ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្តេជ្ញាចិត្តចូលរួមសហការក្នុងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
AKP កំពង់ធំ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥--
ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ បានចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងដាក់ចេញនៅទិសដៅអនុវត្តបន្តនៅសាលាខេត្តកំពង់ធំ ក្រោមអធិបតីភាពឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ។

ឧត្តមសេនីយ៍ត្រី ពេជ ថាល់ ប្រធានក្រុមលេខាធិការដ្ឋានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានឡើងអានរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែមិថុនា ឆ្នាំ២០២៥និងទិសដៅអនុវត្តបន្តដើម្បីដាក់ជូនអង្គប្រជុំពិភាក្សានិងបំពេញបន្ថែម។
ក្នុងឱកាសនោះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្តេជ្ញាចិត្តដាច់ខាតក្នុងការសហការជាមួយកម្លាំងប្រដាប់អាវុធទាំងបី និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមិនកើតឡើងលើទឹកដីខេត្តកំពង់ធំ និងក្នុងនាមអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំបានឡើងគូសបញ្ជាក់អំពីលទ្ធផលសំខាន់ៗនៃការបង្ក្រាបបទល្មើសធនធានធម្មជាតិ ពិសេសការប្រើប្រាស់កម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ សហការជាមួយកម្លាំងចម្រុះ ក្នុងរយៈពេល៤៥ថ្ងៃពីថ្ងៃទី០១ ខែមិថុនា ដល់ថ្ងៃទី១៥ ខែកក្កដានៃពាក់កណ្ដាលរដូវបិទនេសាទដែលមានរយៈពេល៣ខែពីខែមិថុនា ដល់ខែកញ្ញា ឆ្នាំ២០២៥។ ក្នុងរយៈពេល ៥ថ្ងៃនេះ កងកម្លាំងចម្រុះបានធ្វើសកម្មភាពនៅតំបន់បឹងទន្លេសាបនៅឃុំផាត់សណ្ដាយស្រុកកំពង់ស្វាយនិងឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ដោយបានកាប់បំផ្លាញឧបករណ៍នេសាទខុសច្បាប់សរុបមានប្រវែងជាង ៤៣គីឡូម៉ែត្រក្នុងនោះមានរបាំងសាច់អួនខុសច្បាប់ចំនួន ១៦៧របាំងដែលមានប្រវែង ១៨៨៣៤ម៉ែត្រ។កាប់បំផ្លាញរបាំងស្បៃមុងដែលច្បាប់បានហាមឃាត់ដាច់ខាតចំនួន ៤៤៧របាំងមានប្រវែង ២៤៥៩២ម៉ែត្រព្រមទាំងឧបករណ៍ល្មើសច្បាប់មួយចំនួនផ្សេងទៀត។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានបញ្ជាក់ផងដែរអំពីលទ្ធផលសកម្មភាពបង្ក្រាបបទល្មើសព្រៃឈើ ដែលក្នុងរយៈពេលជាងមួយឆ្នាំកន្លងទៅនេះកងកម្លាំងចម្រុះដោយមានកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំជាស្នូល បានចេញប្រតិបត្តិការ ការពារ ទប់ស្កាត់ និងបង្ក្រាបទល្មើសព្រៃឈើនិងការកាប់ទន្ទ្រានព្រៃឈើយកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិទទួលបានលទ្ធផលល្អប្រសើរដោយគ្មានការកាប់ទន្ទ្រានយកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិជាថ្មីទៀតបានឡើយ។ ជាមួយនោះដែរ បានរកឃើញផ្ទៃដីដែលជនល្មើសលួចកាប់ទន្ទ្រាននាបណ្ដាញឆ្នាំកន្លងទៅមានចំនួន ២៨៧ទីតាំងស្មើនឹងផ្ទៃដី ៣៨៥៣ហិកតាដែលបច្ចុប្បន្នកងកម្លាំងចម្រុះកំពុងធ្វើការគ្រប់គ្រងរក្សាទុកជាដីរបស់រដ្ឋ ដោយបានដាំស្ដារព្រៃឈើឡើងវិញចំនួនជាង៥ម៉ឺនដើម និងផ្ទៃដីមួយចំនួនទៀត ដែលបច្ចុប្បន្នព្រៃឈើធម្មជាតិកំពុងដុះលូតដុះឡើងវិញ។
ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ បានថ្លែងនូវការកោតសរសើរកងកម្លាំងប្រដាប់អាវុធទាំងបីដែលបានសហការគ្នាក្នុងការបំពេញភារកិច្ច រក្សាសន្តិសុខសុវត្ថិភាពជូនប្រជាជននៅក្នុងខេត្តកំពង់ធំបានយ៉ាងល្អប្រសើរ ពិសេសកិច្ចការពារសន្តិសុខសុវត្ថិភាពជូនប្រមុខថ្នាក់ដឹកនាំជាន់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលដែលមកបំពេញភារកិច្ចនិងឆ្លងកាត់ខេត្តកំពង់ធំ។ ឯកឧត្តមបានកោតសរសើរកងកម្លាំងចម្រុះទាំងអស់ដែលបានសហការគ្នាល្អក្នុងការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅទូទាំងខេត្តកំពង់ធំទទួលបានជោគជ័យ តាមបទបញ្ជារបស់សម្ដេចមហាបបរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ទន្ទឹមនឹងនេះ ឯកឧត្តមបានប្រគល់ភារកិច្ចជូនកងកម្លាំងប្រដាប់អាវុធទាំងបី បណ្ដាមន្ទីរ ស្ថាប័នជុំវិញខេត្ត អភិបាលក្រុង ស្រុក រួមជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ យកចិត្តទុកដាក់ប្រយុទ្ធប្រឆាំងឱ្យបានដាច់ខាតនូវសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (អនឡាញស្គេម) ឱ្យមានប្រសិទ្ធភាព កុំឱ្យកើតមានឡើងនៅលើទឹកដីខេត្តកំពង់ធំ និងបន្តសកម្មភាពក្នុងការរក្សាសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋនៅក្នុងខេត្ត ព្រមជាមួយនោះត្រូវបំផុសចលនាប្រជាជន ដើម្បីចូលរួមគាំទ្រកងកម្លាំងប្រដាប់អាវុធក្នុងការការពារបូរណភាពទឹកដី និងខឿនការពារជាតិរបស់ប្រជាជនកម្ពុជាប្រឆាំង និងខ្មាំងសត្រូវបរទេសមិនឱ្យពួកវាឈ្លានពានទឹកដីកម្ពុជាបានឡើយ៕
ដោយ ស៊ុម វណ្ណា (ប្រភព៖ តំបន់សឹករងកំពង់ធំ)





