សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន បើកវគ្គបង្ហាត់បង្ហាញចំណេះដឹងស្តីពី«កិច្ចការងារពិធីការ និងបដិសណ្ឋារកិច្ច» ជូនដល់មន្ត្រីរាជការទទួលបន្ទុកការងារពិធីការក្រសួងព័ត៌មាន
AKP ភ្នំពេញ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥--
លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន តំណាង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញាអធិបតីភាពក្នុងពិធីចែករំលែកចំណេះដឹងស្តីពី «កិច្ចការងារពិធីការ និងបដិសណ្ឋារកិច្ច» ដល់មន្ត្រីរាជការទទួលបន្ទុកការងារពិធីការ នៃក្រសួងព័ត៌មាន។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមផ្តល់នូវការចែករំលែកពីសំណាក់លោកជំទាវ សុខ ស៊ីថន អនុរដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ថ្លែងក្នុងឱកាសនោះ លោកជំទាវ សុខ ស៊ីថន បានមានប្រសាសន៍ផ្តាំផ្ញើទៅកាន់ក្រុមការងារកិច្ចការងារពិធីការ និងបដិសណ្ឋារកិច្ចនៃក្រសួងព័ត៌មានថា បើគ្មានកិច្ចការពិធីការ នោះការងារប្រជុំ ឬការងារបដិសណ្ឋារកិច្ច នឹងមានភាពរញ៉េរញ៉ៃ គ្មានសណ្តាប់ធ្នាប់ ហើយមន្រី្ដពិធីការទាមទារ ការព្យាយាម តស៊ូ អត់ធ្មត់ លះបង់ពេលវេលា (ទៅមុនគេ ចេញក្រោយគេ)ហើយក្នុងនាមពិធីការត្រូវក្តោបព័ត៌មាននៃកម្មវិធី អ្នកចូលរួម និងរបៀបវារៈនៃកិច្ចប្រជុំឱ្យបានច្បាស់លាស់។ លោកជំទាវបញ្ជាក់ថា ការចែករំលែកចំណេះដឹងក្នុងកម្មវិធីនេះ គឺដើម្បីបង្កើនសមត្ថភាពវិជ្ជាជីវៈ ដល់មន្ត្រីរាជការដែលទទួលបន្ទុកការងារពិធីការ អាចអនុវត្តន៍ការងារបានយ៉ាងមានប្រសិទ្ធភាព សមស្របនឹងលក្ខណៈវិជ្ជាជីវៈ និងអនុវត្តន៍តាមទ្រឹស្ដីពិធីការ និងបដិសណ្ឋារកិច្ចសកលជន។

ជាមួយគ្នានេះដែរ លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា បានថ្លែងថា វគ្គបង្ហាត់បង្ហាញចំណេះដឹងស្តីពី«កិច្ចការងារពិធីការ និងបដិសណ្ឋារកិច្ច» ជូនដល់មន្ត្រីរាជការទទួលបន្ទុកការងារពិធីការក្នុងថ្ងៃនេះគឺដើម្បីទទួលវិធីសាស្រ្តផ្សេងៗ បំពេញបន្ថែមចំណុចខ្វះខាតទៅលើការងារដែលក្រុមការងារពិធីការកំពុងតែអនុវត្តន៍ផ្ទាល់ និងអាចដោះស្រាយចម្ងល់ផ្សេងៗដែលបានជួយប្រទះនាពេលកន្លងមក។ ម៉្យាងទៀត គឺដើម្បីត្រៀមខ្លួនជាស្រេចប្រកបដោយស្តង់ដាររួមក្នុងការទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូ និងអ្នកសារព័ត៌មានមកពីប្រទេសជាសមា ជិកចំនួន៥០ប្រទេស នៅទូទាំងពិភពលោក និងដៃគូកិច្ចសហប្រតិបត្តិការ ព្រមទាំងអង្គការអន្តរជាតិដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ (20th Asia Media Summit -AMS) នៅលើទឹកដីអង្គរ ខេត្តសៀមរាប នាចុងខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ ក្រោមប្រធានបទ "អបអរសាទរពីរទសវត្សរ៍នៃឧត្តមភាព និង លើសពីនេះ" ។
លោកជំទាវក៏បានលើកទឹកចិត្តក្រុមពិធីការ និងបដិសណ្ឋារកិច្ចនៃក្រសួងព័ត៌មានត្រូវធ្វើយ៉ាងណាខិតខំសម្របសម្រួលការងារនេះ តាមការចាត់តាំងរបស់ថ្នាក់ដឹកនាំ គោរពតាមផែនការ និងប្លង់ក្នុងកម្មវិធីឱ្យបានច្បាស់លាស់។ លោកជំទាវប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មានបានថ្លែងអំណរគុណចំពោះទឹកចិត្តដ៏ថ្លៃថ្លារបស់ លោកជំទាវ សុខ ស៊ីថន ដែលបានបង្ហាញពីតម្លៃប្រកបដោយមនោសញ្ចេតនា សេចក្តីស្រឡាញ់ រាប់អានយ៉ាងជ្រាលជ្រៅ និងស្មារតីរួមចំណែកដ៏មានសារសំខាន់ក្នុងការផ្តល់នូវចំណេះដឹង និងបទពិសោធន៍ ដ៏ប៉ិនប្រសប់និងស្ទាត់ជំនាញផ្នែកពិធីការ និងបដិសណ្ឋារកិច្ចជូនដល់មន្ត្រីរាជការក្រសួងព័ត៌មាន៕


ដោយ៖ ទូច វលក័្ខណ, រូបថត៖ ខឹម សុវណ្ណារ៉ា





