ពិធីផ្ទេរប្រគល់ ធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមដែលបានពលីជីវិត នាសម័យសង្រ្គាម នៅលើភូមិសាស្ត្រខេត្តកណ្តាល
AKP កណ្ដាល ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥--
លោក តាំង ម៉េងលាន អភិបាលរងខេត្តកណ្ដាល និងភាគីវៀតណាមដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ហ្វិញ វុ័នង៉ន មេបញ្ជាការរងនយោបាយ និងជាប្រធានគណៈចង្អុលការ ៥១៥ យោធភូមិភាគទី៩ នៃកងទ័ពប្រជាជនវៀតណាម នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីផ្ទេរប្រគល់-ទទួល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុ យុទ្ធជនពលី កងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលបានពលីជីវិត នាសម័យសង្រ្គាម នៅលើភូមិសាស្ត្រខេត្តកណ្តាល ជំហានទី២៤ រដូវប្រាំង ឆ្នាំ២០២៤-២០២៥ ដោយមានការអញ្ជើញចូលរួមពី លោក ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល និងជាអនុប្រធានគណៈកម្មការជំនាញខេត្តកណ្តាល មន្រ្តីអាជ្ញាធរពាក់ព័ន្ធ កងកម្លាំងទាំងបីប្រភេទ និងមន្ទីរអង្គភាពផងដែរ ដោយពិធីនេះធ្វើឡើងនៅតំបន់ប្រតិបត្តិការសឹករងកណ្តាល។

លោក ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល លើកឡើងបង្ហាញពីរបាយការណ៍ឱ្យដឹងថា ការរុករក ជីកលើក និងធ្វើមាតុភូមិនិវត្តន៍ អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ក្នុងភូមិសាស្ត្រខេត្តកណ្តាល ដែលបានអនុវត្តក្នុងជំហានទី២៤ រដូវប្រាំងឆ្នាំ២០២៤-២០២៥កន្លងមក ដោយសម្រេចលទ្ធផលបានចំនួន ១៩អដ្ឋិធាតុ រួមមានស្រុកខ្សាច់កណ្តាលចំនួន ១២អដ្ឋិធាតុ ស្រុកកោះធំចំនួន ០៤អដ្ឋិធាតុ ក្រុងអរិយក្សត្រចំនួន ០១អដ្ឋិធាតុ ក្រុងសំពៅពូនចំនួន ០១អដ្ឋិធាតុ និងស្រុកស្អាងចំនួន ០១អដ្ឋិធាតុ កិច្ចសហការរុករក ជីកលើក អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម រវាងគណៈចង្អុលការយោធភូមិភាគទី៩ នៃកងទ័ពប្រជាជនវៀតណាម ជាមួយគណៈកម្មការជំនាញខេត្តកណ្តាល បានចាប់ផ្តើមតាំងតែពីឆ្នាំ២០០២មកម៉្លេះ រហូតមក ដល់ពេលនេះបានចំនួន ២៤លើក រីឯលទ្ធផលនៃកិច្ចសហការ រុករក ជីកលើកអដ្ឋិធាតុសម្រេច បានសរុបចំនួន ១.២៨៥ អដ្ឋិធាតុ ដោយគិតត្រឹមជំហានទី២៤ រដូវប្រាំងឆ្នាំ២០២៤-២០២៥ ហើយបានធ្វើពិធីប្រគល់-ទទួល និងធ្វើមាតុភូមិនិវត្តន៍ទៅកាន់មាតុប្រទេសវិញ។

លោកឧត្តមសេនីយ៍ត្រីបានបញ្ជាក់ជូនភាគីមិត្តអំពីសភាពការណ៍ដែលកើតមានឡើង នៅតំបន់ព្រំដែនកម្ពុជា-ថៃ ដោយកងទ័ពថៃបានរំលោភឈ្លានពានលើបូរណភាពទឹកដីកម្ពុជា និងបានបិទច្រកតាមតំបន់ព្រំដែនជាឯកតោភាគី ធ្វើឱ្យសភាពការណ៍នៅតំបន់ព្រំដែន មានសភាពតានតឹង ចំពោះគោលជំហរដ៏ច្បាស់លាល់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារទឹកដី ការដោះស្រាយបញ្ហាបូរណភាពទឹកដីជាមួយប្រទេសថៃ ពិសេសនៅតំបន់ទាំងបួនរួមមាន៖មានប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ) ដើម្បីរំលត់បញ្ហាព្រំដែន សំដៅធានាបាននូវឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីពេញលេញរបស់កម្ពុជា និងកសាង ព្រំដែនមួយច្បាស់លាស់ ប្រកបដោយសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។
ជាមួយគ្នានេះដែរ លោក ឧត្តមសេនីយ៍ត្រី ហ្វិញ វុ័នង៉ន មេបញ្ជាការរង នយោបាយ និងជាប្រធានគណៈចង្អុលការ ៥១៥ យោធភូមិភាគទី៩ នៃកងទ័ពប្រជាជនវៀតណាម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋកម្ពុជា ដែលបានសហការយ៉ាងស្អិតរមួត ក្នុងការជួយផ្ដល់ព័ត៌មាន និងស្រាវជ្រាវរុករក ជីកលើកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ឱ្យបានវិលត្រឡប់ទៅកាន់មាតុភូមិវិញនាពេលកន្លងមក។

ក្នុងឱកាសនោះ លោក តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលសហប្រតិបត្តិការរវាងតំបន់ប្រតិបត្តិការសឹករងកណ្តាល និងក្រុម K៩០ យោធភូមិភាគ៩ នៃកងទ័ពប្រជាជនវៀតណាម ក្នុងរយៈពេលកន្លងមក ដែលបានសហការជាមួយគ្នា ក្នុងការស្រាវជ្រាវរុករកព័ត៌មានទីតាំងបញ្ចុះសពយុទ្ធជនស្ម័គ្រចិត្តនិងជំនាញការវៀតណាម រហូតរកឃើញ និងលើកយកនូវបណ្តាអដ្ឋិធាតុទាំងនោះ។ ឯកឧត្តមអភិបាលរងខេត្ត សង្ឃឹមយ៉ាងមុតមាំថា តំបន់ប្រតិបត្តិការសឹករងកណ្តាល និងក្រុម K៩០ យោធភូមិភាគ៩ នៃកងទ័ពប្រជាជនវៀតណាម នៅតែបន្តសហការយ៉ាងជិតស្និទ្ធ ក្នុងភារកិច្ចរុករក ជីកលើក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពនិងជំនាញការវៀតណាម ដែលបានពលីក្នុងសម័យសង្គ្រាមនៅ ភូមិសាស្ត្រខេត្តកណ្តាល ទទួលបានជោគជ័យបន្ថែមទៀត៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





