស់ខេត្ត Anhui ប្រទេសចិនដែលមានបទពិសោធន៍ជាង២០ឆ្នាំ ក្នុងការប្រមូល និងកែច្នៃ កាកសំណល់រឹង និងប្លាស្ទិក បំល្លែងចេញជាវត្ថុផ្សេងៗ និងប្រភពថាមពល និងការប្រើប្រាស់បច្ចេកវិទ្យាទំនើបស្របតាមស្តង់ដា សន្សំសំចៃថាមពលខ្ពស់ ក្នុងការធ្វើប្រព្រឹត្តកម្មសំណល់ទឹកកង្វក់ បំប្លែងចេញជាទឹកស្អាតសម្រាប់ប្រើប្រាស់ និងបរិភោគផងដែរ៕
ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងបរិស្ថាន)





