ឯកឧត្តម នួន ផារ័ត្ន ដាក់បទបញ្ជាដល់អាជ្ញាធរមូលដ្ឋានក្រុងស្រុកឃុំសង្កាត់ និងមន្ទីរពាក់ព័ន្ធ រួមគ្នាអនុវត្តបទបញ្ជារបស់សម្ដេចធិបតី ស្តីពីយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
AKP កំពង់ធំ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥--
ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដាក់បទបញ្ជាដល់អាជ្ញាធរមូលដ្ឋានក្រុងស្រុក និងមន្ទីរដែលពាក់ព័ន្ធ រួមគ្នាអនុវត្តយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ប្រឹងប្រែងអស់ពីសមត្ថភាព លទ្ធភាពនិងមានភាពស្មោះត្រង់ដោយត្រូវទប់ស្កាត់ មិនឱ្យកើតមានទីតាំងប្រើប្រាស់ដើម្បីការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ជាដាច់ខាត។

ការដាក់បទបញ្ជានេះបានធ្វើឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពបើកទូលាយ នាព្រឹកថ្ងៃទី១៦ខែកក្កដា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមដោយផ្ទាល់និងអនឡាញពីឯកឧត្តមស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត អភិបាលក្រុង-ស្រុក អធិការនគរបាលក្រុង-ស្រុក មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក មេឃុំ-ចៅសង្កាត់ នាយប៉ុស្តិ៍នគរបាលឃុំ-សង្កាត់ ដើម្បីរួមគ្នាអនុវត្តបទបញ្ជារបស់ សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្តីពីយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យទទួលបានប្រសិទ្ធភាពខ្ពស់។

ឯកឧត្តម នួន ផារ័ត្ន បានបន្ថែមទៀតថា បច្ចុប្បន្ននេះសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) បាន និងកំពុងបង្កការគំរាមកំហែងដល់សន្តិសុខក្នុងពិភពលោក និងតំបន់ ក្នុងនោះក៏មានក្រុមឧក្រិដ្ឋជនបរទេសខិលខូចបានជ្រៀតចូលធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាផងដែរ។ ដើម្បីបង្ការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យមានប្រសិទ្ធភាពខ្ពស់សំដៅចូលរួមចំណែកថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម បានដាក់ចេញបទបញ្ជាដល់ អភិបាលក្រុងស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក និងស្នងការនគរបាលក្រុងស្រុកត្រូវម្ចាស់ការទទួលខុសត្រូវក្នុងការបោសសម្អាតគ្រប់ទីតាំងធ្វើសកម្មភាព ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យអស់ពីក្នុងភូមិសាស្ត្រនិងដែនសមត្ថកិច្ចរបស់ខ្លួន។

ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ និងមន្ទីរអង្គភាពដែលពាក់ព័ន្ធ សូមតាមដាននូវរាល់សកម្មភាពរបស់ជនបរទេសទាំងឡាយណាចូលមកជួលផ្ទះ និងសំណង់អគារផ្សេងៗ ក្នុងទឹកដីខេត្តកំពង់ធំ ព្រមទាំងពិនិត្យលើវត្តមានជនបរទេសដែលកំពុងតែស្នាក់នៅឬធ្វើការងារនៅក្នុងមូលដ្ឋាន។ ករណីមានការសង្ស័យសូមរាយការណ៍ជាបន្ទាន់មកគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីចុះសិក្សាស្រាវជ្រាវកំណត់មុខសញ្ញាទាំងនេះឱ្យបានទាន់ពេលវេលា៕
ដោយ ស៊ុម វណ្ណា (ប្រភព ៖ រដ្ឋបាលខេត្តកំពង់ធំ)





