លោកជំទាវ លៀង ស្រីម៉ុល ជំរុញឱ្យក្រុមហ៊ុន រោងចក្រ សហគ្រាស នៅខេត្តកំពង់ស្ពឺ ត្រូវអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ
AKP ភ្នំពេញ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥-- លោកជំទាវ លៀង ស្រីម៉ុល រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា ស្តីពីកាតព្វកិច្ចរបស់និយោជកលើការអនុវត្តការចុះបញ្ជិកាក្រុមហ៊ុន រោងចក្រ សហគ្រាស ក្នុងការជ្រើសរើសនិយោជិតជាជនមានពិការភាពចូលបម្រើការងារ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអនុរដ្ឋលេខាធិការ លោកជំទាវ ឡុង បូណារេត អភិបាលរងខេត្តកំពង់ស្ពឺ លោកស្រីអគ្គនាយករង លោកប្រធាននាយកដ្ឋានសុខុមាលភាពជនពិការ តំណាង ម.ជ.ព លោកស្រីប្រធានមន្ទីរ ស.អ.យ. តំណាង មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងសមាគម (TAFTAC) តំណាងសមាគម (CFA) តំណាងសមាគមផលិតផលធ្វើដំណើ និងស្បែកនៅកម្ពុជា (CTLA) និងតំណាង ក្រុមហ៊ុន រោងចក្រ សហគ្រាស វិស័យឯកជន ចូលរួមសរុបចំនួនប្រមាណ១០០នាក់ ប្រព្រឹត្តទៅនៅសាលាខេត្តកំពង់ស្ពឺ។

លោកជំទាវ ឡុង បូណារេត អភិបាលរងខេត្តកំពង់ស្ពឺ បានលើកឡើងថា ខេត្តកំពង់ស្ពឺមានរោងចក្រ សហគ្រាស សរុបចំនួន ១ ៤៤២កន្លែង មានកម្មករនិយោជិត សរុបប្រមាណ ២៥៣ ៩៤៦នាក់ បម្រើការងារក្នុងវិស័យវាយនភ័ណ្ឌកាត់ដេរ ផលិតស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូប និងគ្រឹះស្ថានផ្សេងៗ និងមានរោងចក្រ សហគ្រាស ដែលមាននិយោជិតចាប់ពី ១០០នាក់នៅក្នុងខេត្តកំពង់ស្ពឺមានសរុបចំនួន៥១១។


ក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការបានផ្តល់នូវអនុសាសន៍មួយចំនួន ដូចជា ទី១. ស្នើគ្រប់ក្រុមហ៊ុន រោងចក្រ សហគ្រាស និងវិស័យឯកជន ទាំងអស់បន្តចូលរួមក្នុងការអនុវត្តច្បាប់ស្ដីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ និងអនុក្រឹត្យលេខ ១០៨ អនក្រ.បក ស្តីពីការកំណត់អត្រា និងបែបបទនៃការជ្រើសរើសជនពិការចូលបម្រើការងារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ ទី២. ស្នើដល់គ្រប់ក្រុមហ៊ុន រោងចក្រ សហគ្រាស និងវិស័យឯកជន បំពេញកាតព្វកិច្ចចុះបញ្ជិកា និងបន្តសុពលភាពវិញ្ញាបនបត្រ ជាមួយក្រសួង ឬមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ ទី៣. គ្រប់ក្រុមហ៊ុន រោងចក្រ សហគ្រាស និងវិស័យឯកជន ត្រូវរៀបចំផែនការ និងជ្រើសរើសជនមានពិការភាពចូលបម្រើការងារឱ្យបានគ្រប់អត្រាកំណត់នៃច្បាប់១ភាគរយ។ ទី៤. ផ្សព្វផ្សាយដល់បុគ្គលិក កម្មករ និយោជិត ដែលមានពិការភាព ទៅសម្ភាសអត្តសញ្ញាណកម្មពិការភាព នៅតាម ឃុំ សង្កាត់ របស់ខ្លួនឱ្យបានគ្រប់ៗគ្នា។ ទី៥. រៀបចំ ឬកែសម្រួលហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួល សម្រាប់ជនមានពិការភាព នៅតាមស្ថាប័នរបស់ខ្លួនឱ្យបានសមស្រប។ ទី៦. ផ្តល់ការលើកទឹកចិត្តសមស្របដល់ជនមានពិការភាពដែលកំពុងបម្រើការងារនៅតាមគ្រឹះស្ថានរបស់ខ្លួន៕
ដោយ ណយ នឿន (ប្រភព៖ ក្រសួងសង្គមកិច្ច)





