ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋឃុំស្វាយប្រទាល ស្រុកស្អាង
AKP កណ្ដាល ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥-- ក្បាលដីចំនួន ២ ៤៥០បណ្ណ ស្ថិតនៅភូមិព្រែកតាសៅ និងភូមិព្រែកតាជ័រ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ត្រូវបានរដ្ឋបាលខេត្តកណ្តាលចែកជូនប្រជាពលរដ្ឋ នាថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម មាន ច័ន្ទវ៉ាន់នី អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ដែលប្រារព្ធធ្វើនៅបរិវេណវត្តជម្ពូណារាម ភូមិព្រែកតាជ័រ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។


ឯកឧត្តម គួច ចំរើន បានមានប្រសាសន៍ថា បណ្ណកម្មសិទ្ធិដីធ្លីពិតជាមានសារៈសំខាន់ណាស់សម្រាប់បងប្អូនប្រជាពលរដ្ឋ សូមបងប្អូនពូជាពលរដ្ឋដែលទទួលបានបណ្ណកម្មសិទ្ធិនាពេលនេះសូមថែរក្សាទុកដាក់ឱ្យបានត្រឹមត្រូវចៀសវាងការខាតបង់ដោយប្រការណាមួយ ព្រោះថាបានកម្មសិទ្ធិ ដែលចេញលើកនេះគឺចេញដោយរដ្ឋ ប្រសិនបើបណ្ណកម្មសិទ្ធិត្រូវបានបាត់ដោយប្រការណាមួយនោះបងប្អូនប្រជាពលរដ្ឋត្រូវចំណាយប្រាក់កាស និងខាតបង់ពេលវេលាជាដើម។ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់លើកំណែទម្រងវិស័យដីធ្លី ពិសេស បានជំរុញ និងដាក់ចេញនូវគោលការណ៍សំខាន់ៗដល់អាជ្ញាធររាជធានី-ខេត្ត ដើម្បីពន្លឿនការចេញបណ្ណកម្មសិទ្ធជូនពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានឆាប់រហ័សបំផុតបើទោះជាកម្ពុជាមានបញ្ហាព្រំដែនរវាងខ្មែរ-ថៃ ក៏ដោយប៉ុន្តែការចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋគឺមិនឱ្យមានការរាំងស្ទះឡើយ គឺដើម្បីឱ្យពួកគាត់បានយកទៅប្រើប្រាស់ ក៏ដូចជាទាញផលប្រយោជន៍ពីវិស័យដីធ្លីនេះ។ បណ្ណកម្មសិទ្ធិដែលបងប្អូនទទួលបាននៅថ្ងៃនេះជាឯសារមួយសំខាន់ណាស់ ជាឯកសារតំណាងឱ្យទ្រព្យរបស់បងប្អូន ជាឯកសារតំណាងឱ្យសិទ្ធិនៃកម្មសិទ្ធផ្ដាច់មុខលើដីធ្លីរបស់ខ្លួនក្នុងការប្រើប្រាស់ និងអាស្រ័យផល ក្នុងការលក់ដូរ ការផ្ទេរទៅឱ្យកូនចៅរបស់ខ្លួនជាដើម។ ប្រជាពលរដ្ឋដែលមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានចេញបណ្ណឱ្យរួចហើយតែមិនទាន់បានមកដកយកបណ្ណកម្មសិទ្ធិរបស់ខ្លួនសូមរួសរាន់អញ្ជើញមកដកបណ្ណកម្មសិទ្ធិនៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ព្រោះថាគិតមកដល់ពេលនេះបណ្ណកម្មសិទ្ធិដែលចេញរួចហើយប្រជាពលរដ្ឋមិនទាន់បានមកដកគិតមកដល់ពេលនេះមានចំនួនជាង១០ម៉ឺនបណ្ណ។ ប្រជាពលរដ្ឋសូមមានការទុកចិត្ត និងជឿជាក់លើចំណាត់ការយ៉ាងម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ទាក់ទងនឹងដំណោះស្រាយបញ្ហាព្រំដែនរវាងប្រទេសកម្ពុជា និងថៃ ដោយនាំយកបញ្ហាទាំង៤ គឺប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំ៣ ទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្ដរជាតិ (ICJ) និងយុទ្ធសាស្រ្តការពារខ្លួនក្នុងករណីចាំបាច់ ជាមួយនឹងប្រទេសថៃដើម្បីរកដំណោះស្រាយប្រកបដោយភាពត្រឹមត្រូវ យុត្តិធម៌ និងជាដំណោះស្រាយស្ថាពរ ជាពិសេសសូមជួយផ្ដល់ការគាំទ្រទៅដល់កងទ័ពជួរមុខរបស់យើងទាំងសម្ភារ ថវិកា និងស្មារតីទៅតាមលទ្ធភាពរៀងៗខ្លួនដើម្បីបង្ហាញពីការស្នេហាជាតិ សាមគ្គីភាព ការឯកភាពគ្នា រួបរួមគ្នាក្នុងការពារបូរណភាពទឹកដី។


លោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល បានថ្លែងថា៖បើគិតមកដល់ពេលនេះចុះបញ្ជីបាន ៦៣ឃុំ សង្កាត់ លើ ១២៧ ឃុំ សង្កាត់ នឹង ៥៦០ភូមិ លើ ១ ០១០ភូមិ គឺ ស្មើនឹង៥៦ភាគរយ នៃចំនួនភូមិសរុប ដែលមានក្បាលដីប៉ាន់ស្មានសរុបចំនួន ៨៥៤ ៥០៥ ក្បាលដី ក្នុងនោះបានចេញ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ៤០៩ ៩០៥ បណ្ណ និងចែកបណ្ណ ជូនដល់ដៃប្រជាពលរដ្ឋសរុបចំនួន ២៣៩ លើកស្មើនឹង ៣៣៨ ៥៧៧បណ្ណ ហើយថ្ងៃនេះគឺជាលើកទី២៤០ នៃការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុ ដែលនឹងត្រូវផ្តល់ជូនប្រជាពលរដ្ឋស្ថិតនៅភូមិព្រែកតាសៅ ចំនួន ៩៨៤បណ្ណ និងភូមិព្រែកតាជ័រ ចំនួន ១ ៤៦៦បណ្ណ ឃុំស្វាយប្រទាល ស្រុកស្អាង សរុបចំនួន ២ ៤៥០បណ្ណ៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





