រដ្ឋមន្រ្តីក្រសួងសាធារណការ អះអាងថា ក្រសួងមានគម្រោងរៀបចំការដឹកជញ្ជូនតាមផ្លូវទឹកតភ្ជាប់ពីខេត្តកែប មកដល់ខេត្តសៀមរាប នាពេលអនាគត
AKP សៀមរាប ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥-- ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ក្នុងពិធីប្រកាសតែងតាំងលោក លឿម រស្មី ជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបថ្មី ជំនួសលោក គី វីរិន្ទ ដែលត្រូវចូលនិវត្តន៍ នៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ថា រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ននេះ នៅតែបន្តយកចិត្តទុកលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដើម្បីកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបាននូវ ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់។ ជាគោលដៅអាទិភាពសម្រាប់ការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ក្រសួងនឹងប្តេជ្ញាចិត្តបន្តខិតខំប្រឹងប្រែងសម្រេចឱ្យបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀតដូចជា ផ្លូវថ្នល់-ស្ពាន ផ្លូវដែក ផ្លូវទឹក ផ្លូវសមុទ្រ កំពង់ផែ និងឡូជីស្ទិក រួមទាំងការដាក់ចេញនូវយន្តការគាំទ្រដល់ការធ្វើឱ្យប្រសើរឡើងនូវគុណភាពហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងការបង្កើនការតភ្ជាប់ប្រទាក់ក្រឡាពីផ្លូវគោកដែលជាសមិទ្ធផលមានស្រាប់ទៅផ្សារភ្ជាប់ជាមួយផ្លូវដែក ផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ ដែលក្នុងនោះការសិក្សា និងអភិវឌ្ឍផ្លូវដែក និងផ្លូវទឹក គឺជាគម្រោងដ៏សំខាន់ដែលក្រសួងត្រូវ យកចិត្តទុកដាក់នៅក្នុងអាណត្តិថ្មីនេះ។


ឯកឧត្តមបានបន្តថា ជាមួយគ្នានេះក្រសួងសាធារណការ និងដឹកជញ្ជូន ក៏មានគម្រោងរៀបចំការដឹកជញ្ជូនតាមផ្លូវទឹកតភ្ជាប់ពីខេត្តកែប មកដល់ខេត្តសៀមរាប នាពេលអនាគត ដោយមានការដឹកជញ្ជូនទាំងទំនិញ និងភ្ញៀវទេសចរពីដែនសមុទ្រតាមបឹងទន្លេសាបមកដល់ខេត្តសៀមរាប ហើយបើគម្រោងនេះទទួលបានជោគជ័យ និងរួមចំណែកជួយធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាកាន់តែល្អប្រសើរ។ ឆ្លើយតបទៅនឹងចក្ខុវិស័យ មាគ៌ានយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល នៅក្នុងអាណត្តិទី៧នេះ ក្រសួងក៏បានកំណត់នូវចក្ខុវិស័យសំខាន់ៗចំនួន២ រួមមាន៖ ១) ការលើកកម្ពស់សេវាគ្រប់ប្រភេទតាមរយៈការអភិវឌ្ឍ និងបន្តធ្វើទំនើបកម្មការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងការគ្រប់គ្រង និងការផ្តល់សេវាប្រកបដោយភាព លឿន រហ័ស តម្លាភាព ប្រសិទ្ធភាព ងាយស្រួល និងជឿទុកចិត្ត និង២) ការលើកកម្ពស់ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ ឡូជីស្ទិក និងការ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ឱ្យមានគុណភាព សុវត្ថិភាព ចីរភាព ភាពធន់ និងបរិយាបន្ន។



ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តីក៏បានជំរុញឱ្យប្រធានមន្ទីរដែលទើបតែងតាំងថ្មី និងមន្ត្រីរាជការនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបទាំងអស់ ខិតខំតាមដានស្តាប់ ឆ្លើយតប និងដោះស្រាយនូវរាល់បញ្ហាប្រឈម និងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ៕
ដោយ ឃុត សៅ





