រដ្ឋមន្រ្តីក្រសួងយុត្តិធម៌សម្រេចផ្អាកជាបណ្តោះអាសន្ននូវមុខងាររបស់ព្រះរាជអាជ្ញារងឈ្មោះ គ្រី សីហា ពីអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ដែលធ្វើការដោះលែងជនល្មើសមានការពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
AKP ភ្នំពេញ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ -- ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌សម្រេចផ្អាកជាបណ្តោះអាសន្ននូវមុខងាររបស់ព្រះរាជអាជ្ញារងឈ្មោះ គ្រី សីហា ពីអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ចំពោះការដោះលែងដោយរំលោភអំណាច នូវជនល្មើសដែលមានការពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅខេត្តពោធិសាត់។ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ នាយប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥។

ជាមួយគ្នានេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ បានថ្លែងថា ក្នុងកិច្ចប្រជុំពីម្សិល, ឯកឧត្តមបានណែនាំឱ្យឯកឧត្តម លោកជំទាវជាប្រធានតុលាការ និង ព្រះរាជអាជ្ញា ប្រកាន់នូវភាពម៉ឺងម៉ាត់ក្នុងការអនុវត្តវិធានការច្បាប់ ក៏ដូចជាផ្តល់កិច្ចសហការពេញលេញដល់សមត្ថកិច្ចដើម្បីអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលក្នុងការបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា យប់នេះ, ក្រសួងយុត្តិធម៌មានភាពចាំបាច់ ក្នុងការសម្រេចផ្អាកជាបណ្តោះអាសន្ននូវមុខងាររបស់ព្រះរាជអាជ្ញារងឈ្មោះ គ្រី សីហា ពីអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីបើកផ្លូវឱ្យក្រុមអធិការរបស់ក្រសួងយុត្តិធម៌ ក៏ដូចជា សមត្ថកិច្ច ចុះធ្វើការស្រាវជ្រាវ និងចាត់វិធានការតាមច្បាប់ ចំពោះករណីដែលព្រះរាជអាជ្ញារងរូបនេះ បានសម្រេចធ្វើការដោះលែងដោយរំលោភអំណាច នូវជនល្មើសដែលមានការពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និង ដែលត្រូវបានសម្រេចធ្វើការសម្រេចឃាត់ខ្លួនដោយសមត្ថកិច្ច ដើម្បីកសាងនីតិវិធីទៅតាមច្បាប់។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា៖ «ជាថ្មីម្តងទៀត ខ្ញុំសូមរម្លឹកជាថ្មីជូនដល់ឯកឧត្តម លោកជំទាវជាប្រធានតុលាការ និង ព្រះរាជអាជ្ញាទាំងអស់ សូមប្រកាន់ខ្ជាប់នូវភាពម៉ឺងម៉ាត់ និង ការទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្តវិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់ ពិសេស ផ្តល់កិច្ចសហការឱ្យបានពេញលេញដល់ប្រតិបត្តិការរបស់សមត្ថកិច្ចក្នុងការបង្រ្កាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅទូទាំងប្រទេស ស្របតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាល»៕
ដោយ៖ រិទ្ធី





