ឯកឧត្តម Wang Zhimin៖ បច្ចុប្បន្ន កម្រិតនៃទំនាក់ទំនងចិន-កម្ពុជា បានឈានឡើងជាបន្តបន្ទាប់ នាំមកនូវប្រយោជន៍ជាដល់ប្រជាជនយើងទាំងពីរ ក្នុងការកសាងជោគវាសនារួម
AKP ភ្នំពេញ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥--
ឯកឧត្តម Wang Zhimin សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ និងជាអនុប្រធានគណៈកម្មាធិការកិច្ចការជនជាតិ នៃសភាតំណាងប្រជាជនចិន មានប្រសាសន៍ថា បច្ចុប្បន្នកម្រិតនៃទំនាក់ទំនងចិន-កម្ពុជា បានឈានឡើងជាបន្តបន្ទាប់ ហើយនឹងនាំមកនូវប្រយោជន៍ជាច្រើនដល់ប្រជាជនយើងទាំងពីរ ក្នុងការកសាងជោគវាសនារួម ដែលនឹងក្លាយជាកម្លាំងចលករ និងសុខដុមរមនារវាងប្រទេសយើងទាំងពីរ។ នេះបើតាមការឱ្យដឹងរបស់ ឯកឧត្ដម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បន្ទាប់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Wang Zhimin សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ និងជាអនុប្រធានគណៈកម្មាធិការកិច្ចការជនជាតិ នៃសភាតំណាងប្រជាជនចិនទូទាំងប្រទេស និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា។

ក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្តែងនូវក្តីសោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន ឯកឧត្តម Wang Zhimin និងគណៈប្រតិភូ និងសង្ឃឹមថា ទស្សនកិច្ចការងាររបស់ឯកឧត្តមនាពេលនេះ នឹងពង្រឹងឱ្យកាន់តែស្អិតរមួត និងស៊ីជម្រៅថែមមួយកម្រិតទៀតនូវទំនាក់ទំនងកម្ពុជា-ចិន។ សម្តេចតេជោ បានគូសបញ្ជាក់ថា ទំនាក់ទំនងនៃប្រទេសយើងទាំងពីរបានដើរដល់ដំណាក់កាលថ្មី ដូចដែលបានសបញ្ជាក់នៅក្នុងទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង នៅកម្ពុជាកន្លងទៅថ្មីៗនេះ។ សម្តេចតេជោ បានបន្តថា ទស្សនកិច្ចឯកឧត្តម Wang Zhimin និងគណៈប្រតិភូ នាពេលនេះ ក្នុងពេលនៃរដូវវស្សា ពិតជាបង្ហាញឱ្យឃើញនូវទំនាក់ទំនងមិត្តភាព និងការកសាងរួមគ្នា «សហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី»។
ជាមួយគ្នានេះ ឯកឧត្តម Wang Zhimin បានសម្តែងនូវក្តីសប្បាយរីករាយ និងសម្តែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ដែលបានអនុញ្ញាតឱ្យឯកឧត្តម និងគណៈប្រតិភូចូលជួបសម្តែងការគួរសម។ ឯកឧត្តម ក៏បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខរបស់ឯកឧត្តម ចាវ ឡឺជី ប្រធានសភាតំណាងប្រជាជនចិន គោរពជូនសម្តេចតេជោផងដែរ។ ឯកឧត្តម Wang Zhimin បានវាយតម្លៃខ្ពស់ចំពោះថាមភាព និងលទ្ធផលបន្តបន្ទាប់នៃជំនួបនានារបស់ឯកឧត្តមក្នុងឱកាសនៃទស្សនកិច្ចនាពេលនេះ។ ឯកឧត្តម បានលើកឡើងថា ការបន្តផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ដឹកនាំគ្រប់កម្រិតរវាងប្រទេសយើងទាំងពីរ បានបន្តពូនជ្រុំមិត្តភាពដែកថែបចិន-កម្ពុជា ឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ជាពិសេសសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការជាច្រើនត្រូវបានចុះហត្ថលេខានាដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម ស៊ី ជីនពីង នាពេលថ្មីៗនេះ។

ឯកឧត្តម បានថ្លែងឱ្យដឹងថា សភាតំណាងប្រជាជនចិន តែងបន្តរក្សាទំនាក់ទំនងល្អជាមួយរដ្ឋសភា និងព្រឹទ្ធសភានៃកម្ពុជា ស្របតាមចក្ខុវិស័យនៃអតីតថ្នាក់ដឹកនាំប្រទេសយើងទាំងពីរ ជាមួយនឹងមនោសញ្ចេតនាស៊ីជម្រៅ និងជិតស្និទ្ធ។
ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានថ្លែងអរគុណចំពោះការផ្តាំផ្ញើសួរសុខទុក្ខរបស់ឯកឧត្តម ចាវ ឡឺជី ហើយសម្តេចពិតជាមានមោទនភាពក្នុងការរួមចំណែកពង្រឹងទំនាក់ទំនងប្រទេសយើងទាំងពីរ តាមរយៈការបន្តវេន ដែលជាមរតក អតីតព្រះករុណា ព្រះបាទនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ, ឯកឧត្តមប្រធាន ម៉ៅ សេទុង និង ឯកឧត្តមនាយករដ្ឋមន្រ្តី ជូ អេនឡាយ។ សម្តេចតេជោបានបន្តចែករំលែកនូវសភាពការណ៍ និងបញ្ហាប្រឈមសកល ដែលទាមទារឱ្យយើងមានសាមគ្គីភាព ដើម្បីជម្នះការលំបាកនានា ដែលកើតឡើងតាមរយៈការអនុវត្តដោយឯកតោភាគី។ សម្តេចតេជោ បានថ្លែងបន្ថែមថា សភាពការណ៍ប្រឈមសកលនេះ ក៏ជាកាលានុវត្តភាព តម្រូវឱ្យកម្ពុជា-ចិន និងចិន-អាស៊ាន ពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត សំដៅត្រៀមរៀបចំខ្លួនពង្រឹងពហុភាគីនិយម និងលើកកម្ពស់ការគោរពច្បាប់អន្តរជាតិ។

ក្នុងក្រោមក្របខ័ណ្ឌទ្វេភាគី សម្តេចតេជោ ប្រធានព្រឹទ្ធសភាបានចែករំលែកទស្សនវិស័យសម្តេច សំដៅជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ទំនាក់ទំនងប្រជាជននិងប្រជាជន និងសេដ្ឋកិច្ចជាដើម។ សម្តេចតេជោ បានវាយតម្លៃខ្ពស់ចំពោះមិត្តចិន ដែលតែងតែគោរព និងផ្តល់តម្លៃខ្ពស់ចំពោះទំនាក់ទំនងប្រទេសយើងទាំងពីរ បើទោះបីជា កម្ពុជាជាប្រទេសតូច ហើយចិនជាប្រទេសធំក្តី។ សម្តេចតេជោបានសង្កត់ធ្ងន់ថា លទ្ធផលនៃទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង នាពេលកន្លងទៅ បានបន្តកសាងគ្រឹះយ៉ាងរឹងមាំ និងជាផែនទីចង្អុលផ្លូវនៃទំនាក់ទំនងរយៈពេលវែងសម្រាប់របស់យើងទាំងពីរផងដែរ។
ក្នុងឱកាសនោះ សម្តេចតេជោ បានផ្តាំផ្ញើការគោរព និងការសួរសុខទុក្ខចំពោះ ឯកឧត្តម ចាវ ឡឺជី, ឯកឧត្តម វ៉ាង ហ៊ូនីង និងឯកឧត្តម ស៊ី ជីនពីង ព្រមជាមួយនឹងការអញ្ជើញ ឯកឧត្តម ចាវ ឡឺជី មកទស្សនកិច្ចនៅកម្ពុជា នាពេលសមស្របណាមួយខាងមុខផងដែរ។
ឯកឧត្តម Wang Zhimin បានថ្លែងអំណរគុណសម្តេចតេជោ និងវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពជាប្រពៃណីរវាងថ្នាក់ដឹកនាំជាច្រើនជំនាន់ និងមកដល់ដំណាក់កាលថ្មីមួយកាន់តែស៊ីជម្រៅ។ ឯកឧត្តម បានសាទរចំពោះការកើនឡើងជាបន្តបន្ទាប់នៃទំហំពាណិជ្ជកម្មទ្វេភាគី និងការវិនិយោគចិននៅកម្ពុជា ហើយកំណើននៃវិស័យទេសចរណ៍ ក៏នឹងជំរុញការកើនឡើងនូវវិស័យដទៃទៀតផងដែរ៕
ដោយ៖ ជឹម ណារី





