សម្តេចមហាមន្ត្រី គុយ សុផល អញ្ជើញដង្ហែទៀនវស្សាព្រះរាជទ្រព្យដល់វត្តចំនួន៤ក្នុងស្រុកបាទី ខេត្តតាកែវ
AKP តាកែវ ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥--
សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញដង្ហែទៀនវស្សាព្រះរាជទ្រព្យទៅកាន់វត្តចំនួន៤ក្នុងស្រុកបាទី ខេត្តតាកែវ រួមមាន វត្តអង្គសឹង្ហ ស្ថិតនៅឃុំចំបក់ វត្តភ្នំតូច វត្តអង្គ វត្តឆ្នាត់ ស្ថិតនៅឃុំត្នោត ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំមន្រ្តីរាជការក្រសួងព្រះបរមរាជវាំង ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធចំណុះរដ្ឋបាលខេត្តតាកែវ លោក ភួន ឈីម អភិបាលស្រុកបាទី តាជី យាយជី សីលវន្ត សីលវត្តី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ។

មានប្រសាសន៍សំណេះសំណាលក្នុងពិធីនោះ សម្ដេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានថ្លែងថា ពិធីបុណ្យចូលព្រះវស្សាគឺជាពិធីបុណ្យមួយដែលមានសារៈសំខាន់ក្នុងព្រះពុទ្ធសាសនា។ ជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេបានរៀនធម៌ និងវិន័យយ៉ាងខ្ជាប់ខ្ជួនតាមពុទ្ធឱវាទ។ បងប្អូនដែលជាអ្នកមានជំនឿទៅលើព្រះពុទ្ធសាសនា តែងតែនាំគ្នាប្រារព្ធពិធីបុណ្យនេះដោយនាំយកជាសាដក អង្ករ ភេសជ្ជៈ និងរបស់ប្រើប្រាស់ផ្សេងៗ ទៅប្រគេនព្រះសង្ឃតាមលទ្ធភាព។ ពិធីបុណ្យចូលព្រះវស្សាគឺជាការរៀបចំឱ្យឈប់សម្រាកនៅទីណាមួយ ឬក្នុងវត្តអារាមណាមួយក្នុងរយៈពេល៣ខែក្នុងរដូវធ្លាក់ភ្លៀង និងមិនអនុញ្ញាតឱ្យព្រះសង្ឃនិមន្តទៅទីឆ្ងាយ ដោយដាច់រាត្រីឆ្លងថ្ងៃនោះឡើយ។លើកលែងតែមានភារកិច្ចសំខាន់ចាំបាច់ ដូចជាឪពុកម្តាយឈឺធ្ងន់ ឬនិមន្តទៅសម្តែងធម៌ជាដើម ដោយតាំងចិត្តត្រឡប់មកវិញក្នុងរយៈពេល៧ថ្ងៃ។

ពិធីបុណ្យចូលព្រះវស្សាប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំចាប់ពីថ្ងៃ១រោច ខែអាសាឍ ដល់ថ្ងៃ១៥កើត ខែអស្សុជ។ តែពិធីត្រូវបានចាប់ផ្តើមនៅល្ងាចថ្ងៃទី១៥កើត ខែអាសាឍ ដោយមានការចូលរួមពីសំណាក់បងប្អូន និងចាស់ទុំចំណុះជើងវត្ត នាំគ្នាហែទៀនវស្សា សំពត់ សាដក និងសម្ភារប្រើប្រាស់ផ្សេងៗ ហែជុំវិញព្រះវិហារ និងបន្ទាប់មកសម្តែងធម៌ទេសនា វេរទៀនវស្សានិងសម្ភារប្រគេនព្រះសង្ឃ។ នៅពេលព្រឹកឡើងនៅថ្ងៃ១រោចខែអាសាឍ មានម្ហូបអាហារ បង្អែម ប្រគេនដល់ព្រះសង្ឃ ហើយក្នុងអំឡុងពេល៣ខែនេះ បងប្អូនដែលមានទម្លាប់គោរពព្រះពុទ្ធសាសនា ក៏និយមបន្តធ្វើម្ហូបនំចំណី និងគ្រឿងប្រើប្រាស់ផ្សេងៗមកប្រគេនព្រះសង្ឃ ជាបន្តបន្ទាប់សម្រាប់ផ្គត់ផ្គង់ព្រះសង្ឃ គង់ចាំព្រះវស្សាក្នុងអំឡុងពេលនេះដែរ។

សម្ដចមហាមន្ត្រី គុយ សុផល បានមានប្រសាសន៍បន្ថែមថា ក្រៅពីរបស់ប្រើប្រាស់ និងម្ហូបអាហារ បងប្អូនខ្មែរក៏បានជាវទៀនវស្សាទៅប្រគេនព្រះសង្ឈផងដែរ ព្រោះយើងមានជំនឿថាពន្លឺទៀនគឺជួយបំភ្លឺអនាគតជាតិឱ្យភ្លឺស្រស់បំព្រង និងមានសេចក្តីសុខចម្រើន ដោយអំពើល្អសេចក្តីល្អ ហើយគេត្រូវរក្សាភ្លើងទៀនឱ្យឆេះជាប់រហូតគ្រប់រយៈពេលបីខែ។ មួយវិញទៀតនេះជាការជួយដល់វត្តអារាម ក្នុងការមានទៀនប្រើប្រាស់ដើម្បីដុតបំភ្លឺនៅពេលយប់ផងដែរ៕
ដោយ អ៊ុច សៀង





