ស្រុកភ្នំស្រួចជាទីចំណាប់អារម្មណ៍សម្រាប់ទាក់ទាញអ្នកវិនិយោគទុនពីក្រៅស្រុក
AKP កំពង់ស្ពឺ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥-- ឯកឧត្តម សុខ សុទ្ធី អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ជាម ចន្ទសោភ័ណ អភិបាលខេត្ត បានអញ្ជើញជួបពិភាក្សាការងារជាមួយប្រតិភូសមាគមវាយនភ័ណ្ឌមកពីខេត្តក្វាងទុង សាធារណរដ្ឋប្រជាមានិតចិន នៅតំបន់សួនឧស្សាហកម្មជីងឆឹង ស្ថិតនៅភូមិឈើនាងខ្ពស់ ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយមានអញ្ជើញចូលរួមពីលោក លោកស្រីមកពីបណ្តាក្រុមហ៊ុនក្វាងទុង លោកនាយករងរដ្ឋបាលសាលាខេត្ត និងលោក លោកស្រីប្រធានមន្ទីរអង្គភាពជំនាញពាក់ព័ន្ធជុំវិញខេត្ត ជាច្រើនរូបទៀត។

លោកស្រី លាវ សៀវលីង ប្រធានផ្នែកគ្រប់គ្រងទូទៅ ក្រុមហ៊ុម GM.new golden integrity international investment co.Ltd បានឡើងធ្វើបទបង្ហាញជូនដល់គណៈធិបតី ស្តីពីសក្តានុពលក្នុងគម្រោងអភិវឌ្ឍន៍លើទំហំដី៥៦០ហិកតា ចែកចេញជាពីរផ្នែក ក្នុងនោះមានតំបន់អភិវឌ្ឍន៍ឧស្សាហកម្មសេដ្ឋកិច្ចពិសេស និងវាយនភ័ណ្ឌ ដែលមាននាក់វិនិយោគជាង៦០ក្រុមហ៊ុនមកវិនិយោគក្នុងខេត្តកំពង់ស្ពឺ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម សុខ សុទ្ធី អភិបាលរងខេត្ត បានមានមតិស្វាគមន៍ និងសំណេះសំណាល និងបានជម្រាបពីស្ថានភាព និងសក្តានុពលនៃទឹកដីខេត្តកំពង់ស្ពឺ ជាពិសេសនៅតំបន់ស្រុកភ្នំស្រួច ដែលជាទីតាំងសម្រាប់ទាក់ទាញការវិនិយោគលើផ្នែកកសិកម្ម ការចិញ្ចឹមសត្វ និងឧស្សាហកម្មកាត់ដេរសំលៀកបំពាក់ វាយនភ័ណ្ឌផ្សេងៗ និងមានហេដ្ឋារចនាសម្ព័ន្ធល្អក្នុងការដឹកជញ្ជូនកសិផល និងការផលិតនាំចេញទៅទីផ្សារអន្តរជាតិតាមច្រកកំពង់ផែក្រុងព្រះសីហនុដែលមានចម្ងាយផ្លូវជិត ដើម្បីកាត់បន្ថយការចំណាយថ្លៃដឹកជញ្ជូនបានមួយចំនួនទៀត។


ឯកឧត្តមបានបន្តទៀតថា ក្នុងនាមអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់មានតួនាទីភារកិច្ចសម្របសម្រួលការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនអ្នកវិនិយោគស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃររបស់សម្ដេចមហាបបរធិបតី ហ៊ុន ម៉ាណែត ដែលខិតខំប្រឹងប្រែងក្នុងការទាក់ទាញអ្នកវិនិយោគពីក្រៅស្រុក។ដើម្បីមករកស៊ីនៅកម្ពុជាបង្កើតការងារជូនដល់ប្រជាពលរដ្ឋឱ្យមានការងារធ្វើ និងមានប្រាក់ចំណូលដើម្បីផ្គត់ផ្គង់គ្រួសារឱ្យមានជីវភាពធូរធារផងដែរ។

ឯកឧត្តមអភិបាលរងខេត្តបានប្រាប់ទៅអ្នកវិនិយោគឱ្យមានការជឿទុកចិត្តលើថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ពិសេសការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវយុទ្ធសាស្ត្រគន្លឹះជាច្រើន ដើម្បីបង្កើនប្រសិទ្ធិភាព និងប្រសិទ្ធិផលនៃការដឹកនាំ ពិសេសគឺការផ្តល់ជំនឿទុកចិត្តដល់អ្នកវិនិយោគនិងឱកាសការងារដល់ប្រជាពលរដ្ឋទូទាំងប្រទេស៕
ដោយ លឹម សាន្ត





