ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាងបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និងសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ -- ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាងបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) និងសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham) ដោយមានការអញ្ជើញចូលរួមពីលោក Gabriele Faja ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ថ្នាក់ដឹកនាំក្រសួងនិងCADT ព្រមទាំងសហការីនៃ EuroCham នៅទីស្ដីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

អនុស្សរណៈនៃការយោគយល់នេះមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការគ្នារវាង CADT និង EuroCham សំដៅជំរុញការធ្វើបរិវត្តកម្មឌីជីថល ការបញ្ជ្រាបការយល់ដឹង និង ការលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សដើម្បីបំពេញតម្រូវការក្នុងវិស័យឌីជីថលដែលកំពុងរីកចម្រើន។

ក្នុងពិធីនោះ ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត និងលោក Gabriele បានពិភាក្សា និងផ្លាស់ប្តូរយោបល់នៃការវិវត្តក្នុងវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថល ព្រមទាំងការអភិវឌ្ឍធនធានមនុស្សឌីជីថល ជាពិសេសផ្តោតលើថ្នាលផ្ទៀងផ្ទាត់ឯកសារ Verify.gov.kh កម្មវិធី DG SuperApp និងគំនិតផ្តួចផ្តើមបង្កើតសួនឌីជីថល (Digital Park)។

ឯកឧត្តមរដ្ឋមន្រ្តី និងលោក Gabriele ក៏ដូចជា CADT និង EuroCham គាំទ្រគ្នាទៅវិញទៅមកក្នុងគោលដៅចូលរួមចំណែកក្នុងការធ្វើបរិវត្តកម្មឌីជីថល និងការអភិវឌ្ឍធនធានមនុស្សឌីជីថល៕
ដោយ ណយ នឿន (ប្រភព៖ ក្រសួងប្រៃសណីយ៍)





