រដ្ឋមន្ត្រីក្រសួងអប់រំ៖ ការចូលរួមការប្រកួតកីឡានិស្សិតកម្រិតពិភព គឺជាមោទនភាពបំផុតដែលតំណាងឱ្យនិស្សិតរបស់កម្ពុជាលើឆាកអន្តរជាតិ
AKP ភ្នំពេញ ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥-- ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអបអរសាទរដល់ប្រតិភូកីឡានិស្សិត ដែលមានឱកាសចូលរួមការប្រកួតកីឡានិស្សិតកម្រិតពិភពលោក ដោយគូសបញ្ជាក់ថា នេះជាឱកាសដ៏កម្រមួយសម្រាប់ក្មួយៗកីឡាករ កីឡាការនី រៀនសូត្រដើម្បីបន្តពង្រឹងសមត្ថភាព និងបង្កើតសមិទ្ធផលថ្មីៗ ហើយការចូលរួមនេះផងដែរគឺជាមោទនភាពបំផុតដែលតំណាងឱ្យនិស្សិតរបស់កម្ពុជាលើឆាកអន្តរជាតិ។ ការលើកឡើងរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ដូចនេះ ក្នុងឱកាសនៃការជួបសំណេះសំណាលជាមួយប្រតិភូកីឡានិស្សិតកម្ពុជា ដែលត្រូវទៅចូលរួមការប្រកួតកីឡាសាកលវិទ្យាល័យរដូវក្តៅពិភពលោកលើកទី៣២ ឆ្នាំ២០២៥ នៅទីក្រុង Rhine-Ruhr ប្រទេសអាល្លឺម៉ង់ នាព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥។



ការប្រកួតកីឡានិស្សិតនេះស្ថិតក្រោមការរៀបចំចាត់ចែងរបស់សហព័ន្ធកីឡាសាកលវិទ្យាល័យអន្តរជាតិ (FISU) រៀងរាល់២ឆ្នាំម្តងដោយការប្តូរវេនរវាងប្រទេសលើសកលលោក ដែលតម្រូវឱ្យមានការចូលរួមពីនិស្សិតរៀនពេញម៉ោងមានអាយុមិនក្រោម១៨ឆ្នាំ និងមិនលើស២៥ឆ្នាំ ក្នុងគោលបំណងដើម្បីលើកកម្ពស់កីឡាអន្តរជាតិក្នុងចំណោមនិស្សិត ដែលជាកីឡាករ កីឡាការិនីមកពីជុំវិញពិភពលោកចូលរួមប្រកួតប្រជែងក្នុងស្មារតីមិត្តភាព ការគោរព និងការលេងដោយយុត្តិធម៌ និងជំរុញការរួបរួមជាសាកល និងការផ្លាស់ប្តូរវប្បធម៌ក្នុងចំណោមយុវជនតាមរយៈកីឡា។ គាំទ្រដល់ការអភិវឌ្ឍកីឡាសាកលវិទ្យាល័យ ផ្តល់វេទិកាសម្រាប់និស្សិត អត្តពលិក ដើម្បីប្រកួតប្រជែងក្នុងកម្រិតវរជន ដែលជារឿយៗបម្រើជាស្ពានទៅកាន់ការប្រកួតប្រជែងកម្រិតអាជីព ឬអូឡាំពិក និងលើកទឹកចិត្តឱ្យសាកលវិទ្យាល័យវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធកីឡាការបង្វឹក និងកម្មវិធីកីឡា។ អបអរសាទរការអប់រំ និងកីឡាទាំងអស់គ្នា ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃតុល្យភាព សមិទ្ធិផលសិក្សា និងឧត្តមភាពផ្នែកកីឡា ពិសេសពង្រឹងគុណតម្លៃនៃការអប់រំ វិន័យ និងការងារជាក្រុម។ លើកកម្ពស់សន្តិភាព និងការយល់ដឹង ដោយប្រើប្រាស់កីឡាជាឧបករណ៍សម្រាប់លើកកម្ពស់ទំនាក់ទំនងសន្តិភាពក្នុងចំណោមប្រជាជាតិនានា និងលើកទឹកចិត្តឱ្យមានការសន្ទនា និងអន្តរកម្មរវាងមនុស្សដែលមានប្រវត្តិ វប្បធម៌ និងជំនឿខុសៗគ្នា។ ទុកកេរដំណែលយូរអង្វែង ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងទីក្រុង និងតំបន់ និងលើកទឹកចិត្តយុវជនអត្តពលិកក្នុងតំបន់ឱ្យបន្តគោលដៅសិក្សាជាដើម។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់គ្រឹះស្ថានឧត្តមសិក្សាដែលបានសហការបញ្ជូនកីឡាករ កីឡាការិនី និស្សិត ចូលរួមជំរុញ និងអភិវឌ្ឍកីឡានិស្សិតនៅតាមគ្រឹះស្ថានឧត្តមសិក្សារបស់ខ្លួន និងសហព័ន្ធកីឡាជាតិដែលបានចូលរួមអភិវឌ្ឍកីឡាក្នុងជួរនិស្សិត ដើម្បីមានឱកាសចូលរួមការប្រកួតកីឡាកម្រិតពិភពលោក ព្រមទាំងបានណែនាំឱ្យក្មួយៗនិស្សិត កីឡាករ កីឡាការិនីទាំងអស់បន្តយកចិត្តទុក ដាក់ថែរក្សាសុខភាពឱ្យបានរឹងមាំ រក្សាវិន័យ សេចក្តីថ្លៃថ្នូរ កិត្តិយសប្រទេសជាតិ និងត្រូវដាក់គោលដៅហ្វឹកហាត់អភិវឌ្ឍសមត្ថភាពខ្លួនឯងឱ្យបានច្បាស់លាស់ ដើម្បីឈានទៅសម្រេចសមិទ្ធផល និងលទ្ធផលកាន់តែល្អប្រសើរ៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





