ឯកឧត្តមសាស្ត្រាចារ្យ ហ៊ុន ចំរើន៖ ការដឹកនាំរបស់យើងត្រូវមានគុណភាព ប្រសិទ្ធភាពខ្ពស់ ទាន់ពេលវេលា និងសុវត្ថិភាព ដើម្បីឆ្លើយតបនឹងការចង់បានរបស់ប្រជាជនកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤--
ឯកឧត្តមសាស្ត្រាចារ្យ ហ៊ុន ចំរើន អគ្គនាយករងមន្ទីរពេទ្យកាល់ម៉ែត បានលើកទឹកចិត្តដល់មន្រ្ដីសុខាភិបាលបច្ចេកទេស ជំនាញនីមួយៗ ត្រូវរួមគ្នាអភិវឌ្ឍខ្លួន និងស្ថាប័នរបស់ខ្លួនជាបន្ដបន្ទាប់ ដើម្បីធានាថាត្រូវធ្វើយ៉ាងម៉េចឱ្យការដឹកនាំរបស់យើងត្រូវមានគុណភាព ប្រសិទ្ធភាពខ្ពស់ ទាន់ពេលវេលា និងសុវត្ថិភាព ដែលជាការឆ្លើយតបជាមួយនឹងការចង់បានរបស់ប្រជាជនកម្ពុជាយើងទាំងមូល។
ឯកឧត្តមសាស្រ្តាចារ្យ បានថ្លែងដូច្នេះក្នុងឱកាសអញ្ជើញជាអធិបតី ពិធីបើកទិវាវេជ្ជសាស្ត្រ-សល្យសាស្ត្រ និងវិទ្យាសាស្ត្រថែទាំ លើកទី២៧ ក្រោមប្រធានបទ «ដំណើរឆ្ពោះទៅរកឧត្តមភាពនៃការព្យាបាល និងការថែទាំក្នុងបរិបទឌីជីថល» ដែលរៀបចំឡើងដោយគណៈកម្មការទិវាវេជ្ជសាស្ត្រ-សល្យសាស្ត្រ និងវិទ្យាសាស្ត្រ ថែទាំរបស់មន្ទីរពេទ្យកាល់ម៉ែត ប្រចាំឆ្នាំ២០២៥ នារសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥នេះ។
ឯកឧត្តមសាស្រ្តាចារ្យ បានបន្ថែមថា ការប្រារព្ធទិវាវេជ្ជសាស្ត្រ-សល្យសាស្ត្រ និងវិទ្យាសាស្ត្រថែទាំ លើកទី២៧ របស់មន្ទីរពេទ្យកាល់ម៉ែត មិនមែនត្រឹមតែជាការជួបជុំគ្នា ដើម្បីផ្លាស់ប្ដូរចំណេះជំនាញបទពិសោធន៍ប៉ុណ្ណោះនោះទេ តែក៏មានប្រធានបទមួយចំនួនផងដែរ ទាក់ទងនឹងការបណ្ដុះបណ្ដាល ហើយការបណ្ដុះបណ្ដាលនេះទៀតសោត គឺមានកម្រិត ក្នុងនោះក៏មានកម្រិតគិលានុបដ្ឋាក គិលានុបដ្ឋាយិកាផងដែរ។
ជាមួយគ្នានេះ ការរៀបចំទិវានេះឡើងជារៀងរាល់ឆ្នាំ គឺក្នុងគោលបំណងជំរុញការធ្វើនវានុវត្តន៍បច្ចេកទេសព្យាបាល និងថែទាំរបស់មន្ទីរពេទ្យឈានទៅលំដាប់ខ្ពស់ជាបន្តបន្ទាប់ ហើយប្រធានបទនៅក្នុងឆ្នាំនេះពិតជាបានឆ្លើយតបនឹងបរិបទជាក់ស្ដែងក្នុងវិស័យសុខាភិបាលរបស់ព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាពិភពលោកនាសតវត្សទី២១នេះ។ ជាមួយនឹងការបន្តធ្វើនវានុវត្តន៍លើបច្ចេកទេសវេជ្ជសាស្ត្រឥតឈប់ឈរ មន្ទីរពេទ្យកាល់ម៉ែតក៏ដូចជាមន្ទីរពេទ្យថ្នាក់ជាតិនានា បានជ្រើសរើសឈានទៅមុខជាមួយនឹងការអភិវឌ្ឍដ៏សំខាន់ ក្នុងការបំប្លែងខ្លួនទៅជាមន្ទីរពេទ្យឌីជីថល។


បន្ថែមពីលើនេះ មន្ទីរពេទ្យកាល់ម៉ែតបានបង្កើតកម្មវិធីស្វ័យប្រវត្តិជាច្រើន រួមទាំងបច្ចេកវិទ្យាជាច្រើនទៀតដូចជា AI និង Telemedicine សុទ្ធតែជាឧបករណ៍សំខាន់ៗក្នុងការលើកកម្ពស់ភាពវៃឆ្លាតសុវត្ថិភាព ភាពជឿជាក់ និងប្រសិទ្ធភាពខ្ពស់ដល់សេវាសុខាភិបាល ក្នុងន័យនេះការបង្កើតបច្ចេកទេសវះកាត់ថ្មីតែមួយមុខគត់គឺពុំទាន់គ្រប់គ្រាន់នោះទេ ប៉ុន្តែវាទាមទារឱ្យមានការកំណត់នូវរបបគ្រប់គ្រងថ្មីសម្រាប់ការថែទាំព្យាបាលជាច្រើនផ្នែក ដើម្បីចូលរួមអភិវឌ្ឍន៍ប្រព័ន្ធឌីជីថលឱ្យកាន់តែទំនើប ងាយស្រួលប្រើប្រាស់ សម្រាប់ឆ្លើយតបនឹងតម្រូវការបច្ចុប្បន្ន បច្ចេកវិទ្យាឌីជីថលអនុញ្ញាតឱ្យយើងផ្សារភ្ជាប់ការយល់ដឹងរបស់អ្នកជំងឺ ជាមួយនឹងដំណើរការព្យាបាលរបស់ពួកគេ ដោយរួមបញ្ចូលវីដេអូបង្ហាញសកម្មភាពវះកាត់និងការព្យាបាលផ្សេងៗតាមប្រព័ន្ធឌីជីថល ហើយអ្នកជំងឺអាចយល់ឃើញបានច្បាស់ និងមានទំនុកចិត្តចំពោះសេវាព្យាបាលរបស់យើងកាន់តែខ្ពស់ថែមទៀត។

ជាមួយគ្នានេះផងដែរ គ្រប់ប្រធានបទដែលនឹងបង្ហាញជូននឹងបង្កើនការយល់ដឹងពីសារៈសំខាន់នានា លើបច្ចេកទេសថែទាំ និងព្យាបាលលើវិស័យវេជ្ជសាស្ត្រតាមយុគសម័យឌីជីថល ស្របតាមគោលនយោបាយរបស់ក្រសួងសុខាភិបាល ដែលមានឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ឈាង រ៉ា និងរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបន្តកំណត់យកមនុស្សជាអាទិភាព និងបន្តជំរុញការកសាងប្រព័ន្ធគាំពារសង្គមឱ្យមានលក្ខណៈប្រមូលផ្តុំ សង្គតិភាព ប្រសិទ្ធភាព និងចីរភាព ឈរលើស្មារតី មិនបោះបង់ពលរដ្ឋណាម្នាក់។

មុននឹងបញ្ចប់ ឯកឧត្តមសាស្ដ្រាចារ្យបានបន្ថែមទៀតថា ការងារបច្ចេកទេសថែទាំ គឺជាកាតព្វកិច្ចរបស់បុគ្គលិកសុខាភិបាល ត្រូវអនុវត្តឱ្យទាន់ពេលវេលា សូមចងចាំថាមួយវិនាទីវិវត្តន៍ទៅមុខ គឺជាជីវិត និងការងារ បច្ចេកទេសថែទាំត្រូវដឹកនាំឱ្យចំគោលដៅច្បាស់លាស់ ដោយការអនុវត្តវិន័យការងារ និយាយហើយត្រូវតែធ្វើ និងត្រូវធ្វើជាគំរូទាំងឥរិយាបទពាក្យសម្តី ហើយក៏ត្រូវមានការតាមដានអនុវត្តន៍របស់បុគ្គលិកសុខាភិបាលជាប់ជាប្រចាំ ដោយត្រូវការរួមកម្លាំងទាំងអស់គ្នា ដើម្បីជួយជំរុញឱ្យកិច្ចការនេះក្លាយជាការពិត ដូចពាក្យស្លោកមួយលើកឡើងថា «ម្នាក់ឯង យើងធ្វើបានតិច ប៉ុន្តែជាក្រុមយើងអាចសម្រេចបានសមិទ្ធផលកាន់តែច្រើន»៕
ដោយ ផែន រតនៈ





